លោក ម៉េត មាសភក្តី៖ ប្រជាពលរដ្ឋប្រមាណ ២៥ ០០០នាក់ នឹងទទួលបានសេវាដឹកជញ្ជូន ដោយឥតគិតថ្លៃពីសាលារាជធានីភ្នំពេញ
អនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយបានគិតគូ និងសម្រួលដល់ការចំណាយ ក្នុងការធ្វើដំណើររបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មារិនី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ចំនួន២១៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់នោះ ត្រឹមរយៈពេល៥ថ្ងៃ មានប្រជាពលរដ្ឋ បានទទួលសេវានេះ ប្រមាណជិត ២ម៉ឺននាក់ ។
អ្នកនាំពាក្យរដ្ឋបាលរាជធានី បានបញ្ជាក់នៅថ្ងៃទី១០តុលានេះថា៖ រយៈពេល៥ថ្ងៃកន្លងទៅនេះ សាលារាជធានីភ្នំពេញ បានធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃប្រមាណជិត២ម៉ឺននាក់ ទៅកាន់ស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ តាមរយៈការផ្តល់សេវាដឹកជញ្ជូនតាមរថយន្តក្រុងចំនួន២១៥គ្រឿង ដោយឥតបង់ប្រាក់ ដែលបានគ្រោងទុករយៈពេល៦ថ្ងៃនេះ ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ រំពឹងថានឹងមានប្រជាពលរដ្ឋមិនតិចជាង ២៥ ០០០នាក់ទេ ដែលបានទទួលសេវានេះ។
សូមបញ្ជាក់ថា សម្តេចតេជោផ្តល់រថយន្តក្រុង ១២០គ្រឿង សម្រាប់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីធ្វើដំណើរទៅស្រុក កំណើតដោយមិនបង់ថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករ កម្មការិនីនៅទូទាំងប្រទេសថា សាលារាជធានីភ្នំពេញបានត្រៀមរថយន្តក្រុង ១២០គ្រឿងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំនេះដោយមិនបង់ថ្លៃ(Free)ទាំងទៅទាំងមករួមទាំងការធ្វើដំណើរតាមរថភ្លើងផងដែរ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ តុលា ២០១៨។
ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់ក្រុមហ៊ុនរថយន្តក្រុងឯកជនទាំងអស់ សូមកុំ តម្លើងថ្លៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕