ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យទេសចរណ៍ រកចំណូលជូនជាតិ ជាង៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

2,026


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ដើម្បីបន្តអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បានចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។

លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីកាត់ខ្សែបូ សម្ពោធបើកពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៨ កាលពីព្រឹកថ្ងៃទី១១ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាតនិងព័រណ៍កោះពេជ្រ ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា វិស័យទេសចរណ៍បានធ្វើឲ្យកម្ពុជា ទទួលបានសិទ្ធិស្មើមុខស្មើមាត់ ជាមួយប្រទេសនានា ក្នុងតំបន់នៅលើឆាកអន្តរជាតិ តាមរយៈការទទួលបាននូវពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើន ពីស្ថាប័នទេសចរណ៍អន្តរជាតិល្បីៗនានាជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីខែឧសភា កន្លងទៅ ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាសំណង់ប្រវត្តិសាស្រ្តក៏អស្ចារ្យបំផុត នៅលើពិភពលោក ឆ្នាំ២០១៨ ពីទីភ្នាក់ងារប្រឹក្សាយោបល់ក្នុងការធ្វើដំណើរពិភពលោក TripAdvisor ដែលបានបញ្ជាក់ឲ្យឃើញពីភាពល្បីល្បាញ និងការទទួលស្គាល់យ៉ាងច្បាស់ ពីសំណាក់ទេសចររាប់លាននាក់ ជុំវិញពិភពលោក មកលើគោលដៅទេសចរណ៍កម្ពុជា។

វិស័យទេសចរណ៍នៅកម្ពុជា ដែលជាទេសចរណ៍វ​ប្បធម៌និងធម្មជាតិ ជាមាសបៃតង បាននិងកំពុងបោះជំហាន រីកចម្រើនយ៉ាងខ្លាំងជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ដើម្បីបន្តអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយនឹងបន្តខិតខំបន្ថែមទៀតដើម្បីប្រែក្លាយកម្ពុជា ដែលជាប្រទេសមានចំណូលមធ្យមកំរិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកជា សុផារ៉ា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្ត បន្តអនុវត្តវិធានការគន្លឹះសំខាន់ៗមួយចំនួន ដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលផ្តោតខ្លាំងទៅលើឌីជីថលរូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ និងធានាឲ្យបាននុវទស្សនទាន បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យាទំនើប ឬអាចហៅបានថា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត ។

វិស័យទេសចរណ៍ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ក៏ដូចជាបានជំរុញឲ្យប្រជាជននៅជុំវិញផែនដី ផ្សារភ្ជាប់ទំនាក់ទំនងគ្នា តាមរយៈការធ្វើដំណើរទស្សនាចរណ៍ ដែលបង្កើតជាភាពស្និទ្ធស្នាល សាមគ្គីភាព និងការស្វែងយល់ពីគ្នាទៅវិញទៅមក ពីវប្បធម៌ចម្រុះជាតិ សាសន៍ជុំវិញពិភពលោក។ អង្គការទេសចរណ៍ពិភពលោក បានឲ្យដឹងថា ទេសចរពិភពលោកធ្វើដំណើរចំនួន១.៣២៦លាននាក់ ក្នុងឆ្នាំ២០១៧ និងកើនឡើងដល់១.៨០០លាននាក់ នៅឆ្នាំ២០៣០។

“កម្ពុជា ដែលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់ៗគ្នា ឥឡូវក្លាយទៅជាប្រទេសមួយ ដែលមានសន្តិភាព ពេលលេញ និងជាតំបន់ទេសចរណ៍ ប្រកបដោយប្រជាប្រិយភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍” លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ។

លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ទន្ទឹមនឹងនេះ វិស័យទេសចរណ៍កម្ពុជា កំពុងមានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យគត់សម្គាល់ ដោយលោកបានបញ្ជាក់ថា ឆ្នាំ២០១៧ កម្ពុជា បានទទួលទេសចរណ៍អន្តរជាតិ ចំនួន៥,៦លាននាក់ កើនឡើង ១១,៨ភាគរយ ដែលបានបង្កើតចំណូលជូនជាតិចំនួន៣,៦ពាន់លានដុល្លារ កើនឡើង១៣ភាគរយ ស្នើនឹង១២,៣ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស.)។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បានចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ លោកបានលើកឡើងថា ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណង ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងក្នុងតំបន់ទៅកាន់ពិភពលោក ឲ្យបានទូលំទូលាយ សំដៅបង្កើនទំនាក់ទំនងពាណិជ្ជកម្មលើវិស័យទេសចរណ៍ ជាមួយក្រុមហ៊ុនអន្តរជាតិ ក៏ដូចជា ជំរុញការលក់កញ្ចប់ទស្សនកិច្ចមកកម្ពុជា កាន់តែច្រើនថែមទៀត រួមចំណែករក្សាបាននូវកំណើនទេសចរ សំដៅសម្រេចបាននូវការរំពឹងទុកភ្ញៀវទេសចរចំនួន៧លាននាក់នៅឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង