នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ច ចាត់ការមន្ត្រីនគរបាល ក្រសួងមហាផ្ទៃ ប្រើហិង្សាលើភរិយាហើយ
ភ្នំពេញ : អំពើហិង្សា ជាវិធានការដែលត្រូវបានអនុវត្តតាមផ្លូវច្បាប់ ជាពិសេស ជនប្រព្រឹត្តជាបុរស ជាមន្ត្រីនគរបាលជាតិ ជាមន្ត្រីអនុវត្តច្បាប់ លើស្ត្រីជាភរិយាទន់ខ្សោយ កាន់តែមានស្ថានទម្ងន់នៃបទល្មើស ដែលត្រូវអង្គភាព និងស្ថាប័នតុលាការចាត់វិធានការ។
ក្រោយពីបែកធ្លាយវីដេអូ អំពីសកម្មភាពប្តីដែលគេដឹងច្បាស់ថា ជាមន្រ្តីនគរបាលពាក់ស័ក្តិ២ ក្រសួងមហាផ្ទៃមួយរូប ឈ្មោះ ជា ប៊ុនថន បានប្រើហិង្សាដ៏ឃោរឃៅលើភរិយា នាំឱ្យរងរបួសជាច្រើនកន្លែង តាំងពីថ្ងៃទី១០ មករា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន នៅពេលនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលរូបនេះហើយ។
បើតាមស្រ្តីរងគ្រោះជាភរិយា ឈ្មោះ Nhoem Sokleng ដែលបានបង្ហោះនៅលើបណ្តាញសង្គម បញ្ជាក់ថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃស័ក្តិ២ បានប្រើអំពើហិង្សា គំរាមកំហែង បាញ់សម្លាប់ និងប្រើពាក្យសំដីដៀល ជេរប្រមាថជាខ្លាំង។ តាមរយៈវីដេអូនេះ ជនរងគ្រោះបានអំពាវនាវ សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផងដែរ។
ក្រោយមានការបង្ហោះវីដេអូនេះ មានមហាជនជាច្រើន សម្តែងការខឹងសម្បារលើករណីប្រើហិង្សានេះ ដោយសាធារណជន បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់លើបញ្ហានេះ។
នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ម្នាក់វាយប្រពន្ធឲ្យរងរបួស ជាបន្ទាន់ ដោយគ្មានការលើកលែងឡើយ។
បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់អោយដឹងថា, អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ២ ដែលវាយប្រពន្ធឲ្យរបួសពេញខ្លួន។
«ដោយទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់ លើករណីហិង្សាក្នុងគ្រួសារ ដែលប្រពឹត្តដោយប្តីជានគរបាលក្រសួងមហាផ្ទៃ លើប្រពន្ធបណ្តាលឲ្យរងរបួស»។
ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ពុំទាន់អាចបញ្ជាក់ជូនពីចំណាត់ការយ៉ាងណាលើមន្ត្រីនគរបាលនោះទេ ដោយលោកបញ្ជាក់ថានឹងជូនព័ត៌មានលម្អិត បន្ទាប់ពីបានចាត់ការលើករណីនោះរួចរាល់។
គួរជម្រាបថា ករណីអំពើហិង្សា ប្តីជាមន្ត្រីនគរបាលពាក់ស័ក្តិ២ វាយប្រពន្ធខ្លួនឯងឲ្យរបួសធ្ងន់ ត្រូវបានស្ត្រីរងគ្រោះបង្ហោះតាមបណ្តាញសង្គម Facebook ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ស្ត្រីជាប្រពន្ធឈ្មោះ Nhoem Sokleng បានបង្ហោះថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃ ប្រើអំពើហិង្សា គំរាមកំហែងបាញ់សម្លាប់ និងប្រើពាក្យសំដីដៀល ជេប្រមាថ។ ជនរងគ្រោះបានអំពាវនាវ សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផង។
សូមបញ្ជាក់ថា, ពាក់ព័ន្ធនឹងអំពើហិង្សាដែលប្រព្រឹត្តឡើងដោយក្តីជាមន្ត្រីនគរបាលជាតិ តំណាងអយ្យការក៏បានចេញដីកាកោះតាមពាក្យបណ្ដឹងរបស់ភរិយា ប៉ុន្តែមិនបានធ្វើការចេញដីកាសន្និដានបញ្ជូនឲ្យស៊ើបសួរ ទើបស្ត្រីជាជនរងគ្រោះ បន្តស្វែងរកអន្តរាគមន៍ ទៅកាន់សាម៉ីអង្គភាពរបស់ប្ដី ថ្នាក់ដឹកនាំ ហើយករណីនេះក៏បាន ដឹងដល់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣
នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានបញ្ជាដាច់ណាត់ ឲ្យចាត់វិធាន ការជាបន្ទាន់ទៅលើមន្ត្រីនគបាលពាក់ស័ក្តិពីររូបនេះ ដោយគ្មានការយោគយល់ និងមុឺងម៉ាត់បំផុត៕ សំរិត