ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជំរុញឲ្យក្រសួងសាធារណការ បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារ ដើម្បីចូលរួមចំណែកក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ
ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាត បូកសរុបការងារសាធារណការ និង ដឹកជញ្ជូនឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួន ដើម្បីចូលរួមចំណែកក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ។
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួនទៀត ដែលមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ឲ្យបានចប់សព្វគ្រប់ និងទាន់ពេល ដើម្បីចូលរួមចំណែកក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ឲ្យបានកាន់តែមានប្រសិទ្ធភាព»។
ដើម្បីតម្រង់ទិស និងផ្តល់ជាធាតុចូល ស្របតាមអនុសាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយបញ្ហាប្រឈមនានា ឲ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា, ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន សូមផ្តល់អនុសាសន៍មួយចំនួន ដល់អង្គសន្និបាត ដូចខាងក្រោម៖
ទី១៖ បន្តជំរុញកិច្ចសហការជិតស្និទ្ធ ជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា; ជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមរយៈការរកដំណោះស្រាយឈ្នះ-ឈ្នះ ជាមួយប្រទេសជិតខាង; ដោះស្រាយបញ្ហាកកស្ទះ និង កែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ, ប៉ោយប៉ែត-អារញ្ញប្រាថេត; និង ជំរុញការពិភាក្សាជាមួយភាគីថៃ និង វៀតណាម ដើម្បីបង្កើនប្រតិបត្តិការច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និង ព្រៃវល្លិ៍-ប៊ិញហៀប។
ទី២៖ ជំរុញការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលកំពុងដំណើរការសាងសង់ និង គម្រោងជាអាទិភាព និង ជាទិសដៅសម្រាប់អនុវត្តនៅក្នុងឆ្នាំ ២០២៣ ដើម្បីបញ្ចប់ឲ្យបានទាន់ពេល តាមផែនការគ្រោងទុក ។ ក្រសួងក៏ត្រូវបន្តជំរុញការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ, ជាពិសេស ប៉ូលសេដ្ឋកិច្ចទី ៣, ផ្លូវល្បឿនលឿនពីភ្នំពេញឆ្លងកាត់ខេត្តកំពង់ធំ ទៅក្រុងសៀមរាប ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ និង ប្រសិទ្ធ-ភាពសេដ្ឋកិច្ច-សង្គម យ៉ាងច្រើន។
ទន្ទឹមនេះ, ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏សូមគាំទ្រដល់ការស្តារ និង សាងសង់ផ្លូវជាតិ, ផ្លូវខេត្ត និង ស្ពានសំខាន់ៗបន្ថែមទៀត ដើម្បីធ្វើឲ្យការតភ្ជាប់មានភាពប្រទាក់ក្រឡាគ្នា, ទាំងក្នុងក្របខណ្ឌផ្ទៃក្នុងប្រទេស និង តំបន់។ បន្ថែមលើនេះ, ក្រសួងក៏ត្រូវផ្តល់អាទីភាពលើគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ប្រភេទ ក៏ដូចជាគិតគូរដល់ផលប៉ះពាល់ ពីការ-ប្រែប្រួលអាកាសធាតុផងដែរ។
ទី៣៖ យកចិត្តទុកដាក់ពន្លឿននីតិវិធី ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការរួចហើយ លើកម្ចីសម្បទានជាមួយភាគីមិត្ត, ជាពិសេសគម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីឲ្យគម្រោង ដ៏មានសារៈសំខាន់នេះ អាចចាប់ ផ្តើមដំណើរការ បានដោយរលូនតាមការគ្រោងទុក ដែលនឹងមិនត្រឹមតែជួយលើកសម្រស់ និង ទាក់ទាញភ្ញៀវទេសចរនៅក្នុងរាជធានីភ្នំពេញរបស់យើងប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងនឹងក្លាយជានិមិត្តរូបដ៏លេចធ្លោមួយ (Landmark) របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ទី៤៖ ជំរុញការសិក្សាឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកអាទិភាព ជាអាទិ៍៖ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីក្រុងសៀមរាប ទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ; គម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ; គម្រោងផ្លូវរថភ្លើងក្រោមដីនៅក្នុងរាជធានីភ្នំពេញ និង គម្រោងផ្លូវដែកល្បឿនលឿន ដែលត្រូវធ្វើឡើងជាកញ្ចប់, ទាំងសម្រាប់ការតភ្ជាប់ផ្ទៃក្នុងកម្ពុជា និង សម្រាប់ ការតភ្ជាប់ក្នុងតំបន់, ជាពិសេស ការតភ្ជាប់រហូតទៅដល់ប្រទេសចិន។
ចំពោះមុខនេះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន សូមស្នើក្រសួងសាធារណការ និងដឹកជញ្ជូនសិក្សា ឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត, ទាំងល្បឿនលឿន និង ល្បឿនធម្មតា, ដើម្បីលើកជាយោបល់គ្រប់ជ្រុងជ្រោយ ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
ទី៥៖ ជំរុញកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកសាង និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹកកខ្វក់ និង ទឹកភ្លៀង និង បន្តជំរុញពន្លឿនការរៀបចំ និង អនុម័តច្បាប់, ផែនការយុទ្ធសាស្ត្រ និង បទប្បញ្ញត្តិបច្ចេកទេសនានា ពាក់ព័ន្ធវិស័យទឹកកខ្វក់ រួមទាំងការបញ្ចូលកម្រៃសេវាទឹកកខ្វក់ជាមួយវិក័យបត្រទឹកស្អាត ដើម្បីគាំទ្រការថែទាំ, ការសាង- សង់ និង ការពង្រីកវិសាលភាពនៃការអភិវឌ្ឍប្រព័ន្ធលូ និង ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅតាមក្រុង និង ទីប្រជុំជននៃខេត្តគោលដៅសំខាន់ៗ និង តាមតំបន់មាត់សមុទ្រ ។
ទី៦៖ ជំរុញការរៀបចំ និង អនុម័តគោលនយោបាយ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ សាធារណការ និង ដឹកជញ្ជូន ដោយប្រើប្រាស់យានយន្តអគ្គិសនី (EV) តាមរយៈការបន្តបង្កើនកិច្ចសហការ ជាមួយដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន, ជាពិសេស ការវិនិយោគលើការដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ដើម្បីលើកទឹកចិត្តការប្រើប្រាស់យានយន្តអគ្គិសនី សំដៅចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនក្នុងធម្មជាតិនៅកម្ពុជា។
ទី៧៖ ជំរុញការអភិវឌ្ឍលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក, ផ្លូវសមុទ្រ និងការធ្វើអាជីវកម្មកំពង់ផែ ឲ្យកាន់តែល្អប្រសើរឡើង តាមរយៈការពង្រឹងការអនុវត្តប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI), ការបញ្ចប់គម្រោងវិនិយោគមជ្ឈមណ្ឌលភ័ស្តុភារកម្ម និង កំពង់ផែពហុបំណងនានា ព្រមទាំងការពិចារណាពីរាជរដ្ឋាភិបាលកម្ពុជា លើលទ្ធផលនៃការ-សិក្សាសមិទ្ធិលទ្ធភាព និង ការសិក្សាលម្អិតគ្រប់ជ្រុងជ្រោយនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងគេ តភ្ជាប់មធ្យោបាយដឹក-ជញ្ជូនតាមផ្លូវទឹក ពីទន្លេមេគង្គ និង ទន្លេសាប ឆ្ពោះទៅកំពង់ផែសមុទ្រដោយផ្ទាល់។
ទី៨៖ ជំរុញការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និង ផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតអប្បបរមា។
ទី៩៖ ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក; ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង កំពង់ផែ; ច្បាប់ស្តីពីផ្លូវដែក; គោលនយោបាយ; យុទ្ធសាស្រ្ត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សម្រាប់ការអនុវត្តច្បាប់ក្នុងវិស័យសាធារណការ និង ដឹកជញ្ជូន ដើម្បីបង្កើនប្រសិទ្ធ-ភាព ក្នុងការគ្រប់គ្រង ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ។
ទី១០៖ បន្តជំរុញការបណ្តុះបណ្តាល និង អភិវឌ្ឍន៍ធនធានមនុស្សថ្នាក់ឧត្តមសិក្សា និង វគ្គជំនាញបច្ចេកទេសសាធារណការ និង ដឹកជញ្ជូន តាមរយៈការបណ្តុះបណ្តាល នៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន រួមទាំងការពង្រឹងសមត្ថភាពផ្នែកពិសោធន៍ សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមន្ទីរពិសោធន៍សំណង់ និង សាធារណការជាដើម។
ទី១១៖ បន្តលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ឲ្យបានកាន់តែល្អប្រសើរជូនប្រជាជន និងបង្ខិតសេវាសាធារណៈ ឲ្យកាន់តែទៅជិតប្រជាជន ព្រមទាំងបន្តដាក់ចេញ និង អនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ផ្តល់សេវាសាធារណៈថ្មីៗ ដែលស្ថិតនៅក្រោមការ-គ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត៕