ករណីពាក្យប្តឹងរាយការណ៍ ពីការយកលុយថ្លែធ្វើអត្តសញ្ញាណប័ណ្ណ និងបញ្ហាគ្រឿងញៀននៅ មូលដ្ឋានសង្កាត់ឫស្សីកែវ
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានទទួលពាក្យប្តឹងដែលបាន រៀបរាប់ថា នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានការកៀបយកលុយពីប្រជាពលរដ្ឋដែលមកស្នើសុំសេវាសាធារណៈ និងយកលុយចំពោះការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងតម្លៃខ្ពស់ ដោយមានការបញ្ជាពីចៅសង្កាត់ មេប៉ុស្តិ៍ ប្រធានភូមិ និងប្រជាការពារភូមិ ព្រមទាំងមានការចែកចាយគ្រឿងញៀនយ៉ាងអាណាធិបតេយ្យ ដោយគ្មានការបង្ក្រាបពីសំណាក់អាជ្ញាធរ ដោយសារតែមានប្រធានប្រជាការពារភូមិឈ្មោះ នៅ ចាន់ថន ជាអ្នកកាងឲ្យអ្នកចែកចាយទាំងនោះ។
លោក ឯក ឃុនខឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានបំភ្លឺមក អង្គភាពប្រឆាំងអំពើពុករលួយ ដោយលើកឡើងដូចខាងក្រោម៖
១. ករណីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទាំងសេវា សំណូមពរ និងសេវាតម្រូវការ គឺរដ្ឋបាលបានយក ចិត្តទុកដាក់អនុវត្តទៅតាមយន្តការច្រកចេញ-ចូលតែមួយ ដោយមានការបង់កម្រៃសេវាតាមការកំណត់នៃច្បាប់។ ខណ្ឌបានណែនាំសង្កាត់រៀបចំបង្កើតយន្តការផ្តល់សេវាច្រកចេញ-ចូល តែមួយនៅសាលាសង្កាត់ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២២ ពេលវេលាមិនលើសពីបីថ្ងៃ នៃថ្ងៃធ្វើការ។
២. ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃសេវា និងជំរុញឲ្យប្រជាពលរដ្ឋគ្រប់អាយុ ដែលបាត់ ឬខូចឲ្យមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីឲ្យប្រជាពលរដ្ឋមានឯកសារសម្រាប់យកទៅចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។ ចំណែកឯអ្នកពុំមានឯកសារ និងទីលំនៅ ច្បាស់លាស់គឺមិនផ្តល់អត្តសញ្ញាណប័ណ្ណជូនពួកគាត់ឡើយ។
៣. ចំពោះបញ្ហាគ្រឿងញៀនអាជ្ញាធរសង្កាត់ រួមជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលធ្វើការបង្ក្រាបជាប់ជាប្រចាំ និងមិន មានទីតាំងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានសង្កាត់ទេ ដោយខណ្ឌបានដឹកនាំធ្វើផែនការការពារ និង បង្ក្រាបការចែកចាយគ្រឿងញៀន ហើយបានចុះតាមតំបន់ស្មុគស្មាញ និងប្រមូលអ្នកប្រើប្រាស់គ្រឿងញៀន ទៅមណ្ឌលអប់រំ និងកែប្រែជាបន្តបន្ទាប់ផងដែរ។
៤. ករណីចោទប្រកាន់លោក នៅ ចាន់ថន ប្រធានប្រជាការពារភូមិ ថា ជាអ្នកកាងឲ្យអ្នកចែកចាយគ្រឿងញៀន នោះ គឺមិនពិតដូចការចោទប្រកាន់ទេ។ លោក នៅ ចាន់ថន គឺជាមន្ត្រីជាប់កិច្ចសន្យា ទទួលការងារជា ភ្នាក់ងារបរិស្ថានសង្កាត់ និងជាប្រធានប្រជាការពារភូមិ ឧស្សាហ៍ចុះផ្សព្វផ្សាយអំពីបរិស្ថាន អនាម័យ ការទុក ដាក់សំរាម ជួយពង្រឹងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ដោយមានការបញ្ជាក់ពីមេភូមិ និង ចាស់ៗ នៅក្នុងភូមិ ថា គាត់មានចរិតស្លូតបូត មិនពិសារគ្រឿងស្រវឹង និងបារីឡើយ៕