ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់ UN សុំទោសកម្ពុជា រឿងបញ្ចេញរបាយការណ៍ថា ពលរដ្ឋ កម្ពុជា ៣៥ភាគរយ នៅ ក្រោមបន្ទាត់ ភាពក្រីក្រ, ទិន្និន័យពិត១៣,៥ភាគរយ

70

ទីស្តីការក្រសួងផែនការ ៖ តំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា លោកស្រី Pauline Tamesis បានចេញមកសុំទោសរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងពីក្រសួងផែនការ ដែលតាមរយៈសន្ទស្សន៍ សកល ពី ភាពក្រីក្រ ពហុសមាស ភាគ Multidimensional Poverty Index (MPI) ដែលចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និង Oxford Poverty and Human Development Initiative (OPHI) កាលពី ថ្ងៃ ទី ២០ ខែ កញ្ញា ឆ្នាំ២០១៨។

តាមរបាយការណ៍របស់ MPI ដែលត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា៣៥ភាគរយ ត្រូវ បាន រកឃើញថា កំពុងរស់នៅក្នុងភាពក្រីក្រ ដែលភាគច្រើនរស់នៅតាមទីជនបទ ។

ថ្លែងនៅចំពោះមុខលោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នេះលោកស្រី Pauline Tamesis បានសម្តែងការសុំអភ័យទោស ពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្សាយទិន្និន័យមិនពិតនេះ។ លោកស្រីថា របាយការណ៍ MPI ដែលទើបត្រូវបានផ្សព្វផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍ទៀតសោត ក៏មិនមែនជាការស្រាវជ្រាវរបស់ UNDP នោះដែរ តែជាការស្រាវជ្រាវរបស់ស្ថាប័នឯករាជ្យមួយ ដែលមានទំនាក់ទំនងជាមួយនឹង UNDP ។

លោកស្រី Pauline Tamesis បានបញ្ជាក់យ៉ាងដូច្នេះថា “MPI មិនមែនជាការស្រាវជ្រាវរបស់ UNDP តែជាស្ថាប័នឯករាជ្យ ដែលមានទំនាក់ទំនងនឹង UNDP។ ការស្រាវជ្រាវនេះ ក៏គ្មានការប្រជុំធ្វើសិក្ខាសាលាដែរ”។

លោកស្រីបន្តថា “ការផ្សព្វផ្សាយរបស់ UNDP (ដែលខុសនេះ) ខ្ញុំសុំសម្តែងការសុំអភ័យទោស។ ជាក់ស្តែង ក្រសួងផែនការនិង UNDP បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគណនាភាពភាពក្រីក្រផងដែរ”។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងអំណរគុណដល់លោកស្រីតំណាង UN ប្រចាំកម្ពុជា ដែលមកសម្តែងការសុំទោស។ លោកទេសរដ្ឋមន្ត្រី បានបន្តថា UNDP និងក្រសួងផែនការ តែងតែដើរជាមួយគ្នាធ្វើការ ហើយជាលទ្ធផល ដែលផ្សាយជាសាកល ក៏តែងតែត្រូវបានឯកភាព ពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តថា តួលេខដែលកាសែតភ្នំពេញប៉ុស្តិ៍ផ្សាយនោះ ជារឿងមួយខុសឆ្គងណាស់ ដែលផ្ទុយនឹងទិន្និន័យ របស់រាជរដ្ឋាភិបាលផ្សាយកន្លងមក។ លោកថា តួលេខ៣៥ភាគរយ និងតួលេខ១៣,៥ភាគរយ ខុសគ្នាឆ្ងាយនេះ ដែលទិន្និន័យនេះធ្វើឲ្យមានបញ្ហា។

លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា “បញ្ហានេះខ្ញុំសូមសំណូមពរឲ្យ UNDP កែតម្រូវយ៉ាងម៉េច ដើម្បីធ្វើយ៉ាងណាឲ្យតួលេខមួយ ជាតួលេខផ្លូវការ (១៣,៥ភាគរយ) ហើយតួលេខរបស់រាជរដ្ឋាភិបាល តែងតែឯកភាពជាមួយដៃគូយ៉ាងច្រើន…។ ពីព្រោះយើងឈរលើតួលេខនេះ ហើយរាជរដ្ឋាភិបាល តែងតែយកតួលេខនេះទៅប្រើប្រាស់ មានការដាក់ផែនការផ្សេងៗ”។
លោកទេសរដ្ឋមន្ត្រីបន្តថា “យើងត្រូវតែយកតួលេខនេះ (១៣,៥ភាគរយ) ទៅផ្សាយឡើងវិញ កុំឲ្យសាធារណមតិ វាយតម្លៃរាជរដ្ឋាភិបាលថា ធ្វើរឿងខុស។ ការផ្សាយរបស់ភ្នំពេញប៉ុស្តិ៍មិនត្រូវទេ… ខ្ញុំថាយើងបានឯកភាពគ្នា ១៣,៥ភាគរយ កន្លងមក”។

ទន្ទឹមនឹងសម្តែងការសុំអភ័យទោស លោកស្រី Pauline Tamesis បានសុំអនុសាសន៍ពី លោកទេសរដ្ឋមន្ត្រី ឆាយ ថន ដើម្បីកែប្រែកំហុសឆ្គងមួយនេះ។ លោកស្រីថា អត្រាទិន្និន័យ ១៣,៥ភាគរយក៏ត្រូវបាន UNDP តែងតែប្រើប្រាស់ផងដែរ ហើយលោកស្រី នឹងរកវិធីសាស្ត្រ ដើម្បីបកស្រាយបញ្ហានេះ ជាសាធារណៈឡើងវិញ។
ឆ្លើយតបនឹងសំណូមពរនេះ លោកទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដល់លោកស្រីតំណាង UN ប្រចាំកម្ពុជា រួមមាន៖ ត្រូវគាំទ្រតួលេខ ដែលដៃគូអភិវឌ្ឍ ធ្លាប់ប្រើកន្លងមក ហើយការធ្វើ MPI ដើម្បីផ្សព្វផ្សាយទិន្និន័យអ្វីមួយពីកម្ពុជា ត្រូវពិភាក្សាជាមួយក្រសួងផែនការ ជាមុនសិនផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរួមគ្នា រវាងក្រសួងផែនការនៃរាជរដ្ឋាភិបាលកម្ពុជា និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំនៅកម្ពុជា និងលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានផ្ញើសារលិខិតសម្តែងការខកចិត្តចំពោះ Mr. Nick Beresford នាយកUNDPប្រចាំកម្ពុជា ចំពោះការចេញផ្សាយសន្ទស្សន៍ សកល ពី ភាពក្រីក្រ ពហុសមាស ភាគ Multidimensional Poverty Index (MPI) ដែលចេញផ្សាយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និង Oxford Poverty and Human Development Initiative (OPHI) កាលពី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨៖

អត្ថបទដែលជាប់ទាក់ទង