ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន បានជំរុញឲ្យមន្ដ្រី ធ្វើអធិការកិច្ច អង្គភាពមានហានិភ័យ ខ្ពស់ ពាក់ព័ន្ធ អំពើពុករលួយឲ្យបានទៀងទាត

58

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បាន ដាស់តឿន ដល់ មន្ត្រីក្រោមឱវាទ ត្រូវតែពង្រឹង ការចុះ ធ្វើ អធិការកិច្ច ចំពោះ អង្គភាព មាន ហានិភ័យ ពាក់ព័ន្ធ នឹង អំពើពុករលួយ ឬ កិបកេង ថវិការដ្ឋ ។
ក្នុងពិធីបើកសន្និបាត បូកសរុប លទ្ធផល ការងារ ឆ្នាំ ២០២២ និង លើក ទិសដៅ អនុវត្ត ឆ្នាំ២០២៣ នៅថ្ងៃទី ៧ ខែកុម្ភៈ នេះ លោកជំទាវ ម៉ែន សំអន បាន មានប្រសាសន៍ថា មន្ត្រីរាជការ គ្រប់លំដាប់ ថ្នាក់ ត្រូវខិតខំ បំពេញការងារ ទៅតាម តួនាទី ដោយ ទទួលខុសត្រូវ ខ្ពស់ ដើម្បី បង្កើតសមិទ្ធផលជូន ក្រសួង និង ត្រូវ ពង្រឹង វិន័យ ការងារ ដោយ ត្រូវមាន វត្តមាន ឱ្យបានជាប់ជាប្រចាំ និង បន្ត បំពេញការងារ ជាធម្មតា ដោយត្រូវតាមដាន ព័ត៌មាន និង ស្រាវជ្រាវ ឯកសារ គោលនយោបាយ លិខិតបទដ្ឋាន គតិយុត្តនានា ដែល ពាក់ព័ន្ធ នឹង ការងារ ក្រសួង ដើម្បី ពង្រឹងសមត្ថភាព ជំនាញ ទៅតាម តួនាទី និង ភារកិច្ច។
លោកជំទាវបានបន្តថា ក្នុងពេលបំពេញបេសកកម្ម ត្រូវគោរព ឱ្យបាន ខ្ជាប់ខ្ជួន និង ម៉ឺងម៉ាត់ ទៅតាម ក្រមសីលធម៌ មន្ត្រីរាជការ អធិការកិច្ច ក្នុងនោះ តម្រូវ ឲ្យ មន្ត្រី អធិការកិច្ច ត្រូវ ឈរលើ គោលការណ៍ គ្រឹះ សុចរិតភាពភាព មិនលំអៀង សមត្ថភាព វិជ្ជាជីវៈ ឯករាជ្យភាព ត្រូវមាន ភាពទន់ភ្លន់ តែ ម៉ឺងម៉ាត់ ដោយ យក ច្បាប់ ជាធំ។ ត្រូវ ពង្រឹង ប្រសិទ្ធភាព ក្នុង បេសកកម្ម ចុះ ធ្វើ អធិការកិច្ច ការអង្កេត ស្រាវជ្រាវ ពាក្យបណ្តឹង និង ការតាមដាន ការអនុវត្ត ច្បាប់ តាមរយៈ ការរក ព័ត៌មាន ឲ្យ មាន តុល្យភាព ច្បាស់លាស់ មាន ភស្តុតាង និង ឯកសារ សម្អាង គ្រប់គ្រាន់។
លោកជំទាវ ម៉ែន សំអន បាន បន្ថែមថា ត្រូវ ចុះ ធ្វើ អធិការកិច្ច លើ អង្គភាព ណា ដែលមាន ហានិភ័យ ខ្ពស់ ដូចជា អង្គភាព រក ចំណូល និង ចំណាយ ថវិការដ្ឋ ច្រើន ដែល អាចទាក់ទង នឹង អំពើពុករលួយ ឬ ការ កិបកេង ថវិការដ្ឋ។ ផ្នែក ដទៃទៀត ជាពិសេស ការផ្សព្វផ្សាយ ច្បាប់ ការទទួល និង ដោះស្រាយ ពាក្យបណ្ដឹង និង ការតាមដាន ការអនុវត្ត ច្បាប់ ត្រូវធ្វើ បន្ត ជាធម្មតា ។
សូមបញ្ជាក់ថា កាលពី ឆ្នាំ ២០២២ ក្រសួង បាន ចុះ ផ្សព្វផ្សាយ ច្បាប់ នៅ គ្រប់ ខេត្ត – រាជធានី ដើម្បី លើកតម្កើង ការយល់ដឹង អំពី ច្បាប់ សំខាន់ៗ នានា ជូន ប្រជាពលរដ្ឋ ជាពិសេស យុវជន និង សិស្សៗ ។ ក្រសួង ក៏បាន បណ្តុះបណ្តាល មុខជំនាញ ទាក់ទង នឹង អធិការកិច្ច ដល់ មន្ត្រីរាជការ ក្រសួង និង មន្ត្រី អធិការកិច្ច តាម ក្រសួង ស្ថាប័ន ផ្សេងៗ ផង ដើម្បី សម្រេចបាន នូវ គោលដៅ អនាគត ឆ្នាំ ២០២៣ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង