ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំកែលម្អរ សោភ័ណ្ឌភាព ជុំវិញវិមានឈ្នះឈ្នះ ជានិមិត្តរូប នៃការស្វែងរកសន្តិភាព តាមនយោបាយឈ្នះឈ្នះ នឹងសម្ពោធនៅចុងឆ្នាំនេះ

486

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១តុលានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយក្រុមមន្ត្រីពាក់ពន្ធ័ និងអាជ្ញាធរដែនដី បានអញ្ជើញទៅពិនិត្យ មើលទីតាំង ដែលត្រូវកែលម្អរសោភ័ណ្ឌភាព នៅខាងមុខនិងជុំវិញវិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែក តាសេក ខណ្ឌ ជ្រោយចង្វារ ដើម្បីត្រៀមសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩,៣០,៣១ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមម្ចាស់ផ្ទះ លោក ឃួង ស្រេង បានជំរុញ និងដាក់ផែនការឪ្យិមន្ត្រី នៃមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន និងអាជ្ញាធរដែនដី បង្កើនការយកចិត្តទុកដាក់ លើការរៀបចំកែលម្អរ ហេដ្ឋារចនាសម្ព័ន្ធ និងសោភណ្ឌភាព បរិស្ថានជុំវិញ ទីតាំងប្រារព្វពិធី, ការកែលំអរផ្លូវចូល ឲ្យបានស្អាតចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦។ ការឆ្ការព្រៃនៅអមសងខាងផ្លូវ ឲ្យបានទទឹង៣០ម៉ែត្រ ពីចិញ្ចើមផ្លូវ,ដាក់ភ្លើងបំភ្លឺផ្លូវ និងដាក់ភ្លើងហ្វាតាមដើមឈើ, រៀបចំសួនច្បារ,រៀបចំ កន្លែងចតយានយន្ត ។ ចំណែកមន្ទីរសុខាភិបាលត្រូវរៀបចំដាក់ស្តង់ពិនិត្យ និង សង្គ្រោះចំនួន២កន្លែង និងដាក់រថយន្តសង្គ្រោះចំនួន២០គ្រឿង សំរាប់ជួយអន្តរាគមន៏ នៅពេលប្រជាពលរដ្ឋ មានបញ្ហាផ្នែកសុខភាព ដែលកម្មវិធីសម្ពោធនេះ គ្រោងនឹងមានប្រជាពលរដ្ឋ ចូលរួមជាង១ម៉ឺននាក់។

លោកអភិបាលបញ្ជាក់ថា៖ បញ្ហាសំខាន់ចំពោះមុខ គឺរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សោភណ្ឌភាពរបៀបរៀបរយ សំរាប់ពិធីឲ្យបានល្អប្រសើរ សក្ត័សមទៅនឹងខ្លឹមសារ អត្ថន័យនៃ នយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលខ្មែរគ្រប់ភាគីទំនាស់ ឈ្នះទាំងអស់គ្នា ហើយប្រទេសជាតិទាំងមូល ក៏ឈ្នះទាំងអស់គ្នា។ សម្តេចតេជោហ៊ុនសែន គឺជាស្ថាបនឹកនៃសន្តិភាព ដែលខ្មែរគ្រប់រូបបានរស់នៅ ក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៏ ពេញផ្ទៃប្រទេស។

ការសម្ពោធវិមានឈ្នះ ឈ្នះក៏ដើម្បីអបអរសាទរ គំរប់ខួប២០ឆ្នាំ ដែលព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ សង្គ្រាមផ្ទៃក្នុង ដ៏រ៉ាំរៃរវាងខ្មែរ និងខ្មែរ។ភាគីទំនាស់ទាំងអស់ បានទំលាក់អាវុធចុះ រួចចាប់យកការចចារគ្នា ដោយសន្តិវិធីតាមនយោបាលឈ្នះឈ្នះ របស់សម្តេចតេជោ ដូច្នេះខ្មែរគ្រប់រូប ត្រូវរក្សាឲ្យបាននូវសន្តិភាព ដែលបានមកដោយលំបាកនេះ កុំឲ្យបាត់បង់នឹងការពារសុខសន្តិភាព ឲ្យបានជាដាច់ខាត ទោះក្នុងតំលៃណាក៏ដោយ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ និងជាប្រជាប្រធាន ក្រុមការងារសាងសង់ វិមានឈ្នះឈ្នះ បានបញ្ជាក់ថា “នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាព ពេញលេញនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហៅកាត់ថា ទិវានយោបាយឈ្នះឈ្នះ។ តាមរយៈសន្តិភាពរកបានដោយលំបាក នៃនយោបាយឈ្នះឈ្នះនោះហើយ ដែលបង្កើតឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា”។

នាយឧត្ដមសេនីយ៍បន្ថែមថា វិមានឈ្នះឈ្នះនេះ គឺបានរៀបចំចម្លាក់ ស្តីពីចម្លាក់ទិវាចងចាំ ឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ និងចម្លាក់ដំណើរជាតិកម្ពុជា នាទសវត្សឆ្នាំ៨០ និងដើមឆ្នាំ៩០ ដាក់តាំងបង្ហាញ នៅជាន់ផ្ទាល់ដីផ្នែកខាងក្រៅវិមាន។

គួរបញ្ជាក់ដែរថា វិមានឈ្នះឈ្នះចាប់ផ្តើម សាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលសង់នៅផ្ទៃដីចំនួន១៥ហិកតា ដែលមានកំពស់វិមាន ចំនួន៥៤ម៉ែត្រ ស្ថិតនៅក្នុង តំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង