ពលរដ្ឋជាង៦ម៉ឺននាក់ ចូលរួមចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់
ខេត្តត្បូងឃ្មុំ ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ជាង២០០ឆ្នាំមកហើយ ដែលបងប្អូនប្រជាពលរដ្ឋនៅភូមិសាទុំ តែងតែរៀបចំពិធីចាប់ត្រី នៅបឹងក្រមនេះ ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ បន្ទាប់ពីបងប្អូនប្រជាកសិករបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ឲ្យដឹងថា ពិធីចាប់ត្រីនេះ ត្រូវបានអាក់ខានក្នុងរបបប៉ុលពត ប៉ុន្តែចាប់ពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ មកបានរៀបចំធ្វើពិធីនេះឡើងវិញ មានអ្នកចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់ថា សម្រាប់ឆ្នាំនេះមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន មានប្រមាណជាង៦មុឺននាក់ដែលមកពីទីជិតឆ្ងាយ មកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនានាផងដែរ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់បន្ថែមថា ការជួបជុំយ៉ាងអធិកអធមទាំងនេះ គឺអាចប្រព្រឹត្តិទៅបាន ដោយសារប្រទេសជាតិមានស្ថេរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន ខិតខំយកមកបាន ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព។
ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកចំអិនហូបជុំគ្នា រាំលេងកំសាន្ត ពិសេសឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវបានឧបត្ថម្ភដល់អ្នកដែលចូលរួមប្រកួតចាប់ត្រី ក្នុងនោះចាប់បានច្រើន គីឡូលើសគេ ទទួលបានប្រាក់រង្វាន់។
លេខ១ ទទួលបានថវិកា៥០ម៉ឺនរៀល និងស្រាបៀរញាំលេងកំសាន្តរីករាយក្រោមម្លប់សន្តិភាពចំនួន ០២កេះ លេខ២ លេខ៣ ទទួលបានប្រាក់រង្វាន់ និងស្រាបៀ ក្នុងម្នាក់២កេះ លេខ៤ដល់លេខ១២ ទទួលបានស្រាបៀ ក្នុងម្នាក់២កេះដូចៗគ្នា ក៏ដូចជាអ្នកចូលរួមប្រកួតចាប់ត្រីទាំងអស់ ទទួលបានថវិកាលើកទឹកចិត្ត ក្នុងម្នាក់៥ម៉ឺនរៀលផងដែរ។
សូមជម្រាបថា ការប្រារព្ធពិធីចាប់ត្រី នៅបឹងត្រពាំងក្រមនេះ ធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ គឺបងប្អូនបានមកជួបជុំគ្នា ដើរលែងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់បឹងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមាន៖ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម ។
មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាត ឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុក សម្រាប់ពិធីចាប់ត្រី ជារៀងរាល់ឆ្នាំ ។
ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់ បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រក ជាដើម ដើម្បីចាប់ត្រីក្នុងពិធីនេះ ដោយតំបន់ បឹងក្រមមានផ្ទៃដីប្រមាណ ៣០ ហិកតា និងផ្ទៃបឹងទំហំ ១ ហិកតា ៕