ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតនៃរដ្ឋកូវ៉ែត ស្វែងយល់អំពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យថាមពល​ ប្រេង​ និងឧស្ម័ននៅកម្ពុជា

114

 

ភ្នំពេញ ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម​ Mohamad S. ALHAJRI ឯកអគ្គរដ្ឋទូតនៃរដ្ឋកូវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តម​ Mohamad S. ALHAJRI បានស្វែងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យថាមពល​ ប្រេង​ និងឧស្ម័ននៅកម្ពុជា​។ ភាគីទាំងពីរបានជជែកពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​។

ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការស្វាគមន៍វិនិយោគិនកូវ៉ែត ដែលមានបំណងចង់វិនិយោគលើវិស័យប្រេង​ និងឧស្ម័ន​ ដែលបច្ចុប្បន្ន​ កម្ពុជាមាន​ប្លុក​ offshore ចំនួន០៤​ និងប្លុក​ onshore ចំនួន១៨​ ទៀតដែលស្វាគមន៍ការវិនិយោគ។

លើសពីនេះទៅទៀត​ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យមានការវិនិយោគលើវិស័យថាមពល​ និងធនធានរ៉ែផងដែរ​ ព្រោះបច្ចុប្បន្នយើងអាចធ្វើការងារ បានគ្រប់ទីកន្លែង​ មិនថាក្នុងព្រៃជ្រៅ​ ឬតំបន់ដាច់ស្រយាល​ ដោយសារពេលនេះ កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ​ និងមានស្ថេរភាពនយោបាយ​ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម​ Mohamad S. ALHAJRI ក៏បានសម្តែងនូវការកោតសរសើរ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានបំណងចង់ផ្តល់អាហាររូបករណ៍ ក្នុងវិស័យប្រេង​ និងឧស្ម័នដល់និស្សិតកម្ពុជា​ ព្រមទាំងបើកឱកាសការងារដល់និស្សិត ដែលបានបញ្ចប់ការសិក្សា​ ដើម្បីឲ្យទទួលបានបទពិសោធន៍ការងារពីជំនាញនេះ នៅប្រទេសកូវ៉ែតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង