គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគជប៉ុន ចំនួន១៥០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាមេរិក
ភ្នំពេញ៖ ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ កិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគត្រូវបានរៀបចំឡើងជាទៀងទាត់រៀងរាល់៦ខែម្តងចាប់តាំងពីឆ្នាំ២០០៩មក។កិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្រោមអធិបតីភាពរបស់ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក.អ.ក. និងឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណុ (Atsushi UENO) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបប្រមាណ ១១០រូប។
ប្រធានបទដែលត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី ២៥ នេះ រួមមាន ៖ (១) ថាមពល (ការគាំទ្រលើសកម្មភាពស្តីពីអព្យាក្រឹតកាបូន) (២) ពន្ធដារ (កាលវិភាគនៃការបង្វិលសងអាករលើតម្ល បន្ថែម (VAT) និងកាតព្វកិច្ចពន្ធរបស់អភិបាលជាអនិវាសនជន) និង (៣) ភ័ស្តុភារកម្ម (ប្រសិទ្ធភាព នៃនីតិវិធីនានានៅតាមច្រកព្រំដែនជាមួយថៃនិងវៀតណាម,វឌ្ឍនភាពនៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា, ឌីជីថលូបនីយកម្ម, និងសាមញ្ញកម្មនៃនីតិវិធីតយ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្តម អាត់ស៊ូស៊ី អ៊ូអ៊ិណុ ក្នុងឱកាសឯកឧត្តមទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ និងវាយតម្ល ខ្ពស់នៅចំពោះមុខឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីពីសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុននៅកម្ពុជាក្នុង វិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការ ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនភាគីមិត្តអំពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការខិតខំពន្លឿនការស្តារឡើងវិញ និង ការពង្រឹងភាពធន់នៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតបរិស្ថានអនុគ្រោះសម្រួលដល់ការ វិនិយោគ ព្រមទាំងការប្រកាសឱ្យប្រើនូវច្បាប់ស្ដីពីវិនិយោគ និងការដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក។
ឯកឧត្តមរដ្ឋមន្ត្រីក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សាជាថ្មីដល់វិនិយោគិនជប៉ុនដែលជានិច្ចកាលតែងតែផ្តល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ ការសម្រេចចិត្តវិនិយោគ។
នៅក្នុងឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា តាងនាមតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនឹង ការងារពាណិជ្ជកម្ម និងវិនិយោគ បានប្ដេជ្ញាកែលម្អនីតិវិធីរដ្ឋបាលទាំងឡាយក្នុងគោលបំណងឱ្យកម្ពុជា ក្លាយទៅជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។ ឯកឧត្តមបានអំពាវនាវឱ្យក្រុមហ៊ុនជប៉ុនទាំងអស់ ចាប់អារម្មណ៍ទៅលើទស្សនាទានថៃ+១ និងវៀតណាម+១។
ឯកឧត្តមក៏បានស្វាគមន៍រាល់គំនិតផ្ដួចផ្ដើម និងកិច្ចសហប្រតិបត្តិការពីសំណាក់អង្គការJICA, សមាគម JBAC និងពីសំណាក់គ្រប់ក្រុមហ៊ុនជប៉ុនឱ្យ ចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវះ និងបំពាក់ជំនាញដល់ពលករកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញ របស់កម្ពុជាក្នុងវិស័យដែលមានតម្រូវការជំនាញខ្ពស់ដូចជា វិស័យយានយន្ត និងអេឡិចត្រូនិក ជាដើម។
ឯកឧត្តម សុខ ចិន្តាសោភា ក៏បានរំលេចជូនអង្គប្រជុំផងដែរថា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត និងសិក្ខាកាមនៃសាកលវិទ្យាល័យធនធានមនុស្ស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោនាយករដ្ឋមន្តី បានណែនាំឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ធ្វើការពិនិត្យនៅតាមស្ថាប័នដែលធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បី បើកការបណ្តុះបណ្តាលវិជ្ជាជីវះដល់សិស្ស និស្សិត យុវជនក្រីក្រ ចំនួន ១លាន៥សែននាក់ ដោយមិន គិតថ្លៃ ហើយទទួលបានប្រាប់ឧបត្ថម្ភពីរដ្ឋថែមទៀតផង ព្រោះសម្តេចប្រមុខរាជរដ្ឋាភិបាលយល់ច្បាស់ ពីគុណសម្បត្តិនៃការបណ្តុះបណ្ដាលវិជ្ជាជីវៈ ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីបម្រើឱ្យការអភិវឌ្ឍមានល្បឿនកាន់តែលឿន។
ឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណុ បានជម្រាបជូនអង្គប្រជុំថា ឯកឧត្តមមានមោទនភាពដែលត្រូវ បានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាព្រោះកម្ពុជាជាប្រទេសដែលមានវប្បធម៌ដ៍យូរលង់ និងប្រពៃណី ដ៍ល្អផូរផង់ ក៍ដូចជាការអភិវឌ្ឍប្រកបដោយថាមវន្ត។ ឯកឧត្តមបានលើកឡើងពីទំនាក់ទំនងរឹងមាំរវាង កម្ពុជា-ជប៉ុន ដែលបានក្លាយជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឱកាសដែលប្រទេសទាំង ពីររំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៣នេះតាមការឯកភាព របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។ ថ្វីត្បិតថ្ងៃនេះជាកិច្ចប្រជុំ លើកទី១ ដែលឯកឧត្តមមានកិត្តិយសធ្វើជាសហប្រធាន ប៉ុន្តែឯកឧត្តមបានយល់ច្បាស់ពីសារៈសំខាន់ន កិច្ចប្រជុំទ្វេភាគីនេះដែលតែងតែបានផ្ដល់ឱកាសជូនវិនិយោគិនជប៉ុនអាចលើកឡើងនូវបញ្ហាប្រឈមក៏ដូចជាសំណូមពរនានាជូនរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការបកស្រាយ និងផ្តល់ដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់ភាគីរាជរដ្ឋាភិបាល និងវិស័យឯកជន។
ឯកឧត្តមក៍បានលើកឡើងពីការប្រកាសឱ្យប្រើច្បាប់ស្តីពី វិនិយោគកាលពីខែតុលា ឆ្នាំ២០២១ ដែលបានជួយជំរុញឱ្យបរិស្ថានវិនិយោគនៅកម្ពុជាកាន់តែមានភាព អំណោយផល ហើយរួមផ្សំជាមួយនឹងការបន្តខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ ក. អ .កនិងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួល និងផ្ដល់នូវការឆ្លើយតបប្រកបដោយភាព ទន់ភ្លន់ចំពោះក្តីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន ឯកឧត្តមមានជំនឿថាវត្តមានរបស់វិនិយោគិន និងធុរជនជប៉ុននឹងកាន់តែមានការកើនឡើងនៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណុ បាន ប្ដេជ្ញាបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុន មកកម្ពុជា និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
នាឱកាសនោះ លោក យ៉ូហ្គូ កាន់ដា (Yogo Kanda) ប្រធានសមាគម JBAC បានលើកឡើងពី តម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន និងស្ថិរភាពនយោបាយនៅកម្ពុជា។ លោកក៏បានសម្ដែង នូវក្តីសោមនស្សរបស់ខ្លួនក្នុងនាមតំណាងក្រុមហ៊ុនជប៉ុនដែលកំពុងមានប្រតិបត្តិការធុរកិច្ច និងវិនិយោគ នៅកម្ពុជា ដោយបានលើកជូនអង្គប្រជុំអំពីភាពជោគជ័យរបស់ក្រុមហ៊ុនជប៉ុនមួយចំនួនដូចជា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. ដែលបានបើកឱ្យដំណើរការផ្សារទំនើប AEON សាខាទី៣, ក្រុមហ៊ុន MinebeaMitsumi ដែលបានប្រារព្ធពិធីអបអរសាទរខួបលើកទី១១នៃប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា និងក្រុមហ៊ុន Sumi Wiring ដែលបានពង្រីកបន្ថែមរោងចក្រទី៣ កាលពីឆ្នាំ២០២២ ជាដើម។ លោកប្រធានសមាគមបានបន្ថែមថា ភាពជោគជ័យរបស់ធុរជន និងវិនិយោគិនជប៉ុននៅកម្ពុជានឹងក្លាយ ជាកាតាលីករ ដ៏សំខាន់ក្នុងការទាក់ទាញធុរជន និងវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែម ទៀត។
គួរកត់សម្គាល់ថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគជប៉ុន ចំនួន១៥០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាមេរិក ក្នុងនោះគម្រោងលេចធ្លោមានដូចជា គម្រោងវិនិយោគផ្សារទំនើប, តម្រោងវិនិយោគបង្កើតរោងចក្រផ្តុំ និង ដំឡើងរថយន្ត, គម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូទ័រខ្នាតតូច, គម្រោងវិនិយោគបង្កើតរោងចក ផលិតឧបករណ៍អគ្គិសនី, និងគម្រោងវិនិយោគសាងសង់ និងអាជីវកម្មមន្ទីរពេទ្យ ជាដើម៕