ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ឌិត ហ៊ុន ម៉ាណែត ណែនាំអោយមន្ត្រី រៀនវិបស្សនា ឆ្លុះកញ្ចក់ ដុសក្អែលមើលខ្លួនឯងឲ្យបានល្អ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ

90

 

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា រៀនវិបស្សនា ឆ្លុះកញ្ចក់ ដុសក្អែលមើលខ្លួនឯងឲ្យបានល្អដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋ គោរព ស្រលាញ់យើង នោះពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបំរើពួកគាត់បន្តទៀតហើយ។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត បានអំពាវនាវអោយប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះតេលេក្រាម ដែលបានបន្លំប្រើប្រាស់ឈ្មោះ និងរូបរបស់លោក ក្នុងគោលដៅបោកប្រាស់ ឬគោលបំណងអាក្រក់ផ្សេងៗទៀត។

ការណែនាំនិងអំពាវនាវបែបនេះរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើង នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រពសុគន្ធារី នៅវត្តធម្មវិបស្សនារាម ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងថា៖ កន្លងមកនេះ មានករណីជនបោកប្រាស់បានបង្កើតគណនីតេលេក្រាមដោយបន្លំប្រើប្រាស់រូបភាព និងឈ្មោះឯកឧត្តមបណ្ឌិត ដើម្បីផ្ញើសារ ក្នុងគោលដៅបោកប្រាស់ ឬគោលបំណងផ្សេងៗ។ សូមបងប្អូន ពូមីង តាយាយមេត្តាជ្រាប និងប្រុងប្រយ័ត្នខ្ពស់បំផុត និងកុំចាញ់តាមការបោកប្រាស់របស់ក្រុមទាំងនេះ នាំឲ្យមានការខាតបង់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិជាដេីម ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ទៀតថា ៖ ក្នុងខណ្ឌកំបូលនេះពីមុនជាវាលស្រែ ដែលទាហានអាចលោតឆ័ត្រយោងបាន តែពេលនេះ មានការអភិវឌ្ឍរីកចំរើនខ្លាំង ទាំងអាណាចក្រនិងពុទ្ធចក្រ។ ជាក់ស្តែងនៅពេលនេះ នៅវត្តធម្មវិបស្សនារាមនេះ មានការអភិវឌ្ឍរីកចំរើន តាមរយៈការកសាងសមិទ្ធផលជាច្រើន ដែលកើតចេញពីសទ្ធាជ្រះថ្លា ពីសប្បុរសជននានា ដែលបានរួមគ្នា។ នេះជាវប្បធម៌ចែករំលែក ក្រោមតំបូលសន្តិភាព ។ បើគ្មានសន្តិភាព បើគ្មានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩បានល្អទេ យើងមិនអាចឈរនៅទីនេះ ជួបគ្នានៅទីនេះបាននោះទេ។ នេះគឺបានមកពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំអោយមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា រៀនធម្មវិបស្សនា មើលខ្លួនឯង ដោយឆ្លុះកញ្ចក់ ដុសក្អែលខ្លួនឯង ដើម្បីបំរើប្រជាពលរដ្ឋឲ្យបានល្អ ។ បើប្រជាពលរដ្ឋគោរព ស្រលាញ់ នោះពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបម្រើពួកគាត់បន្តទៀតហើយ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើង ពីប្រវត្តិនៃការកកើតវត្តធម្មវិបស្សនារាម ដែលវត្តនេះមានអាយុកាលចំនួន១៩៣ឆ្នាំមកហើយ ដោយឆ្លងកាត់ព្រះចៅអធិការវត្តចំនួន១៣អង្គ។ ចំពោះសមិទ្ធផលនានាដែលត្រូវសម្ពោធដាក់អោយប្រើប្រាស់នៅពេលនេះ មានដូចជាកុដិ សាលាបុណ្យ ផ្លូវបេតុង បង្គោលភ្លើង បន្ទប់ទឹក និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលសរុបជាថវិកា មានចំនួន១០៤៨០០០ដុល្លារអាមេរិក ដើម្បីទុកជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ។

ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា សមិទ្ធផលទាំងនេះពិតជាបានកើតឡើងពី ប្រទេសជាតិមានសន្តិភាពពេញលេញ ដែលរកបានមកដោយលំបាករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈគោលនយោបាយឈ្នះឈ្នះ ។ សន្តិភាព មានតម្លៃមិនអាខកាត់ថ្លៃបាន ។ ឯកឧត្ដមបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឃរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ ។ លោកបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រយ៉ាងពេញទំហឹងផងដែរ ចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង