ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ៖ កំហុសសារព័ត៌មាន VOD ជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល

39

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញមកបញ្ជាក់ថា កំហុសរបស់​សារព័ត៌មាន VOD គឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាព​របស់រាជរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្ដីពីរបរសារព័ត៌មាន។

លោក ខៀវ កាញារីទ្ធ លើកឡើងបែបនេះក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួង​ព័ត៌​មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom ​នៅព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «កំហុសរបស់សារព័ត៌មាន VOD ក្នុងពេលនេះ គឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»

លោករដ្ឋមន្ដ្រី បន្ដទៀតថា «ស្ថាប័នសារព័ត៌មានណាមួយ ដែលបានផ្សព្វផ្សាយព័ត៌មាន ដោយធ្វើឱ្យមានការប៉ះពាល់ដល់ស្ថាប័ន អង្គភាព ឬបុគ្គលណាក្តី ហើយត្រូវបានគេធ្វើលិខិត សរសេរបំភ្លឺបកស្រាយ ហើយផ្ញើមកស្ថាប័នសារព័ត៌មាននោះ ឬមិនផ្ញើមកក្តី តែវាពាក់ពន្ធ័ដំណឹង​ដែលយើងបានផ្សាយ គឺត្រូវតែផ្សាយនូវខ្លឹមសារទាំងស្រុង។ បើមិនដូច្នេះទេ អាចប្រឈមមុខ​នឹងការ​យកអាជ្ញាបណ្ណផ្សាយ»

លោក ខៀវ កាញារីទ្ធ បានបន្ថែមថា ជាគោលការណ៍ការអនុវត្តនេះ ក្រសួងព័ត៌មាន ត្រូវតែធ្វើ​គ្រប់​អង្គភាពសារព័ត៌មាន មិនមែនតែសម្រាប់សារព័ត៌មាន VOD នោះទេ គឺអនុវត្តន៍គ្រប់សារព័ត៌មាន ដែលធ្វើខុសវិជ្ជាជីវៈ ព្រោះថាការមិនផ្សាយទាំងស្រុងនូវខ្លឹមសារ នៃការបកស្រាយរបស់គេវិញ មានចេតនាអ្វីផ្សេងពីនេះ។

លោកបន្តថា បើសិនជាសារព័ត៌មាននោះ បានផ្សាយការបកស្រាយនោះដែរ តែក្នុងន័យបំភ័ណ្ឌ​ការ​ពិត នៅពេលចេញផ្សាយរួចហើយ នឹងមានការស្រាវជ្រាវ ដើម្បីដាក់បន្ទុកបន្ថែមទៀត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញា បណ្ណ​ការផ្សាយរបស់សារព័ត៌មាន VOD ផ្លូវការចាប់ពីថ្ងៃនេះតទៅ។ ការសម្រេចលុបអាជ្ញា​បណ្ណ​នេះ គឺដោយសារសារព័ត៌មាន VOD បានប្រព្រឹត្តខុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយ​ព័ត៌មានមិន​ពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះ សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។

មុនឈានដល់ក្រសួងព័ត៌មានលុបអាជ្ញាបណ្ណសារព័ត៌មាន VOD, សម្តេចតេជោ ហ៊ុន សែន បានទុកពេលឱ្យស្ថារប័នសារព័ត៌មាននេះ សូមទោសចំពោះកំហុសនៃការផ្សាយរបស់គេ ដែលថាលោក ហ៊ុ​ន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅប្រទេសតួកគី ជំនួសសម្តេច។

ប៉ុន្តែសារព័ត៌មាននេះ មិនបានសូមទោសនោះឡើយ។ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង