ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិវៀតណាម៣នាក់

121

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ ដោយចាប់ខ្លួនជនជាតិវៀតណាម៣នាក់។ នេះបើតាម ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ។

ជនសង្ស័យជនជាតិវៀតណាម ដែលត្រូវបានឃាត់ខ្លួននេះ រួមមាន ទី១៖ ឈ្មោះ NGUENG VAN PHUONG ភេទប្រុស អាយុ១៨ឆ្នាំ (គ្មានលិខិតឆ្លងដែន) មុខរបរជាងកាត់សក់។ ២៖ ឈ្មោះ VO HONG QUAN ភេទប្រុស អាយុ២៤ឆ្មាំ (គ្មានលិខិតឆ្លងដែន) មុខរបរជាងកាត់សក់ចល័ត ហើយចូលមកប្រទេសកម្ពុជាតាមច្រករបៀងបាវិត តាមរយៈម៉ូតូឌុប។ ទី៣៖ ឈ្មោះ DOAN QUOC ភេទប្រុស អាយុ២៤ឆ្មាំ មុខរបរ រត់តាក់សុី ជនជាតិវៀតណាម ជាមេការចាត់ចែងរៀបចំរកកន្លែងបង្ខាំងជនរងគ្រោះ និងជាអ្នកចែកប្រាក់ដល់សមាជិកក្រុម។

ការបង្ក្រាបករណីខាងលើនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា៖ មានស្ត្រីម្នាក់បក់ដៃស្រែកហៅឱ្យជួយតាមបង្អួចផ្ទះល្វែងមួយ ស្ថិតនៅក្នុងបូរី BS អូ១ ក្រុមទី១៧ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងពេលប្រត្តិបត្តការណ៍ បានជួយសង្គ្រោះជនរងគ្រោះចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម៖១៖ ឈ្មោះ HOANG VAN SI ភេទប្រុស អាយុ៤៥ឆ្មាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន)២៖ ឈ្មោះ NAY CHiNY ភេទប្រុស អាយុ២៨ឆ្មាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន)៣៖ ឈ្មោះ HOANG THi VAN ភេទស្រី អាយុ៤៧ឆ្មាំជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន)។ អ្នកទាំងបីបានចូលមកប្រទេសកម្ពុជា មានអ្នកជូនតាមម៉ូតូតាមច្រករបៀងបាវិត ដោយគ្មានលិខិតឆ្លងដែន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយជិះតាក់សុីឆ្ពោះមកខេត្តព្រះសីហនុតែម្តង។

តាមចម្លើយ សារភាពរបស់ជនសង្ស័យឈ្មោះ DOAN QUOC ដែលត្រូវបានឃាត់ខ្លួន បានឧ្យិដឹងទៀតថា៖ ចាប់តាំងពីកំឡុងខែធ្នូ ឆ្នាំ២០២២ គេបានស្គាល់ជាមួយឈ្មោះ HUNG ភេទប្រុស ជនជាតិវៀតណាម តាមរយៈលេខទូរស័ព្ទក្នុងពេលរត់តាក់ស៊ី ហើយឈ្មោះ DOAN QUOC ជាអ្នកចាំទទួលភ្ញៀវដែលឈ្មោះ HUNG ឱ្យមកពីប្រទេសវៀតណាមមករកការងារធ្វើនៅខេត្តព្រះសីហនុ។ រយៈកាលកន្លងមក ខ្លួនធ្វើសកម្មភាពជំរិតទាប្រាក់បាន២ករណី មានជនរងគ្រោះ៤នាក់ ហើយឈ្មោះ HUNG បានឱ្យប្រាក់មកខ្លួន (DOAN QUOC) ចំនួន១៨០០ដុល្លារ និងឈ្មោះ VO HONG QUAN បានចំនួន៤០០ដុល្លារ ហើយពួកគេមិនបានដឹងថា ឈ្មោះHUNG ទទួលប្រាក់ពីក្រុមគ្រួសារប៉ុន្មានឡើយ ហើយករណីទី០៣ នេះក្នុងពេលដែលពួកគេកំពុងយាមជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដែរ ក្នុងនោះមានដូចជា៖ ខ្នោះ, ពិលឆក់, ដំបងឆក់ , រថយន្តព្រួស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ:2BH.3961, ទូរស័ព្ទដៃចំនួន០៤គ្រឿង និងលិខិតឆ្លងដែន០១សន្លឹក។

បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះខាងលើ ត្រូវបានកម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវរកបក្ខពួកបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង