ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជំរុញឲ្យមន្ទីរឧស្សាហកម្ម​ខេត្ត​ប៉ៃលិន​ យកចិត្តទុកដាក់ឲ្យបានម៉ត់ចត់បំផុត ​លើការងារ​មាត្រាសាស្ត្រ​ គឺដាច់ខាតអនុវត្តឲ្យបានត្រឹមត្រូវ​ គឺជញ្ជីងថ្លឹងផលិតផលកសិផល​ប្រជាពលរដ្ឋ​ ក្នុងរដូវប្រមូលផល

87

 

ប៉ៃលិន ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានលើកឡើងដោយ​បានសង្កត់ធ្ងន់ឲ្យមន្ទីរឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ខេត្ត​ប៉ៃលិន​ យកចិត្តទុកដាក់ឲ្យបានម៉ត់ចត់បំផុត ​លើការងារ​មាត្រាសាស្ត្រ​ គឺដាច់ខាតអនុវត្តឲ្យបានត្រឹមត្រូវ​ជាពិសេស​ គឺជញ្ជីងថ្លឹងផលិតផលកសិផល​ប្រជាពលរដ្ឋ​ ក្នុងរដូវប្រមូលផល​ ដូចជា​ ដំឡូងមី​ ពោត​ ស្វាយ​ តាង៉ែន​ ឬដំណាំហូបផ្លែដ៏ទៃទៀត​ គឺត្រូវប្រាកដថាជញ្ជីងថ្លឹងលើកសិផលទាំងនោះ​ មានភាពត្រឹមត្រូវមិនលំអៀង​ គឺមិនស៊ីភ្នែកជញ្ជីង​ គឺក្នុងគោលបំណងការពារផលប្រយោជន៍ប្រជាកសិករយើងគ្រ​ប់​រូប​ ​ដែលខិតខំប្រកបរបរដាំដុះដោយលំបាក។​

នៅព្រឹកថ្ងៃទី​១២​ ខែ​មីនា​ ឆ្នាំ​២០២៣​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រកាសតែង​តាំង​មុខតំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ខេត្ត​ប៉ៃលិន​ នៅមន្ទីរអប់រំ​យុវជន​ និងកីឡា​ ខេត្ត​ប៉ៃលិន​ ។

មានប្រសាសន៍​នាឱកាសនោះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​ពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខដោយក្តីនឹករលឹកពី​សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាពលរដ្ឋរបស់យើងនៅខេត្តប៉ៃលិនទាំងអស់ ដែលបានខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ចូលរួមថែរក្សាការពារសុខសន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ រក្សាបានស្ថិរភាពនយោ​បាយ ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ​ ។
យើងទាំងអស់គ្នាពិតជាមានភាពកក់ក្តៅ និងក្តីសប្បាយ​រីករាយជាខ្លាំង ដោយបានឃើញប្រទេសជាតិ មានសុខសន្តិភាពពេញលេញបរិបូរណ៍ មាន​ឱកាសអភិវឌ្ឍជាតិមាតុភូមិ រហូតសម្រេចបាននូវការ រីកចម្រើនលូតលាស់លើគ្រប់វិស័យ និងមានអ្វីៗគ្រប់បែបយ៉ាងដូចបច្ចុប្បន្ននេះ ដែលពីមុនមក យើងមិននឹកស្មានដល់។ សមិទ្ធផលដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានទាំងអស់នេះ បានកើតមានឡើង ក្រោម “ម្លប់សន្តិភាព” ដែលមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិ​យើង ក្រោមការដឹកនាំដ៏ ឈ្លាសវៃ ត្រឹមត្រូវ ប្រកបដោយគតិ​បណ្ឌិតដ៏ខ្ពង់ខ្ពស់​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រ​កម្ពុជា។

ស្នាដៃដឹកនាំប្រទេសនេះ គឺជាមោទនភាព ជាតិ និងជាកាលានុវត្តន៍ភាពដ៏អស្ចារ្យ ដែលពុំត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ដែលទទួលស្គាល់ នូវសច្ចភាពនេះ ប៉ុន្តែត្រូវបានមជ្ឈដ្ឋានអន្តរជាតិ និងប្រទេសលើ​សកលលោកទទួលស្គាល់ជាសកល និងកត់ត្រាជាគំរូ។ ផ្តើមចេញពីជោគជ័យដ៏ប្រត្យក្សនេះ ទើបនាំមកនូវវិបុលភាព សុខដុមរមនា ហើយប្រទេសជាតិរបស់យើងបានបន្តការអភិវឌ្ឍប្រ​​ទេសលើគ្រប់វិស័យ ហើយនាំមកនូវការកែប្រែ កំណើនសេដ្ឋកិច្ចជាតិ ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ពីអត្រាអវិជ្ជមាន -៣,១% នៅក្នុង ឆ្នាំ២០២០ ជំរុញទៅជាកំណើនវិជ្ជមានដល់ ៥,២% ក្នុងឆ្នាំ​២០២២កន្លងមក។

តាមការព្យាករណ៍, ជាមួយនឹងបរិយាកាសអំណោយផលខាងបរិស្ថានសេដ្ឋកិច្ច សង្គម និងវិនិយោគបែបនេះ កម្ពុជាអាច នឹងបន្តសម្រេចបានអាត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,៦% ក្នុងឆ្នាំ២០២៣នេះ។

ជាមួយនឹងការអបអរសាទរចំពោះលោក​ ដួង​ អ៊ីម​ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរ​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងបានណែ​នាំ​ឲ្យលោកដួង​ អ៊ីម​ បន្តខិតខំបំពេញភារកិច្ចជូនក្រសួង និងជូនខេត្ត​ ក្នុងការបម្រើប្រជាពលរដ្ឋ, ធុរ​ជន អាជីវករ​នានាក្នុងខេត្ត​ ,ដោះស្រាយបញ្ហាប្រឈមនានាក្នុងអង្គភាព, រក្សាឱ្យបាននូវធ្លុងសាមគ្គី​ភាព ឯកភាពគ្នាក្នុងមន្ទីរ ហើយសកម្មធ្វើការងារ, ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ និងធ្វើជាគំរូល្អដល់មន្ត្រី ក្រោមឱវាទរួចមក​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានលើកឡើងពីភារកិច្ចរបស់ក្រសួង​ ហើយ​បានសង្កត់ធ្ងន់ឲ្យមន្ទីរយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់បំផុត​លើការងារ​មាត្រាសាស្ត្រ​ គឺដាច់ខាតអនុវត្តឲ្យបានត្រឹមត្រូវ​ជាពិសេស​ គឺជញ្ជីងថ្លឹងផលិតផលកសិផល​ប្រជាពលរដ្ឋ​ ក្នុងរដូវប្រមូលផល​ ដូចជា​ ដំឡូងមី​ ពោត​ ស្វាយ​ តាង៉ែន​ ឬដំណាំហូបផ្លែដ៏ទៃទៀត​ គឺត្រូវប្រាកដថាជញ្ជីងថ្លឹងលើកសិផលទាំងនោះ​ មានភាពត្រឹមត្រូវមិនលំអៀង​ គឺមិនស៊ីភ្នែកជញ្ជីង​ គឺក្នុងគោលបំណងការពារផលប្រយោជន៍ប្រជាកសិករយើងគ្រ​ប់​រូប​ ​ដែលខិតខំប្រកបរបរដាំដុះដោយលំបាក​ ៕

 

អត្ថបទដែលជាប់ទាក់ទង