ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅក្នុងផ្សារ ជុំវិញផ្សារត្រូវតែមាន សណ្ដាប់ធ្នាប់និងបរិស្ថានល្អ ការលក់ដូរមិនត្រូវបាន ហាមឃាត់នោះទេ តែត្រូវតែស្អាត និងមានសណ្ដាប់ធ្នាប់ និងគ្មានអ្នកយកលុយគេ

63

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការក្រើនរំលឹកឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេស ប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥នៅរាជធានីភ្នំពេញ ត្រូវពិនិត្យឡើងវិញ ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារនានានៅក្នុងរាជរាជធានីភ្នំពេញ ទៅតាមកំណត់របស់រាជរដ្ឋាភិបាល។

ការច្រើនរំលឹកបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ខណៈលោកដឹកនាំកិច្ចប្រជុំស្តីពីការប្រើប្រាស់ទឹក-ភ្លើងក្នុងផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ពិសេសប្រធានគណៈកម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងគុណភាពបន្លែ ត្រីសាច់ ទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ទាំងអ្នកលក់ដូរតាមតូប និងអ្នកលក់ដូរតាមកញ្ជ្រែងជាដើម ពោលគឺ នៅពេលពួកគាត់មានបញ្ហាលំបាកអ្វីមួយ យើងត្រូវជួយពួកគាត់ ដោយមិនត្រូវទុកពួកគាត់ ណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ។

លោកឃួង ស្រេង បានបន្ថែមថា៖ ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារទាំងអស់ដាច់ខាត មិនត្រូវប្រើអំពើហិង្សា ជាមួយបងប្អូន អាជីវករនោះទេប៉ុន្តែជុំវិញផ្សារត្រូវតែស្អាតនិងមានសណ្ដាប់ធ្នាប់ល្អ។
បងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ត្រូវបានយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល ហើយកន្លងមកយើងក៏ធ្លាប់បានប្រគល់អំណោយជូនពួកគាត់ជារឿយៗថែមទៀតផង ។គ្មានរឿងអីដែលយើងត្រូវជេរប្រមាថពួកគាត់នោះទេ តែត្រូវប្រើប្រាស់ពាក្យសំដី អោយបានសមរម្យជាមួយពួកគាត់ ព្រោះពួកគាត់ក៏ជាប្រជាពលរដ្ឋរបស់សម្តេចតេជោហ៊ុន សែន ដែរ។

លោកបញ្ជាក់ផងដែរថា ការធ្វើអាជីវកម្មទឹក ភ្លើង នៅក្នុងទីផ្សារត្រូវពិនិត្យមើលឡើងវិញ ដាច់ខាតមិនអនុញ្ញាតិ ឲ្យមានការធ្វើអាជីវកម្ម លក់ទឹក ភ្លើងនៅក្នុងផ្សារ យកតម្លៃលើសពីតម្លៃកំណត់របស់រាជរដ្ឋាភិបាលនោះទេ។ ការងារនេះទាំងអាជ្ញាធរទាំងគណៈកម្មការផ្សារត្រូវពិនិត្យអោយបានម៉ត់ចត់និងកែតម្រូវឡើងវិញ ដោយសារថា វាមិនទាន់ហួសពេលនោះទេ។

លោកបញ្ជាក់ផងដែរថា នៅក្នុងផ្សារ ជុំវិញផ្សារត្រូវតែមានសណ្ដាប់ធ្នាប់និងបរិស្ថានល្អ ការលក់ដូរមិនត្រូវបានហាមឃាត់នោះទេ តែត្រូវតែស្អាតនិងមាន
សណ្ដាប់ធ្នាប់ និងគ្មានអ្នកយកលុយគេ តែមិនត្រូវគ្មានអ្នកសម្អាតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង