ជប៉ុនផ្តល់ថវិកា ១៤៥,៦៩២ ដុល្លារអាមេរិក សម្រាប់ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន ១៤៥,៦៩២ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយ ដើម្បីអនុវត្តគម្រោងខាងក្រោម៖
គម្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ក្នុងស្រុកបាទី ខេត្តតាកែវ (ថវិកាចំនួន ១៤៥,៦៩២ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ
ក្នុងគម្រោងនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មួយនឹងត្រូវបានសាងសង់នៅសាលារៀនរដ្ឋមួយក្នុងស្រុកបាទី ខេត្តតាកែវ។ ទោះបីជាមានការកើនឡើងនូវតម្រូវការនិយោជិតដែលមានចំណេះដឹង បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏យុវជនជាច្រើននៅក្នុងសហគមន៍ជនបទមិនទទួលបានឱកាសច្រើនដើម្បីសិក្សាបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនោះទេ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសិក្សាបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍។ ជាលទ្ធផល ជំនាញនិងចំណេះដឹងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ដែលមានកម្រិតទាបរបស់ពួកគេ ក្លាយជាឧបសគ្គមួយផ្នែកក្នុងការទទួលបានការងារធ្វើ។ គម្រោងនេះមានគោលបំណងកែលម្អ ស្ថានភាពនេះ ហើយយើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៨,០០០ នាក់ ក៏ដូចជាសិស្សប្រមាណ ១,០០០នាក់ នៅក្នុងតំបន់នេះ តាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដំបូងគេបង្អស់ ដែលនឹងផ្តល់ឱកាសកាន់តែច្រើនក្នុងការសិក្សាបច្ចេកវិទ្យាព័ត៌មាននិង គមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល។
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាព ក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និង សេចក្ដីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកា ជាង៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៧០៧គម្រោង នៅទូទាំងប្រទេស កម្ពុជា។
ឯកឧត្តម ឯកអគ្គរាជទូត សង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណា ឯកឧត្តមក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំង នោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង ជំនួយគូសាណូណិ ផងដែរ៕