ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២

76
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អគ្គនាយក ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមអភិបារាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថាព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប្រតិភូកីឡា និងមហាជនជាតិ និងអន្តរជាតិជាច្រើន ទាមទារឱ្យមានការពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់បានល្អប្រសើរ ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថាកម្ពុជាបានខកខានរៀបចំជាច្រើនឆ្នាំមកហើយ ក្រោយពីបានចូលជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ដូច្នេះការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធលើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈពិតជាមានសារៈសំខាន់ ពិសេសកិច្ចការពារសុវត្ថិភាពទាំងនៅកន្លែងប្រកួតនៅរាជធានីភ្នំពេញ និងខេត្ត។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រធានគណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៃគណៈកម្មាធិការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(CAMSOC)បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម នាយករដ្ឋមន្រ្តីស្ដីទី និងអង្គប្រជុំ អំពីផែនការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មានប្រសាសន៍ថាផែនការនេះ បានកសាងឡើងផ្អែកលើមូលដ្ឋាន ៣ចំណុច រួមមានការវាយតម្លៃពីសភាពការណ៍ក្នុង និងក្រៅប្រទេស ការអនុលោមតាមកម្មវិធីសន្តិសុខ និងការសិក្សាផ្ទាល់អំពីភូមិសាស្រ្ត ប្រជាសាស្រ្ត និងស្ថានភាពជាក់ស្ដែង ដើម្បីការពារឱ្យបានជាដាច់ខាតនូវសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីបង្កើនកិត្យានុភាពកម្ពុជា។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីប្រតិភូកីឡាមកពី១២ប្រទេស រួមមានប្រទេសសមាជិកអាស៊ានបូកទាំងទីម័រឡេស្តេ និងប្រទេសអូស្ត្រាលីដែលបានបញ្ជូនប្រតិភូកីឡាបាល់ទាត់ ៕
 
អត្ថបទដែលជាប់ទាក់ទង