ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ CAMSAFE និងកាកបាទក្រហមកម្ពុជា ផ្តល់សុជីវធម៌ ដល់គ្រូបង្គោល ដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

52

ភ្នំពេញ ៖ អង្គការខេមសេហ្វការ CAMSAFE និងកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ រួមគ្នា ផ្តលវគ្គបណ្ដុះបណ្ដាលជូនគ្រូបង្គោល២៥រូប ស្តីអំពីសុជីវធម៌ផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដល់លោកគ្រូអ្នកគ្រូនៅសាកវិទ្យាល័យភ្នំពេញអន្តរជាតិ សម្រាប់ជាប្រយោជន៏ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ក្រោមឥទ្ធិពលគ្រឿងស្រវឹង ។

លោក គង់ សុវណ្ណ ជាស្ថាបនិកអង្គការ ទ្រទ្រង់សុវត្ថិភាពកម្ពុជា CAMSAFE បានលើកឡើងថា ការផ្តល់ចំណេះដឹងជូនគ្រូបង្គោលទាំងនេះ ក្នុងគោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល ដើម្បីផ្ដល់ចំណេះដឹងឱ្យបានទូលំទូលាយ ពិសេសផ្តោតសំខាន់អំពីផលប៉ះពាល់និងគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបានបង្ករឡើងដោយសារការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដល់អ្នកដែលបានចូលរួម។ សំខាន់ឱ្យលោកគ្រូអ្នកគ្រូនឹងយកចំណេះដឹងដែលទទួលបាននេះ ទៅផ្សព្វផ្សាយបន្ដដល់សិស្ស និស្សិតនៅតាមវិទ្យាល័យ សកលវិទ្យាល័យរៀងៗខ្លួន និងក្រុមហ៊ុន រោងចក្រ នាពេលក្រោយមកបានយល់។

អ្នកស្រី Evelyn Avalos តំណាងអង្គការ UNITAR បានសំដែងនូវក្ដីរីករាយដោយសារបានឃើញកិច្ចសហការដ៏ល្អរបស់ដៃគូ រួមការងារផ្នែកសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវឱ្យមានសណ្តាប់ធ្នាប់ប្រសើរជាងបច្ចុប្បន្ន។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា បើទោះបីនៅក្នុងរបាយការណ៍ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្ហាញថា គ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឈរនៅលំដាប់លេខរៀងទី៤ឬទី៥មែន ប៉ុន្ដែគួរកត់សំគាល់ថាក្រោយពេលដែលមានគ្រោះថ្នាក់កើតឡើងជនរងគ្រោះសន្លប់ឬស្លាប់នោះ គេពិបាកក្នុងការកំណត់អំពីមូលហេតុបង្ករថា ជននោះបានបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងណាស់។ មួយវិញទៀត ការបើកបរហួសល្បឿនកំណត់បានឈរនៅលំដាប់ទី១ នៃមូលហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្ដែនៅពីក្រោយមូលហេតុនេះ គេក៏អាចមានជាប់ពាក់ព័ន្ធដល់មូលហេតុបូកផ្សំគឺការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងផង។ មិនខុសពីការបើកបរវ៉ាជែង ឬបើកបរបញ្ច្រាសទឹសចរាចរណ៍ក៏អាចមានមូលហេតុពីក្រោយគឺការបើកបរក្រោមឥទ្ធិលនៃគ្រឿងស្រវឹងដូចគ្នា។ លោក ជំទាវ ក៏បានរំពឹង និងផ្ដែផ្ដាំដល់សិក្ខាកាមជាគ្រូបង្គោលទាំងអស់គ្នាថា ក្រោយពីបានបញ្ចប់វគ្គនេះរួច សូមយកចំណេះដឹងដែលទទួលបានទៅបង្រៀនបន្ដដល់ទៅសិស្ស មិត្តភក្ដិ បុគ្គលិក កម្មករឲ្យយល់ដឹងច្រើន។ ក្នុងស្មារតីជាគ្រូបង្គោល ត្រូវឧស្សាហ៍រំលឹកពួកគេឲ្យបានញឹកញាប់អំពីការរក្សាសុវត្ថិភាពចរាចរណ៍ ពីគ្រោះថ្នាក់បណ្ដាលពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។ លោកជំទាវ ក៏បានស្នើសុំឲ្យមានការគាំទ្រជួយដល់គ្រូបង្គោលក្នុងការបណ្ដុះបណ្ដាលបន្ដទៀត ដើម្បីឲ្យដំណើរការនេះអាចបន្ដបានវែងឆ្ងាយតទៅមុខ។
សូមបញ្ជាក់ថា: វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្តីអំពីសុជីវធម៌ផ្ទាល់ខ្លួនធ្វើ នៅរាជធានីភ្នំពេញកាលពីម្សិលមិញថ្ងៃទី០២ មីនា ឆ្នាំ២០២៣ ដែលមានគ្រួបង្គោលចំនួន២៥នាក់តំណាងឱ្យ២៥រាជធានី-ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង