សម្ដេចតេជោ ហ៊ុន សែន ៖ បច្ចុប្បន្ននេះទីផ្សារឈើនៅបណ្ដាប្រទេសអឺរ៉ុប កំពុងតែមានតម្រូវការខ្ពស់ បន្ទាប់ពីថាមពលអគ្គិសនីដែលបញ្ជូនពីរុស្ស៉ី ត្រូវបានកាត់ផ្ដាច់ ឬប្រទេសអឺរ៉ុបទាំងនោះមិនទទួលយក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះទីផ្សារឈើនៅបណ្ដាប្រទេសអឺរ៉ុប កំពុងតែមានតម្រូវការខ្ពស់ បន្ទាប់ពីថាមពលអគ្គិសនីដែលបញ្ជូនពីរុស្ស៉ី ត្រូវបានកាត់ផ្ដាច់ ឬប្រទេសអឺរ៉ុបទាំងនោះមិនទទួលយក ក្រោយហេតុផលនៃការដាក់ទណ្ឌកម្ម ព្រោះតែសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែង។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងនៅតំបន់នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អឺរ៉ុបបច្ចុប្បន្ននេះទីផ្សារឈើមានតម្លៃ ដោយសារតែប្រទេសអឺរ៉ុបដាក់ទណ្ឌកម្មលើរុស្ស៉ីខ្លាំង ហើយអឺរ៉ុបមួយចំនួនមិនទិញឧស្ម័នពីរុស្ស៉ី ដល់អញ្ចឹងប្រជាជនធ្លាប់តែប្រើឧស្ម័នកម្ដៅក្នុងផ្ទះនោះ ឬចម្អិនអាហារគាត់អត់មាន ទៅជារងា ហើយកាប់អុសយកមកប្រើ។ អញ្ចឹងបានគេថា ផ្សារទំនើបនៅអង់គ្លេស ផ្សារទំនើបនៅអាល្លឺម៉ងទីផ្សារអុស អញ្ចឹងបើសិនសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែនតទៅទៀត អឺរ៉ុបនឹងកាប់ឈើយកមកចម្អិនអាហារ យកមកប្រើប្រាស់ ស្ថានភាពនេះមិនមែនជារឿងងាយស្រួលនោះទេ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងទៀតថា ប្រទេសអឺរ៉ុបមួយចំនួនចាប់ផ្ដើមបង្ខំប្រើប្រាស់ធ្យូងថ្មឡើងវិញ បន្ទាប់ពីឆ្នាំ២០២១បានប្រកាសនៅទូទាំងពិភពលោកថា មិនកសាងអគ្គិសនីដើរដោយធ្យូងថ្ម ប៉ុន្ដែទីចុងបំផុតប្រទេសអឺរ៉ុបមួយចំនួន បានប្រើប្រាស់ធ្យូងថ្មឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ដូច្នេះកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុលែងមានន័យ ព្រោះប្រទេសដែលនាំគ្នាសន្យាស្ដីពីការកាត់បន្ថយការប្រើប្រាស់រោងចក្រដើរដោយថាមពលធ្យូងថ្ម ទៅជាប្រើធ្យូងថ្ម ធ្វើឲ្យកម្មវិធីកាត់បន្ថយជាតិពល ដែលបណ្ដាលមកពីធ្យូងថ្មលែងមានន័យ ដោយសារមានការពាក់ព័ន្ធគ្នា។
គួរជម្រាបថា ដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឲ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនីមានការកើនឡើង ហើយក៏ជះឥទ្ធិពលមួយចំនួនដល់ប្រទេសនានា ក្នុងកម្ពុជា ក៏ទទួលរងនូវផលប៉ះពាល់ផងដែរ។
សម្រាប់ឆ្នាំ២០២២កន្លងមកនេះ រាជរដ្ឋាភិបាលបានចេញថ្លៃខាតលើអគ្គិសនីប្រហែល ២០០លានដុល្លារអាមេរិក។ បើទោះបីជាថ្លៃអគ្គិសនី ដែលប្រទេសជិតខាងវៀតណាម និងថៃ ដែលលក់ឲ្យកម្ពុជាឡើងថ្លៃក៏ដោយ ក៏មិនប៉ះពាល់ដល់អ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទដែរ ដោយសារតែរាជរដ្ឋាភិបាល បានប្រកាសមិនឲ្យមានការដំឡើងថ្លៃអគ្គិសនី សម្រាប់ឆ្នាំ២០២៣នេះ៕