ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បើកឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពទាំងអស់គ្នា លើវិស័យកៅស៊ូ ហើយក៏រំពឹងថា នឹងឈានដល់កម្រិតពាណិជ្ជកម្ម

56

 

ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោកស្រី Lan Mercado នាយិកាអង្គការ WWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យអង្គការWWFត្រូវគិតគូរ និងសិក្សាបន្ថែមអំពីកៅស៊ូ ព្រមទាំងរកទីផ្សារឱ្យមានប្រសិទ្ធភាព ។ ជំនួបនោះ បានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងគាំទ្រ ចំពោះសកម្មភាពរបស់គម្រោង WWF ក្នុងការចូលរួមអភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះនិងស្ទឹងត្រែង និងការកែប្រែជីវភាពរបស់ប្រជាជន នៅតំបន់នោះឱ្យមកធ្វើកៅស៊ូជាលក្ខណៈគ្រួសារ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដោយធ្វើយ៉ាងណា ធ្វើឱ្យជីវភាពប្រជាជនប្រសើរឡើង មាននិរន្តរភាពសេដ្ឋកិច្ច។
បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការបង្វែរអ្នកនេសាទឱ្យទៅមុខរបរផ្សេងៗទៀតនោះគឺជារឿងល្អ តែត្រូវធានាឱ្យបាននូវនិរន្ដរភាព មិនមែនធ្វើមួយពេលហើយត្រលប់មកនេសាទទៀតនោះទេ។

ចំពោះអនុវិស័យកៅស៊ូ ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើឱ្យអង្គការត្រូវគិតគូរ និងសិក្សាបន្ថែមអំពីកៅស៊ូ ព្រមទាំងរកទីផ្សារឱ្យមានប្រសិទ្ធភាព ដោយ ឯកឧត្តមបើកឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពទាំងអស់គ្នាលើវិស័យកៅស៊ូនេះ ហើយក៏រំពឹងថានឹងឈានដល់កម្រិតពាណិជ្ជកម្មនាពេលអនាគត។

សូមជម្រាបជូនថា អង្គការ WWF បាននិងកំពុងគាំទ្រលើកម្មវិធីសំខាន់ៗមួយចំនួននៅតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង និងតំបន់ទេសភាពខ្ពង់រាបប៉ែកខាងកើតក្នុងខេត្តមណ្ឌលគិរី។ កម្មវិធីសំខាន់ទាំងនោះរួមមាន កម្មវិធីអភិរក្សសត្វផ្សោតទន្លេមេគង្គ កម្មវិធីគាំទ្រដល់សហគមន៍នេសាទ កម្មវិធីគាំទ្រដល់សហគមន៍ព្រៃឈើ និងកម្មវិធីគាំទ្រដល់ការបង្កើនជីវភាពរស់នៅ របស់សហគមន៍ដូចជាការចិញ្ចឹមមាន់ ត្រី ធនាគារគោ-ក្របី កសិ-រុក្ខកម្ម និងការបង្កើតក្រុមដាំបន្លែនិងស្រូវ។

អង្គការ WWF ក៏បានគាំទ្រទៅលើការសិក្សាស្រាវជ្រាវ និងកម្មវិធីអប់រំផ្សព្វផ្សាយផងដែរ។ បច្ចុប្បន្នអង្គការ WWF សហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ អនុវត្តគម្រោងកៅស៊ូខ្នាតតូចនិងលក្ខណៈគ្រួសារ នៅខេត្តមណ្ឌលគិរី ក្រោមជំនួយពីរដ្ឋាភិបាលអាឡឺម៉ង់(BMZ) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)៕

អត្ថបទដែលជាប់ទាក់ទង