ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិកអាជ្ញាធរជាតិអប្សរា ចំនួន១៥រូប ទទួលបានការអប់រំ បណ្ដុះបណ្ដាល ផ្នែកធារាសាស្ដ្រ

170

សៀមរាប៖មន្រ្តីនិងបុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួន១៥នាក់ បានទទួលការបណ្ដុះ បណ្ដាល ទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ដ,ការសិក្សាទៅលើស្រទាប់ដី និងការប្រើ ប្រាស់ ម៉ាស៊ីនGPR, DCPT,MASW នៅតាមបុរាណដ្ឋានពីអ្នកឯកទេសពីប្រទេសកូរ៉េ ។
លោកJeoungJae Hyeung មន្រ្តីនៃនាយកដ្ឋានស្រាវជ្រាវវិស្វកម្មភូមិសាស្ត្រនៃ វិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បានឱ្យដឹងថា គម្រោង បណ្ដុះបណ្ដាល ប្រព័ន្ធគ្រប់គ្រងទឹកនៅព្រះលានជល់ដំរី មានរយៈពេល ៤ថ្ងៃ គឺពីថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ២០២៣។ វគ្គបណ្ដុះ
បណ្ដាលនេះ ផ្ដោតសំខាន់លើការសិក្សា លក្ខណៈដី ការរៀបចំដី ការអង្កេតដីលក្ខណៈ ភូមិសាស្រ្ដការវិភាគលើទឹកក្រោមដីនិងលើដី និងការប្រើប្រាស់ឧបករណ៍ដើម្បីវិភាគ។ល។ ក្រៅពីសិក្សាទ្រឹស្តី សិក្ខាកាមទាំងអស់ ក៏បានចុះទៅសិក្សា និងអនុវត្តន៍ដោយផ្ទាល់នៅការដ្ឋាន ព្រះលានជល់ដំរី និងក្រុម ប្រាសាទព្រះពិធូផងដែរ។ គម្រោងខាងលើបានជ្រើស រើសទីតាំងនេះ ដោយព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ ជាគម្រោងដែលកំពុងធ្វើការជួសជុលដោយបានការគាំទ្រនិង កិច្ចសហប្រតិបត្តិការពីស្ថាប័ន ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈ មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF)។
លោក Jang Cheol-Hee មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រវារី និងវិស្វកម្ម នៃស្ថាប័ន KICT មានប្រសាសន៍ថា៖ ប្រព័ន្ធធារាសាស្រ្ដ មានសារៈសំខាន់ សម្រាប់ប្រទេសនីមួយៗ ហើយវាកាន់តែសំខាន់ សម្រាប់ប្រទេសដែលមានអគារខ្ពស់ៗ ដូចជាកូរ៉េជាដើម។
លោកបន្តថា៖ វាជាចំណុចល្អមួយដែលកម្ពុជា អាចរៀនពីការងារគ្រប់ គ្រងទឹកពី ប្រទេសកូរ៉េ ដើម្បីទទួលបានចំណេះដឹងសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ ចំពោះស្ថាន ភាពប្រព័ន្ធគ្រប់គ្រងទឹកនៅព្រះលានជល់ដំរី លោក Jang Cheol-Hee ពន្យល់ថា ដីមានស្ថាន ភាពមិនសូវជ្រាបទឹកល្អ ដែលត្រូវការសិក្សាបន្ថែមទៀត ដើម្បីរកដំណោះស្រាយ ដើម្បីបញ្ចៀ សទឹកពេលមានទឹកជន់ច្រើន។
លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា និងជាសិក្ខាកាមមួយរូបដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល គឺវាយ តម្លៃខ្ពស់ចំពោះការសិក្សានេះ។
លោកយល់ថា ជាការល្អប្រសើរសម្រាប់បុគ្គលិក មន្រ្តី អាជ្ញាធរជាតិអប្សរា ដែល ទទួលការបណ្ដុះបណ្ដាលបន្ថែមដែលអាចពង្រឹងចំណេះដឹង និងវិធីសាស្រ្ដក្នុងការចូល រួមអភិរក្សក្នុងតំបន់អង្គរ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង