នគរបាលខេត្តសៀមរាបនិយាយ អំពីដំណើររឿងផ្សេងៗ ពាក់ព័ន្ទករណី”ព្រះសង្ឃមួយអង្គ និងតាអាចារ្យ ម្នាក់ បានបាត់ខ្លួនក្នុងសង្កាត់ក្របីរៀល
នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងសៀមរាប បានបញ្ជាក់ថា ដោយយោងតាមប្រភពព័ត៍មានពីបណ្តាញសង្គម( ហ្វេសប៊ុក)មួយចំនួនដែលបានធ្វើការផ្សព្វផ្សាយពត៍មានមិនពិត នគរបាលព្រហ្មទណ្ឌក្រុងសៀមរាបសូមចេញមុខធ្វើការបកស្រាយអំពីដំណើររឿងផ្សេងៗ ពាក់ព័ន្ទករណី”ព្រះសង្ឃមួយអង្គ និងតាអាចារ្យ ម្នាក់ បានបាត់ខ្លួនក្នុងសង្កាត់ក្របីរៀល”នាពេលកន្លងមកនេះ ។ ជាថ្មីម្តងទៀត ដើម្បីភាព ងាយស្រួលក្នុងការឈ្វេងយល់យើងខ្ញុំសូមធ្វើការបកស្រាយជា៣ដំណាក់កាលដូច តទៅ:
-ដំណាក់កាលទី១/ កាលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២០:៤៥នាទីយប់ បងប្អូនប្រជាការពារសង្កាត់ក្របីរៀល បានទទួលដំណឹងពីបងប្អូនប្រជាការពារប្រជាការពារសង្កាត់ស្រង៉ែ តាមរយៈប្រពន្ធ័វិទ្យុទាក់ទង(អាយកូម) ថា ឲ្យមកជួយមើល លោកសង្ឃមួយអង្គ និងតាចាស់ម្នាក់មិនដឹង និមន្តទៅណា មកណាទេទាំងយប់! តាមផ្លូវក្រហមពីទិសខាងលិចឆ្ពោះទៅទិសខាងកើត ។ បន្ទាប់ពីទទួលដំណឹង សមាជិកប្រជាការពារសង្កាត់ស្រង៉ែ ក៏បាន តាមរកមើល ក៏បានប្រទះឃើញព្រះសង្ឃមួយអង្គ និងតាចាស់ម្នាក់ នៅចំណុចលើថ្នល់ដីក្រហម ស្ថិតក្នុងព្រំប្រទល់ភូមិតាចក និងភូមិចន្លោង ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការសង្ស័យ កម្លាំងប្រជាការពារក៏បានសួរនាំ តែនិយាយគ្នាស្តាប់មិនបាន ដូចមនុស្សវង្វេងស្មារតី ដោយសង្កេតឃើញថាព្រះសង្ឃ និងតាចាស់ទាំងពីរ មិនមានឯកសារ ឫព្រះឆ័យាល័ក្ខ ជាប់ខ្លួនទេនោះ ខណះកំពុងសួរនាំ ស្រាប់តែព្រះសង្ឃ និងតាចាស់នោះ ផ្តួលខ្លួនដេកឱបគ្នានៅលើថ្នល់ដីក្រហម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានទីលំនៅ នៅក្បែរកន្លែងកើតហេតុ ហើយចេញមកឈររោមមើលជាច្រើននាក់ផងដែរ។ បន្ទាប់មកនៅវេលាម៉ោង២៣:០០នាទី កម្លាំងប្រជាការពារបាននាំព្រះសង្ឃ និងតាចាស់នោះមក ប្រគល់ឲ្យនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ ដើម្បីសាកសួរបន្ថែម ដោយការសាកសួរនោះដឹកនាំដោយលោកអនុសេនីយ៍ឯកធាវ ធឿត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ និងបានត្រួតពិនិត្យសម្ភារះដែលមាននៅជាប់នឹងខ្លួន ព្រះសង្ឃ និងតាចាស់នោះ ឃើញមាន ត្រាមូលធំចំនួនមួយ សម្ភារៈផ្សេងៗទៀតដូចជា ចែរកាច់ដុំថ្មតូចៗពណ៌ខ្មៅជាច្រើនដុំ និងលុយមួយចំនួននៅក្នុងថង់យាម តែសមត្ថកិច្ចយើងមិនបានធ្វើការដកហូតអ្វីឡើយ ។ តាមការព្យាយាមសាកសួរព្រះសង្ឃ និងតាអាចារ្យនោះ បានប្រាប់ថាចង់និមន្តទៅភ្នំគូលេន ។ ក្រោយមកនៅវេលាម៉ោង២៣:៥០នាទីលោកនាយប៉ុស្តិ៍ក៏បាន ណែនាំឲ្យប្រជាការពារយកម៉ូតូជូនព្រះសង្ឃ និងតាចាស់នោះទៅបេនឡាន ប៉ុន្តែពេលឌុបម៉ូតូមកដល់មុខក្លោងទ្វារចូលវត្តមេត្តាករុណា ព្រះសង្ឃ និងតាអាចារ្យ នោះបានលោតចុះពីលើម៉ូតូ ហើយផ្តេកខ្លួនដេកឱបគ្នានៅនឹងដី ថែមទាំងបាន ទាញដោះស្បង់ចីវរ និងរបស់របរដែលជាប់នៅនឹងខ្លួនចោលអស់ បន្តិចក្រោយមកក៏ស្ទុះ ងើបរត់គេចខ្លួនបាត់ កម្លាំងប្រជាការពារបានព្យាយាមដើររកមើលដែរ តែរកពុំឃើញ រហូតដល់វេលាម៉ោង១:១៥នាទី ឆ្លងចូលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៧ ប្រជាការពារបានសម្រេចឈប់ដើររកហើយត្រលប់ទៅគោលដៅរៀងៗខ្លួនវិញ។
-ដំណាក់កាលទី២/ លុះនៅព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣០ នាទី កម្លាំងសមត្ថកិច្ចប្រចាំការគោលដៅ ចំណុចជិតវត្តកេសរារាម បានជួបប្រទះឃើញមនុស្សពីរនាក់នៅមុខវត្តកេសរារាម ដោយ(ខណះពេលនោះសមត្ថកិច្ចយើងមិនបានដឹងថាមនុស្ស០២នាក់នេះជាសង្ឃនិងតាចាស់ដែលបាត់កាលពីយប់នោះទេ) ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ដោយលើដងខ្លួនមានស្លៀកការ៉ុង គ្មានអាវពាក់ បម្រុងរត់ចូលឡានដែលកំពុងធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៦ ពេលនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ នាំមកក្នុងបរិវេណវត្តកេសរារាម ដើម្បីសួរនាំ តែអ្នកទាំងពីរ និយាយស្តាប់គ្នាមិនយល់ ដោយឃើញអ្នកទាំងពីរស្លៀកការ៉ុង គានអាវពាក់ សមត្ថកិច្ចយើង បានណែនាំ និងជួយរកខោ ឲ្យអ្នកទាំងពីរស្លៀក ពេលនោះមានកូនសិស្សនៅក្នុងវត្ត បានឲ្យខោខ្លីពណ៌ខៀវ (ខោកីឡា) ចំនួន០២ខោ ក្រោយស្លៀកខោ និងបាយប្រអប់ ម្នាក់មួយប្រអប់ផងដែរ រួចអ្នកទាំងពីរក៏បានដេកឱបគ្នា គួរឲ្យចំឡែក ប្រហែល១៥នាទីក្រោយមក អ្នកទាំងពីរក៏ងើបស្ទុះរត់ ចូលគន្លងផ្លូវជាតិលេខ៦ ជាថ្មីម្តងទៀត ។ ជាចុងក្រោយសមត្ថកិច្ចយើងបានពិភាក្សាគ្នា ដោយដឹកអ្នកទាំងពីរទៅដាក់នៅក្នុងវត្តទេពប្រណម ស្ថិតក្នុងបរិវេណប្រាសាទអង្គរធំ ដើម្បីសុវត្ថិភាព ។
-ដំណាក់កាលទី៣/ រហូតដល់ថ្ងៃទី០៨ ០៨ ២០១៧ លោក ប្រាក់ នីបានចេញមុខ ធ្វើការសំភាសន៍ឲ វិទ្យុអាស៊ីសេរី នាភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អំពីរឿងហេតុផ្សេងៗដែលបានកើតឡើងជា ពិសេស លោកបានបញ្ជាក់រួចហើយថាគាត់និង ព្រះសង្ឃ មាស វិចឹត្របានចាកចេញពីខេត្តសៀមរាប រួចហើយដោយធ្វើដំណើរផ្សេងគ្នា ហេតុដូច្នេះ សមត្តកិច្ចយើងខ្ញុំចង់បញ្ចាក់ថា ពុំមានការបាត់ខ្លួនលោកទាំងទាំង០២នៅខេត្តសៀមរាបនុះទេ ហើយយ៉ាងណាមិញពួកគាត់មានសេរីភាពពេញលេញ ក្នុងការ រស់នៅ និង ធ្វើដំណើរដោយសមត្តកិច្ចពុំបានធ្វើឃាត់ឃាំង ឬ ធ្វើទារុណកម្មអ្វីដល់ពួកគាត់ ឡើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាឈប់យល់ច្រលំតាមពត៍មានក្លែងក្លាយកាត់ត រូបភាពទាំងអស់នោះ។
-ដំណើររឿងទាំងអស់ខាងលើគឺជាហេតុការណ៍ពិតដែល បានកើតឡើងប៉ុន្តែដោយសង្កេតឃើញមានគេហទំព័រ និងគណនីហ្វេសប៊ុកមួយចំនួនបានចុះផ្សាយករណីនេះ ទៅជាករណីផ្សេងដោយបំភ្លៃការពិតទាំងស្រុង ហេតុដូច្នេះកម្លាំងនគរបាលយើងខ្ញុំ កំពុងមានការសង្ស័យករណីនេះ ហាក់ដូចជាការរៀបចំរបស់ក្រុមណាមួយ ដើម្បីធ្វើឲ្យមានការយល់ច្រឡំ ទំលាក់កំហុសមកលើសមត្ថកិច្ចយើងខ្ញុំក្នុងបំណងមិនល្អ បែបនេះទៅវិញ ។