សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ជិះម៉ូតូធ្វើសកម្មភាពវាយប្លន់យកម៉ូតូ
បន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ ធ្វើសកម្មភាពប្ល.ន់វា.យជនរងគ្រោះយកម៉ូតូពេលកំពុងម្នាក់ឯង ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះប្តឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ ។
ករណីវាយប្លន់យកម៉ូតូនេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជនរងគ្រោះមកប្តឹងនោះ មានឈ្មោះ ស៊ុយ ម៉ារ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានរៀបរាប់ថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម្នាក់ឯងតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខាងមុខមន្ទីរពេទ្យ ភូមិកូនដំរី ។ ពេលនោះក៏មានជនសង្ស័យចំនួន២នាក់ ភេទប្រុស ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅជិះមកដល់ជិតខ្លួនបានធ្វើសកម្មភាពជិះម៉ូតូរហូតមកដល់ចំណុចកើតហេតុខាងលើ ខ្លួនក៏បានឈប់ម៉ូតូផ្ដួលនៅនឹងថ្នល់ជាតិ ក្រោយមកជនសង្ស័យទាំង០២នាក់បានឈប់ម៉ូតូ ប្រុងដកដូចជាអាវុធអ្វីមួយ ។ ជនរងគ្រោះឃើញដូច្នេះក៏រត់ចូលប្រឡាយនៅខាងឆ្វេងដៃ បានប្រហែល០១នាទី ខ្លួនក៏ឡើងមកលើថ្នល់វិញ ស្រាប់តែបាត់ម៉ូតូតែម្ដង រួចខ្លួនបានរត់ទៅការ៉ាស់សាំងកូនដំរី ហើយរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយធ្វើអន្តរាគមន៍តែម្ដង ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ក្រោយពីមានករណីនេះកើតឡើង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យលោកបានដឹកនាំកម្លាំងនគរបាលផែនជំនាញ និងកម្លាំងប៉ុស្តិ៍ទាំង៥ បើកការស្រាវជ្រាវក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ រួមទាំងវត្ថុតាង នៅកាស៊ីណូហ្គោដវ៉ើល ផ្លូវដើមពុទ្ទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាន និងបញ្ជូនជនសង្ស័យទាំង០៨នាក់ រួមទាំងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី ៕