ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម កម្ពុជា- ចិន បានចុះកិច្ចសន្យារួមគ្នា ដើម្បីពង្រឹងនូវចំណុចដែលខ្វះខាត និងធ្វើយ៉ាងណាសម្រេចបាននូវការនាំចេញកសិផលពីប្រទេសកម្ពុជា ត្រង់ទៅប្រទេសចិន

126

ភ្នំពេញ ៖ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅព្រឹក ថ្ងៃអង្គារ ទី ១៤ ខែមីនា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ បានសហការជាមួយសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានរៀបចំពិធីចុះកិច្ចសន្យាទិញ-លក់ចំណិតដំឡូងមីស្ងួត រវាងសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន ក្រោមអធិបតីភាព លោក ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅសណ្ឋាគារសុខាភ្នំព

ពិធីចុះកិច្ច សន្យាផលិតកម្មកសិកម្ម នេះ មានគោលបំណង ដើម្បីជំរុញ នាំចេញ ដំឡូងមី ដោយត្រង់ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុប ៥០០០០០ តោន ក្នុង១ឆ្នាំ ដោយយកខេត្តបាត់ដំបងជាទីតាំងគោល។
លោក ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងដែរថា៖ នៅក្នុងអនុក្រឹត្យលេខ៣៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា របស់រាជរដ្ឋាភិ បាលកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖ (១)ពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នា រវាងភាគីអ្នកផលិត និងភាគីអ្នកទិញ ដោយឈរលើគោលការណ៍ស្មើភាព និងយុត្តិធម៌ (២)ធានាឲ្យមានភាពច្បាស់លាស់អំពីតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម តាមបរិមាណនិង គុណភាព (៣)បង្កើនការប្រមូលទិញ ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម (៤)រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
លោក អនុរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា៖ ការចុះអនុសារណៈយោគយល់គ្នារវាងកម្ពុជា និងចិននេះ គឺជាការបង្ហាញពីទំនាក់ទំនងកាន់តែល្អរវាងប្រទេសទាំងពីរ និងការវិនិយោគពីក្រុមហ៊ុនបរទេសធំៗ និងការនាំចេញផលិតផលកម្ពុជាទៅឆាកអន្តរជាតិស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ លោកសង្ឃឹមថា ក្រុមហ៊ុន Global Ecological Rice (Cambodia) នឹងអាចពង្រីកទីតាំងរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដើម្បីគាំទ្រវិស័យកសិកម្មកម្ពុជា។
ក្នុងនោះដែរ លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានលើកឡើងថា៖ សហភាពមានសមត្ថភាពរឹងមាំ ក្នុងការស្វែងរកដៃគូកិច្ចចរចា និងពង្រឹងទំនាក់ទំនងទីផ្សារកសិកម្មជាមួយក្រុមហ៊ុនបរទេសធំៗកាន់តែច្រើន ដើម្បីនាំយកផលិតផលកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ។ ដោយឡែក ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិននេះ គឺជាលទ្ធផលផ្លែផ្កាមួយក្នុងការចរចា ដើម្បីអភិវឌ្ឍន៍ការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស ហើយក៏ជាប្រយោជន៍រួមរបស់ប្រជាកសិករកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖ តាមរយៈទំនាក់ទំនង និងកិច្ចចរចាជាមួយក្រុមហ៊ុនកន្លងមក ភាគីចិន និងកម្ពុជា មានឆន្ទៈរួមគ្នាដើម្បីពង្រឹងនូវចំណុចដែលខ្វះខាត និងធ្វើយ៉ាងណាសម្រេចបាននូវការនាំចេញកសិផលពីប្រទេសកម្ពុជាត្រង់ទៅប្រទេសចិនតែម្តង ព្រមទាំងធ្វើឱ្យមានស្ថេរភាព រក្សាបានផលចំណេញចំពោះភាគីទាំងសងខាង និងជាពិសេស ធានាបានស្ថេរភាពទីផ្សារកសិផលសម្រាប់កសិករ។
លោក ចៃ មុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambo dia) បានលើកឡើងថា មុននឹងចុះកិច្ចសហការជាមួយនឹងកម្ពុជា ក្រុមហ៊ុន ក៏សហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិច Guangxi សិក្សាពីដី ពូជដំឡូងមី និងទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលត្រូវតាមតម្រូវការរបស់ក្រុមហ៊ុន ថែមទាំងមានការយល់ព្រមពីរដ្ឋាភិបាលចិនក្នុងការនាំចេញផលិតផលកម្ពុជាទៅប្រទេសចិនផងដែរ។
លោកបន្តទៀតថា ក្រុមហ៊ុននឹងចាប់ដៃជាមួយស្ថាប័នស្រាវជ្រាវគ្រាប់ពូជស្រូវកំពូលរបស់ប្រទេសចិន និងស្ថាប័នស្រាវជ្រាវគ្រាប់ពូជដំឡូងមី សហគ្រាសកែច្នៃស្រូវ (ឧស្សាហកម្មអង្ករ JinJian) រោងចក្រចំណីដំឡូងមី (Xin WuFeng) និងសហគ្រាសកែច្នៃដំឡូងមី (ឱសថ ErKang) ដើម្បីជួយដល់ប្រជាជនកម្ពុជាបង្កើនផលិតកម្មស្រូវ និងដំឡូងមីនៅកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏នឹងពង្រីកផ្ទៃដីដាំដុះ ពង្រីកការនាំចេញ ស្រូវ និងដំឡូងមី និងផលិតផលកសិកម្មកែច្នៃ ដើម្បីជួយកសិករឱ្យកាន់តែមានជីវភាពល្អប្រសើរ និងបើកជំពូកថ្មីក្នុងការកសាងសហគមន៍ ចិន-កម្ពុជា ជាមួយគ្នាពេលអនាគត៕. សំរិត

អត្ថបទដែលជាប់ទាក់ទង