សមត្ថកិច្ចខេត្តកណ្តាល ច្រានចោលព័ត៌មាន លើបណ្តាញសង្គម ដែលមានការបង្ហោះថា នៅម្តុំSky Land 7NG មានពួកជនពាលជិះឡាន ចាប់មនុស្សចូលឡាន
ខេត្តកណ្តាល ៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ ផ្កាព្រៃ ស្រទាប់មាស និងគណនីហ្វេបុក ភគវតី សិរីចក្រពត្កិ ដែលបានបង្ហោះផ្សព្វផ្សាយ ដែលមានខ្លឹមសារ៖ គណនីហ្វេប៊ុកឈ្មោះ ផ្កាព្រៃស្រទាប់មាស មានខ្លឹមសារថា «សូមបងប្អូនមិត្តនារីៗមេត្តាប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ រឿងនេះបានកើតលើរូបខ្ញុំផ្ទាល់ដោយសារការធ្វេសប្រហែសហើយក៏សុំអរគុណ ដល់អ៊ុំពូមីងដែលជួយខ្ញុំឲ្យរួចពីពួកជនកំណាចទាំងអស់នោះ #ករណីចាប់ចំរិតនៅ7NG» ។
– គណនីហ្វេប៊ុកឈ្មោះ ភគវតី សិរីចក្រពត្កិ មានខ្លឹមសារថា៖ «នៅម្តុំSky Land 7NG មានពួកជនពាលជិះឡានចាប់មនុស្សចូលឡាន កើតឡើងចំពោះមិត្តរួមថ្នាក់របស់ខ្ញុំផ្ទាល់ ផ្កាព្រៃស្រទាប់មាស ចេះសំណាងមានបងប្អូននៅទីនោះជួយទាន់ ប្រុងប្រយ័ត្នផងបងៗមិត្តនារី» ។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកវសេនីយ៍ឯក ម៉ែន សុខឃឿន ឋានៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ស្រាវជ្រាវករណីខាងលើជាបន្ទាន់។
ជាលទ្ធផល៖
នៅថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង ៩:០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង បានចុះស្រាវជ្រាវ ក្នុងនោះបានអញ្ជើញឈ្មោះ វ៉ាន់ស៊ី ដាណែត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាម្ទាសើគណនីហ្វេសប៊ុកឈ្មោះ ភគវតី សិរីចក្រពត្កិ បានបំភ្លឺថា ខ្លួនបានព័ត៌មានខាងលើនេះពីគណនីហ្វេសប៊ុកឈ្មោះ ផ្កាព្រៃស្រទាប់មាស ដោយខ្លួនពុំដឹងហេតុការណ៍នេះទេ ក្នុងនោះខ្លួនក៏បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនហើយបង្ហោះទៅ។
– ចំពោះម្ទាស់គណនីហ្វេបុកឈ្មោះ ផ្កាព្រៃស្រទាប់មាស ទាក់ទងពុំបាន។
ករណីនេះ សមត្ថកិច្ចចុះស្រាវជ្រាវក្នុងតំបនក្រុមហ៊ុន7NG ឃើញថា ពុំមានករណីនេះកើតឡើងដូចគណនីហ្វេសប៊ុកទាំងពីរខាងលើបង្ហោះឡើយ៕