ក្លិបអ្នកកាសែតកម្ពុជា បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំ បង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា
ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា អនុសាសន៍របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក ) បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា។
គណៈកម្មាធិការនាយក ក.អ.ក យល់ឃើញថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានពិតជាសំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសម្រាប់ស្ថានភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា។
ផ្តើមពីកិច្ចប្រជុំថ្ងៃនេះ គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីពិនិត្យសិក្សាស្រាវជ្រាវក្រមសីលធម៌ពីបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនទៀត ដើម្បីបំពេញបន្ថែមលើក្រមសីលធម៌របស់ក្លិបអ្នកកាសែតកម្ពុជាឱ្យកាន់តែប្រសើរជាងបច្ចុប្បន្ន និងឲ្យស្របតាមការវិវត្តន៍នៃយុគ្គសម័យឌីជីថល។
ដើម្បីបន្តការងារនេះ ឲ្យរលូន និងឲ្យមានប្រសិទ្ធភាព គណៈកម្មាធិការនាយក ក៏នឹងបង្កើតគណៈកម្មការមួយទៀត ដែលនឹងមានសមាសភាពចម្រុះមកពីស្ថាប័នពាក់ព័ន្ធនិងអ្នកជំនាញជាច្រើនទៀត រួមទាំងផ្នែកច្បាប់ផង ដើម្បីសិក្សាលម្អិត និងស៊ីជម្រៅមុននឹងឈានទៅបង្កើត ឲ្យចេញជារូបរាងនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន។
ក.អ.ក នឹងបង្កើតវេទិការពិភាក្សា និងផ្សព្វផ្សាយក្រមសីលធម៌សារព័ត៌មានជាបន្តបន្ទាប់ និងជាទ្រង់ទ្រាយធំ ជាលើកដំបូងនៅអំឡុងដើមខែមេសាខាងមុខនេះ ដោយចាប់ផ្តើមពីសមាជិក សមាជិកា ក.អ.ក ប្រមាណជាង៥០០នាក់ មកពី១៧២ស្ថាប័ន ដើម្បីសមាជិក សមាជិកា ក.អ.ក ទទួលបាននូវខ្លឹមសាររួមនៃក្រមសីលធម៌សារព័ត៌មាន និងជំរុញឲ្យមានការលើកកម្ពស់ គោរពក្រមសីលធម៌ដោយការទទួលខុសត្រូវខ្ពស់ ។
គណៈកម្មាធិការនាយក ក.អ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងព័ត៌មានដែលតែងតែគាំទ្ររាល់គំនិតផ្តួចផ្តើមរបស់ ក.អ.ក ពិសេសគំនិតផ្តួចផ្តើម ស្តីពីការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ សារព័ត៌មាន ដើម្បីជាប្រយោជន៍របស់អ្នកសារព័ត៌មានទាំងអស់៕