ឯកឧត្តមឃួង ស្រេង ពិនិត្យមើលទីតាំង នៅក្នុងបរិវេណវត្តវត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ ត្រៀមរៀបចំកម្មវិធីបុណ្យកាត់ឬសសីមាព្រះវិហារ
ភ្នំពេញ ៖ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកន្លងផុតទៅ នៅវត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុ ដែលមានទីតាំងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែន សុខ នឹងមានកម្មវិធីបុណ្យដ៏ធំមួយ នោះគឺបុណ្យកាត់ឬសសីមាព្រះវិហារ នៅក្នុងទីអារាមនេះ ដែលពិធីបុណ្យនេះធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើម ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
ដើម្បីឲ្យដំណើរការនៃការរៀបចំពិធីបុណ្យដ៏ធំនេះ ដំណើរការទៅដោយរលូន នៅសៀលថ្ងៃទី១៥ មីនាឆ្នាំ ២០២៣នេះ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរដែនដី ចុះពិនិត្យមើលទីតាំង នៅក្នុងបរិវេណវត្តវត្តព្រះបារមីវង្គដ្ឋបូរីកបិលភ័ស្តុនេះ ដើម្បីត្រៀមរៀបចំឲ្យបានប្រសើរឡើង ដោយគិតគូរទាំងសណ្តាប់ធ្នាប់ របៀបរៀបរយនិងបរិស្ថាន ឲ្យបានល្អប្រសើរ ពេលកម្មវិធីបុណ្យចាប់ផ្តើម ដោយសារតែពិធីបុណ្យនេះ នឹងត្រូវធ្វើឡើងរយៈពេល៣យប់និង ៤ថ្ងៃ មានទាំងការរៀបចំសម្តែងសិល្បៈកំសាន្តផងដែរ។
បើទោះបីជាយ៉ាងណាក្តី ក្រុមការងារពាក់ព័ន្ធនឹងការងារនេះ បាននិងកំពុងចាប់ផ្ដើមដំណើរការសំអាត លាបថ្នាំចេតិយ ក៏ដូចជាទីតាំងផ្សេងទៀតជាបណ្តើរៗហើយ ទាំងទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម ពោលគឺពេលកម្មវិធីចាប់ផ្តើម អ្វីៗត្រូវបានត្រៀមរៀបចំរួចជាស្រេច៕