ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង ជម្រុញអោយអាជ្ញាធរខណ្ឌ និងកម្លាំងសមត្ថកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដែលកម្ពុជានឹងត្រូវធ្វើ ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម

55

 

ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោកឃួង ស្រេង បានជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈ
ដែលកម្ពុជានឹងត្រូវធ្វើ ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខនេះ ដោយប្រកួតកីឡាស៊ីហ្គេមនេះ
នៅសល់តែ៥២ថ្ងៃទៀតប៉ុណ្នោះ។

ការជម្រុញបែបនេះលោកឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ កិច្ចប្រជុំនេះធ្វើឡើងមួយផ្នែក ដើម្បីពិនិត្យ ពីវឌ្ឍនភាពការងារត្រៀមសហការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអនុគណៈកម្មការចំពោះកិច្ច និងការពង្រឹងកិច្ចការរងារ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងការប្រកួតកីឡានេះ។

លោកឃួង ស្រេង បានបន្តទៀតថា ការងារធំរបស់យើងគឺកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បំផុត កុំអោយមានបទល្មើសកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសថែមទៀតនោះ គឺកិច្ចការពារ សន្តិសុខ ជូនប្រតិភូ កីឡាករ ភ្ញៀវជាតិ អន្តរជាតិ ដែលមកចូលរួមក្នុងពិធីដ៏ធំនេះ។

លោកឃួង ស្រេង បានបន្តទៀតថា៖ ចំពោះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវ
យកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវ តុបតែងភ្លើងបំភ្លឺសាធារណៈ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រង ពិសេសផ្លូវសំខាន់ ចូលទៅក្នុងពិធី ដូចជាផ្លូវជាតិលេខ៥ លេខ៦ ផ្លូវ២ខ្សែថ្មីចូលទៅកាន់មហាវិថីឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះនេះតែម្តង។ ចំពោះអាជ្ញាធរខណ្ឌទាំង១៤ ក្រៅពីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ហើយ ការសំអាត អនាម័យបរិស្ថានក៏ត្រូវយកចិត្តទុកដាក់ ជាមួយនិងការចលនាប្រជាពលរដ្ឋអោយដាក់ទង់ជាតិ ព្រោះនេះជាមុខមាត់របស់ប្រទេសយើងទាំងមូល។

គួរបញ្ជាក់ថា៖ ការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានអនុវត្តការងារ ដាច់ដោយឡែកតែឯងនោះទេ តែជាការងារដែលត្រូវសហការជាមួយអនុគណៈកម្មការចំពោះកិច្ច មានទាំងការរៀបចំសណ្តាប់ធ្នាប់ ការងារអនាម័យបរិស្ថាន ការជួសជុលកែលំអរផ្លូវ និងការងារចរាចរណ៍ជាដើម បើទោះបីការងារនេះ ស្ថិតក្នុងការគ្រប់គ្រងនិងទទួលខុសត្រូវទាំងស្រុងរបស់អាជ្ញាធររាជធានីភ្នំពេញក្តី៕

អត្ថបទដែលជាប់ទាក់ទង