ក្រសួងរ៉ែ និង ADB ផ្សព្វផ្សាយពីផែនការមេអភិវឌ្ឍន៍វិស័យថាមពល និងគោលនយោបាយជាតិ ប្រសិទ្ធភាពថាមពលកម្ពុជា
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រៀបចំវេទិកាថាមពលដើម្បីផ្សព្វផ្សាយផែនការមេអភិវឌ្ឍន៍វិស័យថាមពល (Power Development Masterplan ឬ PDP) និងគោលនយោបាយជាតិ ប្រសិទ្ធភាពថាមពលកម្ពុជា (National Energy Efficiency Policy ឬ NEEP) ដែលទើបអនុម័តនាពេលថ្មីៗនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
PDP ជាផែនការរយៈពេលវែងដំបូងរបស់កម្ពុជា សម្រាប់វិស័យថាមពលរបស់ខ្លួន ដែលរួមមានសេណារីយ៉ូជាច្រើន សម្រាប់ផែនការរយៈពេល២០ឆ្នាំ ដែលរួមបញ្ចូលកំណើនតម្រូវការអគ្គិសនី ការពង្រីកប្រភពផលិតថាមពល និងការអភិវឌ្ឍបណ្តាញបញ្ជូននិងចែកចាយ។
NEEP គឺជាគោលនយោបាយដំបូងរបស់កម្ពុជា ស្តីពីប្រសិទ្ធភាពថាមពល ហើយវាមានក្របខ័ណ្ឌគាំទ្រសម្រាប់ការអភិវឌ្ឍនៃវិស័យនេះ នាពេលអនាគត។ NEEP កំណត់គោលដៅជាតិប្រកប ដោយមហិច្ឆតាសម្រាប់ការកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងហោចណាស់ ១៩% ត្រឹមឆ្នាំ ២០២៣ ធៀបនឹងសេណារីយ៉ូ ដែលគ្មានប្រសិទ្ធភាពថាមពល។ NEEP ក៏កំណត់វិធានការ និងឧបករណ៍ ដែលរាជរដ្ឋាភិបាលនឹងផ្តល់អាទិភាព និងអភិវឌ្ឍ ដើម្បីគាំទ្រដល់ការអនុម័ត កាន់តែទូលំទូលាយនៃប្រសិទ្ធភាពថាមពល។
ADB បានផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍ PDP និង NEEP ទាំងពីរ។ វេទិកាផ្សព្វផ្សាយនេះ រៀបចំសម្រាប់ការពិភាក្សា ក្នុងចំណោមដៃគូនានា អំពីឱកាស ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអនុវត្ត បទប្បញ្ញត្តិដែលមានចែងក្នុង NEEP។
វេទិកានេះ មានការចូលរួមពីតំណាងស្ថាប័ន រដ្ឋាភិបាល អង្គការអភិវឌ្ឍន៍អន្តរជាតិ អង្គការមិនមែន រដ្ឋាភិបាល (NGOs) និង វិស័យឯកជន។ មន្ត្រីប្រមាណ៨០នាក់ បានចូលរួមក្នុងពិធីនេះ ដែលរៀបចំនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។
វេទិកានេះ ត្រូវបានបើកជាផ្លូវការដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានរំលេចពីសារៈសំខាន់នៃគោលនយោបាយទាំងនេះ ដើម្បីជំរុញអន្តរកម្មថាមពលរបស់កម្ពុជា និងឆ្លើយតប ទៅនឹងការប្តេជ្ញាចិត្តអន្តរជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោក ស៊ុយ សែម បានថ្លែងថា កម្ពុជាប្តេជ្ញាបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ដែលនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ថាមពលប្រកបដោយភាពជឿជាក់ ស្ថិរភាព និងតម្លៃសមរម្យ។
លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរទៅរកទម្រង់ថាមពលស្អាតជាងមុន និង បានបញ្ជាក់នូវការគាំទ្ររបស់ ADB ដល់ការផ្លាស់ប្តូរនេះ ទាំងតាមរយៈការគាំទ្រគោលនយោបាយ និងការវិនិយោគជាគម្រោង។
គម្រោងដែលកំពុងដំណើរការរបស់ ADB គាំទ្រដល់ការពង្រឹងបណ្តាញថាមពលជាតិ ការពង្រីកថាមពលពន្លឺ ព្រះអាទិត្យ PV តាមរយៈភាពជាដៃគូឯកជនសាធារណៈ និង ការបង្កើនល្បឿននៃការទទួលយកបច្ចេក វិទ្យា ដែលកំពុងរីកចម្រើន ដូចជាប្រព័ន្ធផ្ទុកថ្មជាដើម៕