ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុមារីតូចម្នាក់ក្លាយជាសិស្សឆ្នើមទទួលបានជ័យលាភីគិតលេខរហ័ស​ ត្រៀមខ្លួនទៅដណ្តើមពាននៅប្រទេសម៉ាឡេស៊ី

114

 

​ភ្នំពេញ៖ សាលាអាយឃីដ កម្មវិធី UCMAS បានរៀបចំកម្មវិធីជំនួបសិស្សឆ្នើមជ័យលាភី ប្រឡងថ្នាក់ជាតិលើកទី៣ របស់ខ្លួន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ក្នុងគោលបំណងចែកវិញ្ញាបនបត្រ​ និងបទចែករំលែកស្តីពីវិធីសាស្រ្តសំខាន់ៗ​ ដែលទាក់ទងនឹងការត្រៀមខ្លួន​ ដើម្បីទទួលជ័យលាភី​ ក្នុងការប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ លើកទី២៣ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ។

    កម្មវិធីនេះត្រូវបានអ​​​ញ្ជើញចូលរួមពី កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា កញ្ញា ស៊ាម ចាន់សុភ័ក្រ ប្រធានគ្រូបណ្តុះបណ្តាលកម្មវិធី UCMAS កម្ពុជា,ម្ចាស់អាជ្ញាប័ណ្ណ ប្រធានសាខាទូទាំងប្រទេស សិស្សឆ្នើមជ័យលាភីប្រឡងថ្នាក់ជាតិលើកទី៣​ ក៏ដូចជាអាណាព្យាបាលសិស្សប្រមាណជាង ៣០០​ នាក់។

    ក្នុងឪកាសនោះដែរ កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជាបានធ្វើការសំណេះសំណាល​ទៅកាន់សិស្សឆ្នើម​ ជ័យលាភីនឹងអាណាព្យាបាលសិស្សថា​ ការប្រឡងថ្នាក់ជាតិលើកទី៣កន្លងផុតទៅជាលទ្ធផល​យើងបានរកឃើញសិស្សជ័យលាភី ២៣៩ នាក់ក្នុងនោះមានសិស្សឆ្នើមជ័យលាភី ៥១ នាក់​ តំណាងកម្ពុជាមាន​ឱកាសស្វែងយល់ពីបទពិសោធន៍និងបញ្ចេញសមត្ថភាព​ ជាមួយនឹងកុមារជាច្រើនមកពី ៧៩ ប្រទេសជុំវិញពិភពលោក។​ ក្នុងនាមជានាយិកាគ្រប់គ្រងទូទៅនៃកម្មវិធី UCMAS កម្ពុជាពិត​មាន​អារម្មណ៍រីករាយ​ និងមោទនភាពយ៉ាងខ្លាំងចំពោះលទ្ធផលដ៏ល្អរបស់កុមារ UCMAS កម្ពុជា។ 

   ដោយឡែក​ អ្នកគ្រូ ស៊ាម ចាន់សុភ័ក្រ ក៏បានធ្វើការចែករំលែក​វិធីសាស្រ្តនឹងគន្លឹះសំខាន់ៗមួយចំនួន​ ដល់ប្អូនៗសិស្សឆ្នើម​ថា ការប្រឡងថ្នាក់អន្តរជាតិលើកទី ២៣​ នៅទីក្រុង កួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ត្រូវបានបែងចែកជាបីវិញ្ញាសារ រួមមាន​ វិញ្ញាសារសរសេរ ,ស្តាប់ និង មើល។ដោយវិញ្ញាសារសរសេរមាន ១០ កម្រិតហើយកម្រិតនីមួយៗត្រូវប្រឡងមានរយៈពេល ៨ នាទីលើ ២០០​ សំណួរ ។  គន្លឹះដើម្បីទទួលបានជ័យលាភីមុនពេលប្រឡង ដូចជាទី១ ជ្រើសរើសនូវសម្ភារៈត្រឹមត្រូវ ចង់សំដៅលើខ្មៅដៃ(B2)ដែលមានគុណភាពខ្ពស់ហើយយ៉ាងហោចណាស់ក៏មាន២ដើមយ៉ាងតិច។ទី២​​ ការហ្វឹកហាត់ មានន័យថាបេក្ខជនទាំងអស់ទាមទារឱ្យមានការអនុវត្តន៍ទាំងក្នុងនឹងក្រៅសាលាម្តងហើយម្តងទៀតឱ្យបានច្រើនមុនពេលប្រកួត។ទី៣ ការថែទាំសុខភាព ជាសារៈសំខាន់បំផុត​ និងទី៤ ការលើកទឹកចិត្ត សូមមាតាបិតាលើកទឹកចិត្តដើម្បីកុំឱ្យប្អូនៗមានភាពភ័យខ្លាចក្នុការចូលរួម។ 

   ដោយឡែកអាណាព្យាបាលសិស្ស​ គឺកុមារី​ សំណាង​ និតលីកា​ ដែលទទួលជ័យលាភីលេខ១​ ផ្នែកសរសេរ​ លោក​ វិន​ សំណាង​  និង​ អ្នកស្រី​ ម៉ៅ​ មានិត​ បានប្រាប់ឲ្យដឹងស្រដៀងគ្នាថា​ សម្រាប់លោកនិងភរិយា​ បានឲ្យកូនស្រីសិក្សាកម្មវិធី​ UCMAS រយៈពេលជិត១ឆ្នាំហើយ​ ជាលទ្ធផលឃើញថា​ ការគិតលេខរបស់កូនគឺល្អទទួលបានពិន្ទុល្អ​ហើយជាក់ស្តែងនៅក្នុងការប្រឡងកម្មវិធី​ Ucmas ថ្នាក់ជាតិលើកទី៣នេះ​ កូនស្រីទទួលបានជ័យលាភី​ និងត្រៀមទៅប្រកួតប្រជែងនៅម៉ាឡេស៊ីឆាប់ៗនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង