ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ សម្រេចលុបចោលអាជ្ញាប័ណ្ណ វិទ្យុវីអូឌី(VOD)

163

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងខ្លាំងថា មិនអាចទទួលយកបានឡើយ នូវការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសរបស់វិទ្យុវីអូឌី(VOD) ហើយសម្តេចបានសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មាន លុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣កុម្ភៈ២០២៣ជាកំហិត និងសូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែង
រកការងារធ្វើនៅកន្លែងផ្សេងទៀត។

តាមរយៈសារដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃទី១២ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យ វាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។
តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តមផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។ ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈ
ពេលជាង៤៤ឆ្នាំ ខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់ នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួន ដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគី ដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូន
ដែលកូននោះគឺហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា “ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយក ការសំដែងការសោកស្តាយ និងសូមការអធ្យាស្រ័យ ជំនួសឲ្យការសុំទោសរបស់អស់លោក ដែលជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាល ដែលត្រូវការពារ
កិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង10.00នាទីថ្ងៃ១៣កុម្ភៈ២០២៣ជាកំហិត”។

សូមសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ជួយការពារសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិនៃវិទ្យុនេះ ឲ្យបានគង់វង្ស។
យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់គេទេ។
សូមមិត្តភក្តិបរទេស ដែលផ្តល់លុយឲ្យវិទ្យុនេះ បង្វឹលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែង
រកការងារធ្វើនៅកន្លែងផ្សេងទៀត៕

 

អត្ថបទដែលជាប់ទាក់ទង