ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំសន្តិភាពមកឲ្យកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយឥតសំណង និងការផ្ដល់ជំនួយបច្ចេកទេស យ៉ាងច្រើនសន្ធឹកសន្ធាប់

85

 

ភ្នំពេញ៖ ប្រទេសជប៉ុនមានទំនាក់ទំនងការទូតជាមួយនឹងប្រទេសកម្ពុជា បានយ៉ាងរឹងមាំ ខណៈដែលជប៉ុនជាប្រទេសមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំសន្តិភាពមកឲ្យកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយឥតសំណង និងការផ្ដល់ជំនួយបច្ចេកទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត ។ នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមជាមួយនឹងលោកអូអ៊ិណូ អាត់ស៊ូហ្ស៊ីឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាម ប្រជាពលរដ្ឋកម្ពុជា លោកពិតជាអរគុណចំពោះប្រទេសជប៉ុន ដែលបានផ្ដល់ជំនួយឥតសំណងជូនកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយបច្ចេកទេសថែមទៀត។ លោកឃួង ស្រេងបន្តថា តាមរយៈ ការមិនឲ្យកម្ពុជាសងបំណុលដែលជំពាក់ដោយសង្គ្រាម ជាមួយនឹងការរួមចំណែកស្វែងរកសន្តិភាពឲ្យប្រទេសកម្ពុជា របស់ប្រទេសជប៉ុន វាពិតបានធ្វើឲ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពរឹងមាំនិងស្អិតរមួតទ្វេឡើង។

លោកឃួង ស្រេងបានបន្តទៀតថា ក្រោមជំនួយរបស់ប្រទេសជប៉ុន តាមរយៈចៃកា ធ្វើអោយរាជធានីភ្នំពេញ អាចកាត់បន្ថយបាននូវការលិចលង់មួយចំណែក។ ប្រជាពលរដ្ឋកម្ពុជាពិតជាពេញចិត្តពេញថ្លើមចំពោះ ការអភិវឌ្ឍន៍រាជធានីភ្នំពេញរបស់យើង។

បន្ថែមពីនេះទៀត លោកឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិសាស្រ្តរបស់កម្ពុជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាបានធ្លាក់ក្នុងរបបប៉ុលពត ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាធ្លាក់ចុះដល់ចំណុចសូន្យ។ ប៉ុន្តែក្រោយពី រំដោះប្រទេសជាតិចេញពីរបបនេះ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់និងបន្តរីកចំរើនមកដល់សព្វថ្ងៃនេះ និងបានធ្វើអោយប្រទេសកម្ពុជាមានមុខមានមាត់នៅលើឆាកអន្តរជាតិថែមទៀតផង។

លោកអូអ៊ិណូ អាត់ស៊ូហ្ស៊ី ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងផងដែរថា ប្រទេសជប៉ុននិងកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នាប្រមាណ ៧០ ឆ្នាំហើយ ។ ក្រៅពីទំនាក់ទំនងការទូតល្អជាមួយគ្នា ប្រទេសជប៉ុនក៏ជាប្រទេសមួយដែលបានរួមចំណែក នាំមកនូវសន្តិភាពជូនកម្ពុជាផងដែរ ។
លោកពិតជារីករាយចំពោះការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ បើទោះបីប្រទេសកម្ពុជាធ្លាប់បានធ្លាក់ក្នុងរបបខ្មែរក្រហមដល់ចំណុចសូន្យយ៉ាងណាក្តី ។

លោកអូអ៊ិណូ អាត់ស៊ូហ្ស៊ី បានបន្តទៀតថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ មិនថានៅកម្ពុជា ឬនៅប្រទេសជប៉ុននោះទេ សេដ្ឋកិច្ចប្រទេសសុទ្ធតែបានធ្លាក់ចុះ ។ តែពេលនេះនៅប្រទេសកម្ពុជា ក្រោយពីបើកសេដ្ឋកិច្ចឲ្យដំណើរការជាប្រក្រតីឡើងវិញ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្នុងនោះការវិនិយោគរបស់ជប៉ុននៅកម្ពុជាក៏មានការងើបឡើងវិញជាមួយគ្នានេះផងដែរ។

លោកបន្តទៀតថា ប្រទេសជប៉ុនបានជួយ រាជធានីភ្នំពេញ លើការដោះស្រាយបញ្ហាទឹកជំនន់ ដែលគម្រោងនេះទទួលបានជោគជ័យ។ ដោយឡែកចម្រាប់ បញ្ហាចរាចរណ៍ ជប៉ុនសន្យាថា នឹងរួមចំណែកដោះស្រាយជាមួយនឹងរាជធានីភ្នំពេញធ្វើយ៉ាងណាឲ្យបញ្ហាចរាចរណ៍អាចដោះស្រាយបាន។ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចង់បន្តកិច្ចសហការជាមួយរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង