សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបភិភាក្សាការងារ ជាមួយប្រធាន និងជានាយកប្រតិបត្តិការ អង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO)
ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានសមាគមមិត្តភាព សភាជប៉ុន-កម្ពុជារួចមក សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ ប្រធាន និងជានាយកប្រតិបត្តិការ អង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្លូវការ របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រៃ នៃកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨នេះ ថា “លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ មានប្រសាសន៍ ជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីការរៀបចំសិក្ខាសាលា ស្តីពីការទាក់ទាញអ្នកវិនិយោគជប៉ុន នៅក្នុងក្របខណ្ឌ នៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូប្រទេសជប៉ុន។ លោកប្រធានមានប្រសាសន៍បន្តថា ប្រសាសន៍របស់សម្តេច ដែលថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលានេះ នឹងបន្តជំរុញ លើកទឹកចិត្តអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត។ លោកប្រធានបន្តថា នៅកម្ពុជាពិតជាមាន បរិយាកាសវិនិយោគល្អ ដោយមិនមានការបែងចែក រវាងសហគ្រាសបរទេស និងក្នុងស្រុក ហើយអ្នកវិនិយោគជប៉ុន គឺមានចរិកលក្ខណៈផ្សារភ្ជាប់ ទៅនឹងតំបន់ មានចក្ខុវិស័យវែងឆ្ងាយ និងបណ្តុះបណ្តាល ធនធានមនុស្ស” ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍វាយតម្លៃខ្ពស់ និងចាត់ទុកថា អង្គការ JETRO បានដើរតួនាទីយ៉ាងខ្លាំង ក្នុងការគៀងគរវិនិយោគជប៉ុន មកកម្ពុជាក្នុងពេលកន្លងមក។ សម្តេចតេជោបាន បន្តទៀតថាជាមួយ នឹងការហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន អាណា(ANA) គឺពិតជាបានរួមចំណែកជួយនាំយក នូវអ្នកវិនិយោគជប៉ុន និងអ្នកទេសចរណ៍ជប៉ុន មកកាន់កម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពិសេសបន្តពិនិត្យមើល ថែមទៀត លើគ្រប់លទ្ធភាពក្នុងការ ជួយសំរួល ដោយអ្នកវិនិយោគិនជប៉ុន នៅកម្ពុជា ក្នុងនោះរួមទាំងការបង្កើតឡើង នូវវេទិកាពិសេស រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនិងស្ថានឯកអគ្គរាជទូតជប៉ុន ដោយមិនចាំបាច់រងចាំវេទិកា រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនឡើយ។ សម្តេចតេជោបន្តថា សម្តេចមានយុទ្ធសាស្រ្តទាក់ទាញ វិនិយោគមកកម្ពុជា គឺធ្វើយ៉ាងណា ឲ្យអ្នកវិនិយោគទាំងអស់បន្ត និងពង្រីកសកម្មភាពរបស់ខ្លួន នៅកម្ពុជា និងទាក់ទាញវិនិយោគជប៉ុន ថែមទៀតមកកម្ពុជា ដែលពីមុនកម្ពុជា មានអ្នកវិនិយោគជប៉ុន តែប្រមាណ២០ក្រុមហ៊ុនទេ តែមកដល់ពេលនេះ មានក្រុមហ៊ុនជប៉ុន មានប្រមាណជាង២០០ក្រុមហ៊ុន នៅកម្ពុជា៕