ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ​ អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា

74

នៅថ្ងៃដដែលនេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានទទួលជួបពិភាក្សាការងារជាមួយលោក ហ៊្វុយមីអាគី តាកាហាស៊ី អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងអញ្ជើញពិសារ អាហារថ្ងៃត្រង់ការងារជាមួយ សមាគមជប៉ុន-កម្ពុជា ផងដែរ។

ក្នុងជំនួបនោះ លោក ហ៊្វុយមីអាគី តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្តេចតេជោដែលតែងតែ​ចូលរួមគាំទ្រដល់សកម្មភាពរបស់សមាគមមិត្តភាពជប៉ុនកម្ពុជា​ ហើយក៏សូមស្វាគមន៍វត្តមានសម្ដេចតេជោ នៅប្រទេសជប៉ុនក្នុងឱកាសនៃការប្រារព្ធ ខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសមាគម ដែលបានគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជាហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ថាជប៉ុនបានជួយដល់ដំណើរការបោះឆ្នោត និងបានស្នើជប៉ុនបន្តការចូលរួម ជួយគាំទ្រនៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាជាបន្តទៀត ពីព្រោះការបោះឆ្នោតកម្ពុជានេះគឺមានលក្ខណៈជាទៀងទាត់តាមអាណត្តិនីមួយៗ។

លោកប្រធានសមាគមក៏បានលើកឡើងពីការបង្កើតនូវសារមន្ទីទឹក និងអភិរក្សត្រីនៅតំបន់មេគង្គនៅកម្ពុជាជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ហើយជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងបានផ្តល់នូវអនុសាសន៍ក្នុងការបង្កើតសារមន្ទីទឹក និងអភិរក្សត្រីនេះគឺត្រូវមានរួមបញ្ចូល ទាំងការភ្ញាស់កូនត្រីផងដែរដើម្បី អាចចែកចាយកូនត្រីដល់ កសិករយើងយកទៅចិញ្ចឹមផងដែរ។

ការជំនួបសំដែងការគួរសមនេះសមាគមមិត្តភាពកម្ពុជាជប៉ុន បានរៀបចំអញ្ជើញសម្ដេចតេជោ និងគណៈប្រតិភូទទួលទានអាហារថ្ងៃត្រង់ ដែលនៅក្នុងឱកាសនៃការទទួលទាននេះ សមាគមមានចូលរួមដោយសមាជិករបស់សមាគមជាច្រើននាក់ ដែលជាតំណាងឱ្យក្រុមហ៊ុនជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានស្វាគមន៍គម្រោងទាំងអស់ ដែលបានវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងក៏បន្តលើកទឹកចិត្តសកម្មភាព វិនិយោគទាំងអស់ នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង