ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសភាតំណាងប្រជាជនចិន

84

 

ប្រទេសចិន ៖ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម លី ជានស៊ូ (Li Zhanshu) ប្រធានសភាតំណាងប្រជាជនចិន។ ក្នុងជំនួបនោះ ឯកឧត្តម លី ជានស៊ូ មានប្រសាសន៍សំដែងនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត។

វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់រដ្ឋធានីប៉េកាំង ដែលជាភ្ញៀវទី១របស់ពិភពលោក មកាន់ប្រទេសចិន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិបានបញ្ចប់ទៅ កាលពីពេលថ្មីៗកន្លងទៅ។
សម្តេចតេជោមានប្រសាសន៍ថា កាលពី៣ឆ្នាំមុនគឺនៅថ្ងៃទី៥កុម្ភៈឆ្នាំ២០២០ សម្តេចបាន បំពេញទស្សនកិច្ចរដ្ឋធានីប៉េកាំង ស្របពេលនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងខ្លាំង ក្នុងប្រទេសចិន។ សម្តេចតេជោបន្តថា សម្តេចអញ្ជើញទៅកាន់ប្រទេសចិននៅពេលនោះ គឺដើម្បីគាំទ្រនិងជួយដល់ប្រជាជនចិន ពោលគឺយើងមិនស្រឡាញ់គ្នាតែក្នុងពេលសប្បាយនោះទេ គឺត្រូវយកអាសាគ្នាក្នុងពេលមានទុក្ខលំបាកដូចគ្នា និងម៉្យាងវិញទៀតគឺដើម្បីលើកទឹកចិត្តដល់ជនជាតិកម្ពុជា ពិសេសនិស្សិកម្ពុជាដែលសិក្សានៅប្រទេសចិន ឲ្យមានភាពកក់ក្តៅមិនរត់ចោលគ្នា។
ក្នុងជំនួបសំដែងការគួរសមនោះដែរ សម្តេចតេជោ និងឯកឧត្តមប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន បានឯកភាពគ្នាក្នុងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរកម្ពុជា ចិន ពិសេសការជំរុញទំនាក់ទំនងរវាងស្ថាប័ននិតិបញ្ញាត្តិនៃប្រទេសទាំងពីរកម្ពុជា ចិន ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង