ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងព្រះបរមរាជវាំង ៖ អគ្គិភ័យឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី

195

 

ភ្នំពេញ ៖ បើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ខែមីនាឆ្នាំ២០២៣នេះ , ក្រសួងព្រះបរមរាជវាំង សូមប្រកាសជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២:០៥នាទី មានអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ( ទុស្សេខ្សែភ្លើង ) ។
ក្រសួងព្រះបរមរាជវាំង មានការសោកស្តាយជាពន់ពេក ចំពោះព្រឹត្តិការណ៍ជាអកុសលនេះ ។

អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់តាមបណ្ដាញហ្វេសប៊ុកនៅមុននេះបន្តិចថា យើងពិតជាសោកស្តាយ ចំពោះអគ្គីភ័យ ដែលបានឆាបឆេះអគារមួយ នៃព្រះរាជដំណាក់សៀមរាប ដែលជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត កាលពីម៉ោង ១០:០៥នាទីយប់ ស្ថានភាពពេលនេះកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង។

លោក ទៀ សីហា បន្តថា សូមថ្លែងអំណរគុណកងកម្លាំងដែលបានអន្តរាគមន៍ យ៉ាងទាន់ពេលវេលា និងសូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានបារម្ភពីឧប្បត្តិហេតុនេះ។ សូមបញ្ជាក់ថាអគ្គីភ័យនេះកើតឡើង នៅយប់ថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២៣ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ករណីនេះត្រូវបានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានជួយបាញ់ទឹកពន្លត់ ហើយបានរលត់ទៅវិញទាំងស្រុងហើយ ម៉ោងប្រម៉ាណជាង ១២ យប់ ឈានចូលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣។ ជាមួយគ្នានេះដែរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកនាំមន្ត្រីចុះបញ្ជាផ្ទាល់ដើម្បីប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង