ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ស្នើឲ្យអ្នកវិនិយោគជប៉ុន ជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន

70


(តូក្យូ- ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៅកាន់ធុរកិច្ចជនជប៉ុនថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគរបស់ជប៉ុន និងបានធានាជូនអ្នកវិនិយោគគ្រប់រូប នូវបរិស្ថានប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ានប្រមាណបាន។

សម្តេចតេជោ បានថ្លែងថា “តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្ត ដ៏ឈ្លាសវៃរបស់អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន”។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងវេទិកាធុរកិច្ចមេគង្គជប៉ុន “តំបន់ប្រមូលផ្តំនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី” ទីក្រុងតូក្យូ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៨។

ក្នុងបរិមារណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកើតចេញពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៦ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៨ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ សំដៅស្វែងរក ប្រភពកំណើនសេដកិច្ចថ្មី ដើម្បីធានាកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាពដោយទាញយកប្រយោជន៍ពី កាលានុវត្តភាពនៅក្នុងតំបន់, បង្កើតតម្លៃបន្ថែមក្នុងវិស័យចន្ទល់សេដ្ឋកិច្ចដែលមានស្រាប់ និងអនុវិស័យពាក់ព័ន្ធ, ជំរុញការវិនិយោគក្នុងវិស័យកសិកម្ម, រៀបចំខ្លួនសម្រាការឈោងចាប់យកបច្ចេកវិទ្យាថ្មីៗក្នុងយុគសម័យឌីជីយល និងឈោងចាប់យកឱកាសក៏ដូចជាជំនះផលវិបាលពីបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងគោលដៅបម្រើឲ្យបេសកកម្ម នៃការដឹកនាំកម្ពុជាឈានទៅសម្រេចបាន ឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នងន័យនេះ ចតុកោណយុទ្ធសាស្ត្រចំនួន ៤ ត្រូវបានដាក់ចេញដូចខាងក្រោម៖

ចតុកោណទី ១- ការអភិវឌ្ឍធនធានមនុស្ស រួមមាន (១) ការពង្រឹងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, (២) ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស, (៣) ការលើកកម្ពស់សេវាសុខភាព សាធារណៈ និងអាហារូបត្ថម្ភ, និងទី (៤) ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម។

ចតុកោណទី២- ការធ្វើពិពិធកម្មសេដ្ឋកិច្ច រួមមាន (១) ការកែលម្អប្រព័ន្ធឡូជីស្ទិក, ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល, (២) ការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មីៗ, (៣) ការរៀបចំខ្លួនសម្រេចសេដ្ឋកិច្ចឌីជីថល និងឆ្លើតតបនឹងបដិវត្តន៍ឧស្សាហកម្មទី ៤, និងទី (៤) ការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ។

ចតុកោណទី ៣- ការអភិវឌ្ឍវិស័យឯកជន និងការងាររួមមាន (១) ការអភិវឌ្ឍទីផ្សារការងារ, (២) ការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព, (៣) ការរៀបចំ និងអនុវត្តភាពជាដៃគូវិស័យសាធារណៈ និងឯកជន, (៤) ការពង្រឹងការប្រកួតប្រជែង។

ចតុកោណទី ៤- ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន រួមមាន (១) ការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍជនបទ, (២) ការព្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៍ប្រកបដោយចីរភាព, (៣) ការពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម, និង (៤) ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងបន្តថា កម្ពុជា ជាប្រទេសមួយក្នុងតំបន់មេគង្គដែលមានសក្តានុពល និងកាលានុវត្តភាពជាច្រើនក្នុងការទាក់ទាញអ្នកវិនិយោគ ដូចខាងក្រោម៖
ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងសន្តិសុខពេញលេញក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិត លើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងអត្រាកំណើតសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧% ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងទៅនេះ។ កាលពីសប្តាហ៍កន្លងទៅ មូលនីធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការព្យាករថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានកំណើនក្នុងអត្រា ៧,២៥% ក្នុងឆ្នាំ២០១៨ ដែលអត្រាកំណើននេះ នឹងរក្សាបានក្នុងឆ្នាំខាងមុខ។ តាមរយៈកំណើនសេដ្ឋកិច្ចគួរឲ្យស្ញប់ស្ញែង និងកំណែទម្រង់មួយចំនួន កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅ រកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទី២៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា “រោងចក្រនៃអាស៊ី” ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។ ជាមួយគ្នានេះដែរ ការផ្លាស់ប្តុរទីប្រជុំទម្ងន់នៃកំណើនសេដ្ឋកិច្ចមកទ្វីបអាស៊ី ពិសេសអាស៊ីបូព៌ា បន្តនៅជា “ឱកាសមាស” សម្រាប់កម្ពុជាធ្វើការអភិវឌ្ឍ និងធ្វើទំនើបកម្ម ឧស្សាហកម្ម ផលិតកម្ម និងសេវាកម្ម ជាមួយបណ្តាប្រទេសក្នុងតំបន់។

ទី ៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុនោះប្រជាជនដែលមានអយុត្រឹម ៣៥ ឆ្នាំចុះមានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងវណ្ណៈកណ្តាល នឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់សម្រាប់រយៈពេល ៣ ទសវត្សរ៍ខាងមុខ។

ទី ៤៖ កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើសរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។ យើងបានបើកចំហគ្រប់វិស័យ រួមទាំង វិស័យធនាគារ វិស័យធានារ៉ាប់រង និងវិស័យទូរគមនាគមន៍ ដែលជាទូទៅប្រទេសជាច្រើននៅក្នុងពិភពលោក មិនអនុញ្ញាតឲ្យអ្នកវិនិយោគ ១០០% ដោយគ្មានការចូលរយមពីសំណាក់អ្នកវិនិយគជាតិនៅវិស័យទាំងនោះឡើយ។ កម្ពុជានៅមានសក្តានុពលយ៉ាងច្រើនក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ រួមមានការបន្តបង្កើនភាពស៊ីជម្រៅនៃអន្តរការីកម្មហិរញ្ញវត្ថុ ការលើកម្ពស់វិស័យធានារ៉ាប់រង និងការអភិវឌ្ឍទីផ្សារមូលបត្រ។

ទី ៥៖ ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គងសម្រាប់តែទីផ្សាកម្ពុជា ដែលមានប្រជាជនប្រមាណតែជាង ១៥ លាននាក់តែប៉ុណ្ណោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គ ដែលមានអតិថិជនប្រមាណ ២៥០ លាននាក់ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ ៦៣០ លាននាក់ និងទីផ្សារនៅក្នុងតំបន់ នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយតំបន់ (RECP) ដែលមានអតិថិជនប្រមាណ ៣ ប៊ីលាននាក់ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។

ទី ៦៖ កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្ម និងតភ្ជាប់តាមបោះប៉ូលសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងប្រទេស និងនៅក្នុងតំបន់ ដែលនឹងបង្កើតនូវប្រព័ន្ធឡូជីស្ទីកដ៏រស់រវើក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ជាកត្តាជំរុញឲ្យកម្ពុជាបោះជំហាន់ទៅមុខកាន់តែលឿន និងដើរតួនាទីកាន់តែសំខាន់ក្នុងការចូលរួម និងបំពេញគ្នា ទៅវិញទៅមកក្មុងស្មារតីឈ្នះ-ឈ្នះ ជាមួយបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់មេគង្គ ដើម្បីធ្វើឲ្យតំបន់នេះក្លាយជាតំបន់ប្រមូលផ្តុំថ្មី នៃខ្សែច្រវាក់តម្លៃរបស់អាស៊ី ប្រកបដោយជវភាព។ លើសពិនេះទៅទៀត ជាងពេលណាៗទាំងអស់ ចាប់តាំងពីការចូលជាធរមាន នៃសហគមន៍សេដ្ឋកិច្ចអាស៊ាននាខែធ្នូឆ្នាំ២០១៥ បណ្តាប្រទេសតំបន់មេគង្គបានធ្វើឲ្យសមាហរណកម្ម កាន់តែស្និទ្ធស្នាលជាងមុន និងកំពុងតែប្រែក្លាយតំបន់ទៅជា “រោងចក្រអាស៊ីអាគ្នេយ៍”។

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា “ក្នុងឱកាសនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគជប៉ុន ដែលមិនទាន់បានមកកម្ពុជាអញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីទាក់ទាញយកប្រយោជន៍ជាអតិបរមាពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលជប៉ុនបានជួយគាំទ្រដល់កម្ពុជា។ ជាថ្មីម្តងទៀតក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមធានាជូន អ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយោគ ពីសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ានប្រមាណបាន”៕

អត្ថបទដែលជាប់ទាក់ទង