ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរ៤នាក់​ លួចលូកកាបូបក្នុងសាលាឆាន់វត្តភ្នំសំពៅ ត្រូវប្រជាពលរដ្ឋចាប់ក្របួចប្រគល់ឲ្យសមត្ថកិច្ច​

86


ខេត្តបាត់ដំបង ៖​ ជនសង្ស័យចំនួន​ ៤នាក់​ ជាមុខសញ្ញាលូកកាបូបលួចលុយគេ នៅក្នុងសាលាឆាន់វត្តភ្នំសំពៅ​ ស្រុកបាណន់​ ខេត្តបាត់ដំបង ត្រូវប្រជាពលរដ្ឋចាប់បាន​ និងប្រគល់ជូនសមត្ថកិច្ចបញ្ជូនមកស្នងការខេត្ត​ ដើម្បីចាត់ការបន្តតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង​ បានឲ្យដឹងថា ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដឹកនាំដោយលោក ឈឿង គឹមសុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ បានចុះបង្ក្រាបតាមបណ្តឹងរបស់ជនរងគ្រោះពីករណីលួច នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨​ នៅក្នុងសាលាឆាន់វត្តភ្នំសំពៅ។

លោកបានបញ្ជាក់ថា ក្រោយទទួលបណ្តឹងពីជនរងគ្រោះហើយ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ភ្លាមៗ​ ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យមានឈ្មោះ ផល អ៊ីម ភេទស្រី, ឈ្មោះ ហង្ស ណារី ភេទស្រី, ឈ្មោះ ពេជ្រ សុភ័ក្រ្ត​ និងឈ្មោះ ផល ផា។

ចំណែកជនរងគ្រោះមានឈ្មោះ ចេង ប៊ុនរ៉ានី ភេទស្រី អាយុ៣១ឆ្នាំ​ នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង​ រីឯសម្ភារៈដែលបាត់បង់នោះ​ គឺលុយជាង​ ១,០០០ដុល្លារ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង៤នាក់​ ត្រូវបានក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ប្រគល់ឲ្យទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង