ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា

104

ភ្នំពេញ៖ នៅថ្ងៃទី៣ នៃការស្នាក់អាស្រ័យ បំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាព សភាជប៉ុន-កម្ពុជា​ ។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងជំនួបជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តី លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាព​ សភាជប៉ុន-កម្ពុជា មានប្រសាសន៍ជំរាបជូន សម្តេចតេជោថា រូបលោកធ្លាប់បានជួបសម្តេចតេជោ ក្នុងឱកាសដែលរូបលោក នាំយកនូវសារ​លិខិត​អបអរសាទររបស់ លោកអគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យជប៉ុន ជូនចំពោះ សម្តេចតេជោ​ កាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ នៅរាជធានីភ្នំពេញ។ លោកប្រធាន​ ក៏បានរំលឹកអំពី​ការទទួលរូបលោក ដោយកក់ក្តៅបំផុត ពីសម្តេចតេជោនៅរាជធានីភ្នំពេញ លោកប្រធានបន្តថា ក្រោយពីបានស្តាប់ នូវប្រសាសន៍របស់សម្តេច គឺរូបលោកមានការចាប់អារម្មណ៍ យ៉ាងខ្លាំង​ដោយសារ​ ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ មានស្ថេរភាពល្អ ពោរពេញទៅ​ដោយសុខសន្តិភាព ពិសេសប្រជាជនកម្ពុជា មានភាពសប្បាយរីករាយ និងគ្មានភាពតក់ស្លុត ។

​​សម្តេចតេជោ​ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សភាពការណ៍កម្ពុជានៅពេលនេះ គឺមានភាពខុសគ្នាស្រឡះ ពីសភាពការណ៍ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺសភាពការណ៍​កាលពី​ឆ្នាំ​២០១៣ នៅពេលនេះគឺមានចំនួនមនុស្សស្លាប់ ដែលបង្កដោយ ពួកជ្រុលនិយមមិនទទួលយក​ លទ្ធផលនៃការបោះឆ្នោត។ ផ្ទុយស្រឡះកាលពីពេលនោះ នៅពេលនេះប្រជាជនកម្ពុជា ​កំពុង​ទទួលបាននូវភាពសប្បាយរីករាយ ក្នុងការទទួលអំណរ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

សម្តេច​តេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងនូវថា ពេលនេះកម្ពុជាបានបង្កើន នូវរាជរដ្ឋាភិបាលថ្មី ដោយគ្មានអ្វីប្រប្រួល ហើយតាមរយ:កិច្ចសន្ទនាគ្នានោះ សម្តេចសូមថ្លែង នូវអំណរគុណសាជាថ្មី ជូនចំពោះឯកឧត្តម ស៊ិនហ្សូ អាបេ និងអគ្គលេខាធិការ គណបក្សប្រជាធិប យ្យជប៉ុន ដែល​បានផ្ញើសារលិខិត អបអរសាទរសម្តេច ដែលត្រូវបានជ្រើសតាំងជាថ្មី ជានាយករដ្ឋមន្រ្ តីនីតិកាល​ទី​៦ នៃរដ្ឋសភា។

សម្តេចតេជោ​ ក៏បានអបអរសាទរជូនចំពោះ លោក ស្សិនហ្សូ អាបេ ដែលត្រូវបាន ជ្រើសតាំងជាប្រធានគណបក្ស ប្រជាធិបតេយ្យជប៉ុន ជាថ្មីម្តងទៀត និងត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោ​ និងលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា បានធ្វើ​ការពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ទៅលើកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា ដែលជប៉ុនដែលតែងតែ មានជំហរក្នុងការគាំទ្រគ្នា ទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌ តំបន់និងអន្តរជាតិ ពិសេសការបន្ត ជំរុញការគាំទ្រគ្នា ទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌតំបន់ និងអន្តរជាតិជាបន្តទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង