ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ ចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន

99

 

ភ្នំពេញ៖ ក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ដូចជា សេចក្ដីណែនាំលេខ ៣៦៧៣ អយក.សណន ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៤ ស្ដីពីការលើកកម្ពស់សុខភាព អនាម័យ និង សុវត្ថិភាពចំណីអាហារតាមសាលារៀន និងសេចក្ដីណែនាំលេខ ១៨ អយក.សណន ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ស្ដីពីការលើកកម្ពស់សុវត្ថិភាពចំណីអាហារនិងអាហារប្រកបដោយសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ទោះជាយ៉ាងនេះក៏ដោយ ក្រសួងសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានទៅដួលសន្លប់។ តាមរបាយការណ៍របស់មន្ត្រីសុខាភិបាលបានឱ្យដឹងថា មូលហេតុន អាការៈខាងលើនេះ បណ្តាលមកពីការទទួលទានចំណ៏អាហារមិនមានសុវត្ថិភាព និងសុខុមាល ភាព ការបរិភោគគ្មានតុល្យភាព ការគេងមិនគ្រប់គ្រាន់ បរិស្ថានសិក្សាខ្វះអនាម័យ ការខ្វះចន្លោះ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការលក់ដូរចំណីអាហារ និងការចាត់វិធានការអនុវត្តដែលមិន ទាន់បានល្អប្រសើរនៅតាមគ្រឹះស្ថានសិក្សា។

ដើម្បីពង្រឹងការអនុវត្តសេចក្តីណែនាំនានា ដែលបានដាក់ចេញកន្លងមក ពាក់ព័ន្ធនឹង ការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ អនាម័យ និងបរិស្ថានសិក្សានៅតាម គ្រឹះស្ថានសិក្សា ប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំបន្ថែម។

ចំណីអាហារហាមឃាត់ក្នុងគ្រឹះស្ថានសិក្សា និងចំណីអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាព យោងទៅតាម សេចក្ដីណែនាំលេខ ១៨ អយក.សណន ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា

ខ១. ចំពោះអាហារហាមឃាត់ក្នុងគ្រឹះស្ថានសិក្សាមានដូចជា៖

-ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់
– គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ
– ចំណីអាហារដែលគ្មានប្រភពច្បាស់លាស់
– ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ គ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ
-ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម តំណាប់ផ្អែមគ្រប់ប្រភេទ។

ខ២. ចំពោះដែលអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាពមានដូចជា៖

– ចំណីអាហារដែលមានជាតិស្ករខ្ពស់ដូចជា ចំណីអាហារផ្អែមខ្លាំង ប្រើមេស្ករ ឬល័ក្ខ
– ចំណីអាហារមានខ្លាញ់ច្រើនដូចជា នំកញ្ចប់ អាហារចៀន អាហារបំពង ។ល។
– ចំណីអាហារមានជាតិប្រៃខ្លាំងដូចជា មីកញ្ចប់ អាហារត្រាំ អាហារផ្អាប់ ជ្រក់ លៀសហាល ដំឡូងបំពងដាក់កំប៉ុង។ល។
-ចំណីអាហារដែលចម្អិនមិនបានល្អនិងរៀបចំទុកដាក់មិនបានត្រឹមត្រូវ ដូចការណែនាំ របស់អង្គការសុខភាពពិភពលោក (WHO) ស្តីពីកូនសោគន្លឹះទាំងប្រាំ នៃការរៀបចំអាហារប្រកបដោយសុវត្ថិភាព។

ខ៣. ចំណីអាហារដែលតម្រូវឲ្យស្គាល់ប្រភពផលិតច្បាស់លាស់មានដូចជា៖

– សាច់គ្រប់ប្រភេទដែលមិនទាន់ចម្អិន
– សាច់ ឬផលិតផលសាច់ដែលបានចម្អិនស្រាប់ ដូចជា សាច់ប៉ាតេ សាច់ក្រក សាច់ហតដក ប្រហិត គ្រឿងក្នុងគ្រប់ប្រភេទ ស្លាបមាន់ ឬ ជើងមាន់
– នំប៉័ងដាក់សាច់ និងជ្រក់ សាន់វេច
– ស៊ុតគ្រប់ប្រភេទ នំដែលមានស្នូលធ្វើស៊ុត
– នំបញ្ចុក ដែលគ្មានប្រភពលើកច្បាស់លាស់ និងបន្លែលយកមកទទួលទាន ដូចជា: សណ្ដែកបណ្ដុះ អន្លក់គ្រប់ប្រភេទ ឬរបោយនំបញ្ចុក
-ទឹកដោះគោឆៅដែលមិនទាន់បានទទួលប្រព្រឹត្តកម្មតាមវិធីសាស្ត្រសម្លាប់មេរោគ
-ចំណីអាហារផ្សេងទៀតដែលគ្មានដាក់ស្លាកសញ្ញា ឬឈ្មោះអ្នកផលិតត្រឹមត្រូវ
-ញាំ ឬភ្លាគ្រប់ប្រភេទ និងចំណីអាហារនៅឆៅ និងអាចទទួលទានឆៅបាន មានដូចជា ត្រី គ្រឿងសមុទ្រ ខ្ចៅខ្យង លៀស គ្រំ ។ល។

គ- វិធានការអនាម័យក្នុងការដាក់លក់ចំណីអាហារ

-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានភារកិច្ចទទួលខុសត្រូវក្នុងការកំណត់ទីតាំងលក់ ចំណីអាហារគ្រប់ប្រភេទឱ្យមានសណ្តាប់ មានអនាម័យ ហើយត្រូវរៀបចំកន្លែងលក់លើទីតាំងខ្ពស់ស្អាត ផុតពីដី ឆ្ងាយពីបង្គន់ គំនរសំរាម ភក់ជ្រាំ លូទឹកស្អុយ និងឆ្ងាយពីបន្ទប់រៀន ឬច្រកចេញចូល។

-អាហារដ្ឋាន តូប រោង គ្រែ តុ កៅអី និងគ្រឿងឧបភោគ បរិភោគទាំងអស់ ដែលប្រើប្រាស់ ក្នុងការលក់ចំណីអាហារត្រូវស្អាតជានិច្ច

-ចំណីអាហារដែលដាក់លក់ត្រូវមានតម្រូវការពារកុំឱ្យសត្វល្អិត រោម ឬទុំ និងចូលធូលីដី ដែលជាប្រភពចម្លងជំងឺផ្សេងៗ

-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវយកចិត្តទុកដាក់ណែនាំអ្នកលក់ចំណីអាហារជាមូលដ្ឋាន ដែលបម្រើដល់សុខុមាលភាពសិស្សដូចជា បាយ នំប៉័ង គុយទាវ បបរ បង្អែមខ្មែរ ផ្លែឈើ ប្រកបដោយគុណភាព និងអនាម័យខ្ពស់

-គ្រឹះស្ថានសិក្សាត្រូវរៀបចំបង្កើតក្រុមពិនិត្យតាមដានពីសុវត្ថិភាពនិងសុខុមាលភាពចំណីអាហារ ដែលដឹកនាំដោយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សានិងអាជ្ញាធរមានសមត្ថកិច្ចដែលមានសិទ្ធិត្រួតពិនិត្យជាប្រចាំលើសណ្តាប់ធ្នាប់ ការដាក់លក់ និងដែលមានសិទ្ធិហាមឃាត់ ឬដកហូតចំណីអាហារ ដែលដាក់លក់ទាំងនៅក្នុងបរិវេ ណនិងនៅជាប់ខាងក្រៅបរិវេណគ្រឹះស្ថានសិក្សា

– ក្រុមពិនិត្យតាមដានពីសុវត្ថិភាពនិងសុខុមាលភាពចំណាអាហារ តាមគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជូនសមត្តកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍ទាន់ពេលវេលា បើសង្កេតឃើញ មានជំងឺឆ្លង ឬហានិភ័យសុខភាពកើតមាន នៅតាមវេណគ្រឹះស្ថានសិក្សាដែល បណ្ដាលមកពីទឹក ចំណីអាហារ ឬដោយកត្តាផ្សេងៗ

– គ្រប់ការលក់ដូរចំណីអាហារគ្រប់ប្រភេទ តម្រូវឱ្យមានកិច្ចសន្យារវាងអ្នកលក់ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា

ករណីរកឃើញថា មានអ្នកលក់ចំណីអាហារណាដែលបំពាននិងមិនអនុវត្តតាមកិច្ចសន្យាគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវហាមឃាត់ជាបន្ទាន់ និងដកហូតនូវចំណីអាហារ ដូចមានចែងក្នុង ចំណុចខ.១ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។

មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ សង្ឃឹមលើស្មារតីទទួលខុសត្រូវខ្ពស់របស់ការិយាល័យអប់រំ យុវជន និងកីឡាគ្រប់ ក្រុង ស្រុក និងគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា ក្នុងការអនុវត្តសេចក្ដីណែនាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ទទួលបានលទ្ធផលល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង