UN បានលើកឡើងពីការខ្វះខាត ក្នុងការដឹកជញ្ជូនជំនួយ ដែលមានតម្រូវការខ្លាំង ទៅកាន់តំបន់ដែលហែកហួរ ដោយសង្គ្រាមនៃប្រទេសស៉ីរី
ដាម៉ាស់៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានលើកឡើងពីការខ្វះខាតក្នុងការដឹកជញ្ជូនជំនួយដែលមានតម្រូវការខ្លាំង ទៅកាន់តំបន់ដែលហែកហួរដោយសង្គ្រាមនៃប្រទេសស៉ីរី ខណៈចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏សាហាវ ក្នុងប្រទេសតួកគីនិងស៉ីរី បានកើនឡើងលើសពី ៣៣,០០០នាក់ ចំពេលដែលការព្រមានថាចំនួននឹងកើនឡើងបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្បួនរថយន្តដឹកជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ផ្គត់ផ្គង់ដល់តំបន់ភាគពាយ័ព្យនៃប្រទេសស៉ីរី បានចូលទៅដល់ទីនោះតាមរយៈទីក្រុងរបស់ប្រទេសតួកគី ប៉ុន្តែប្រធានទីភ្នាក់ងារផ្តល់ជំនួយរបស់ UN លោក ម៉ាទីន ហ្រ្គីហ្វហ្វីដ (Martin Griffiths) បាននិយាយថា ត្រូវការជំនួយជាច្រើនទៀតសម្រាប់មនុស្សរាប់លាននាក់ដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានឲ្យដឹងថា ក្បួនរថយន្តចំនួន ១០គ្រឿងរបស់អង្គការសហប្រជាជាតិ ដែលផ្ទុកនូវតង់ កំរាលជ័រ ខ្សែពួរ ភួយ ពូក និងកំរាលព្រំ បានឆ្លងកាត់ចូលទៅក្នុងភាគពាយព្យនៃប្រទេសស៉ីរី តាមរយៈច្រកព្រំដែនបាប់ អាល់ហាវ៉ា (Bab al-Hawa)។ Bab al-Hawa គឺជាចំណុចតែមួយគត់សម្រាប់នាំយកជំនួយអន្តរជាតិ ទៅឲ្យប្រជាជននៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមនៃប្រទេសស៉ីរី បន្ទាប់ពីសង្គ្រាមស៊ីវិលជិត ១២ឆ្នាំ ហើយច្រកឆ្លងកាត់ផ្សេងទៀតត្រូវបានបិទក្រោមសម្ពាធពីប្រទេសចិន និងរុស្ស៉ី។
គួរបញ្ជាក់ថា ការបញ្ជូនជំនួយមានភាពយឺតយ៉ាវដើម្បីចូលទៅដល់ប្រទេសស៉ីរីដែលស្ថិតក្នុងជម្លោះជាច្រើនឆ្នាំមកនេះ ខណៈប្រព័ន្ធថែទាំសុខភាពរងនូងការបំផ្លាញ ហើយផ្នែកខ្លះនៃប្រទេសនេះនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុឧទ្ទាម ដែលកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក បាសា អាល់ អាសាដ (Bashar al-Assad) ដែលជាប់ទណ្ឌកម្មរបស់លោកខាងលិច៕