សមត្ថកិច្ច បង្រ្កាបករណីបើកលេងល្បែងឆ្នោតឡូតូ នៅ ទល់មុខស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបទៅនឹងបណ្តាញសង្គមដែលបានផ្សព្វផ្សាយថា មានករណីបើកលេងល្បែងឆ្នោតឡូតូ យ៉ាងអាណាធិបតេយ្យនៅចំណុចតារាងបាល់ទះ ទល់មុខស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ បុគ្គលិកក្រុមហ៊ុនទាំង០២នាក់ ត្រូវឃាត់ខ្លួន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ណែនាំ ហាមមិនឱ្យដាក់ទីតាំងនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៀតឡើយ រួចឱ្យត្រឡប់ទៅគេហដ្ឋានវិញ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចុះបង្រ្កាបទីតាំងខាងលើជាលទ្ធផល បង្រ្កាបល្បែងកត់ឆ្នោតឡូតូ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤និង០០នាទី
ចំណុចតារាងបាល់ទះមាត់ស្ទឹងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យ ចំនួន ០២នាក់
១.ឈ្មោះ អាន លីហ្សា ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកឆ្នោតក្រុមហ៊ុនលាភមហាសម្បត្តិ (ឃាត់ខ្លួន)។
២.ឈ្មោះ ម៉ី រដ្ឋា ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកឆ្នោតក្រុមហ៊ុនលាភមហាសម្បត្តិឡូតូ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក
១.សៀវភៅកត់ចំណូលចំណាយ ០១ក្បាល។
២.កុំព្យូទ័រលែបថប (Laptop) ០១គ្រឿង។
៣.ដុំវ៉ាយហ្វាយ (WiFi) ០១។
៤.កាបូបស្ពាយ ០១។
៥.ប្រាក់រៀល ចំនួន ៩១ម៉ឺនរៀល។
៦.លិខិតអនុញ្ញាតចេញដោយរដ្ឋបាលខេត្តកណ្តាល ឯកសារចុះថ្ងៃទី០៥/១២/២០២២។
៧.លិខិតអនុញ្ញាតចេញដោយទីស្តីការគណ:រដ្ឋមន្រ្តី ឯកសារចុះថ្ងៃទី១១/១២/២០២០។
៨.លិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ ឯកសារចុះថ្ងៃទី២៧/០១/២០២១។
៩.អាជ្ញាបណ្ណល្បែងផ្សងសំណាង ឯកសារចុះថ្ងៃទី៣១/០៨/២០២២។
១០.បណ្ណពន្ធប៉ាតង់ឆ្នាំ២០២២ ឯកសារចុះថ្ងៃទី១១/១០/២០២២ ។
១១.វិញ្ញាបនបត្រចេញដោយក្រសួងពាណិជ្ជកម្ម ឯកសារចុះថ្ងៃទី២៥/១២/២០២០។
ចំពោះករណីនេះ ក្រុមហ៊ុនមានអាជ្ញាបណ្ណស្របច្បាប់ និងមានសុពលភាព។ ប៉ុន្តែក្រុមហ៊ុនខាងលើបានមកដាក់ទីតាំងល្បែងឆ្នោតឡូតូ នៅមុខបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយកម្លាំងទើបតែដឹងធ្វើការបង្រ្កាបតែម្តង។
បច្ចុប្បន្នបុគ្គលិកក្រុមហ៊ុនទាំង០២នាក់ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ណែនាំ ហាមមិនឱ្យដាក់ទីតាំងនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៀតឡើយ រួចឱ្យត្រឡប់ទៅគេហដ្ឋានវិញ៕