ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិមានឈ្នះឈ្នះ នឹងសម្ពោធនៅថ្ងៃទី២៩ ខែធ្នូ ក្រោមវត្តមាន សម្តេចតេជោ ហ៊ុន សែន ជាមួយនិងការរៀបចំកម្មវិធីពិពណ៌ចំនួនបីថ្ងៃ

306
ភ្នំពេញ៖ វិមានឈ្នះឈ្នះ ដែលមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វា គ្រោង នឹងសម្ពោធដាក់អោយប្រើប្រាស់
នៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៨ខាងមុខនេះហើយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះដែរក៏នឹងរៀបចំអោយកម្មវិធីពិពណ៌ចំនួនបីថ្ងៃផងដែរ។
  ដើម្បីអោយពិធីខាងលើប្រព្រឹត្តិទៅបានរលូននិងទទួលជោគជ័យ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញមួយចំនួនចុះពិនិត្យ ទីតាំងនៅជុំវិញវិមានឈ្នះឈ្នះនេះ ដើម្បីត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ រួមនិងការឈូសឆាយព្រៃត្រែង កាយទឹកបង្ហូដាក់លូផងដែរ។
   លោកឃួង ស្រេង អភិបាលរាជធានី ក្នុងដំណើរចុះពិនិត្យទីតាំងខាងលើ បានអោយដឹងថា “ព្រៃត្រែងដែលនៅជុំវិញវិមានឈ្នះឈ្នះ នឹងត្រូវធ្វើការឈូសឆាយ អោយអស់។ ចំពោះទឹកដែលដក់នៅក្រោយវិមានឈ្នះឈ្នះ និងនៅខាងលិចវិមាន ក៏ត្រូវធ្វើការរំដោះទឹកចេញផងដែរ ដោយកាយដាក់លូបង្ហូអោយចូលទៅក្នុងទន្លេសាប”។
   លោកបានបញ្ជាក់ថា ការរៀបចំដូច្នេះ គឺដើម្បីជាសោភ័ណ្ឌភាព និងមានភាពងាយស្រួលក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាសន្តិសុខសុវត្ថិភាព ដល់សម្តេចតេជោផងដែរ។
  លោក ឃួង ស្រេង បញ្ជាក់អោយដឹងថា កម្មវិធីសម្ពោធវិមានឈ្នះឈ្នះ នឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ជាអធិបតី នៃកម្មវិធីនេះ។ ក្រៅពីកម្មវិធីសម្ពោធ គណៈកម្មការបានរៀបចំពិពណ៌ចំនួនបីថ្ងៃផងដែរ ដែលមានមកពីគ្រប់ស្ថាបនរដ្ឋទាំងអស់ចូលរួម ជាពិសេសខាងវិស័យការពារនៃប្រទេសកម្ពុជា។
  លោកបាន បញ្ជាក់ថា ក្រៅពីការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ សាលារាជធានីភ្នំពេញ នឹងរៀបចំតុបតែងតាំងភ្លើងអគ្គិសនីបំភ្លឺនៅតាមដងផ្លូវ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នឹងបើកអោយប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិចូលរួមទស្សនា នូវសមត្ថលទ្ធផលនានា ដែលបានទទួលបានជោគជ័យ និងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងមានការរីចំរើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។
   ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានធ្វើការណែនាំអោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដាក់រថយន្តសង្គ្រោះបន្ទាន់ចំនួន២០គ្រឿង ដោយប្រើប្រាស់ទីតាំងចំនួន២កន្លែងនៅមុខវិមានឈ្នះឈ្នះ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ បើមានបញ្ហាសុខភាព ក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះផងដែរ។
  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការណ៍និងដឹកជញ្ជូនរាជធានីភ្នំពេញ អោយដឹងថា ខាងមន្ទីរនឹងរៀបចំដាក់ភ្លើងអគ្គិសនីបំភ្លឺតាមដើមច័ន្ទគីរីទាំងអស់នៅតាមបណ្តោយផ្លូវ រៀបចំដាក់ប្រព័ន្ធលូចំងាយជិត៥០០ម៉ែត្រ និងឆ្លាក់អក្សរលើផ្ទាំងសិលាចារឹក “ជាវិថីវិមានឈ្នះឈ្នះ” ដាក់នៅដើមផ្លូវ។
   លោកបន្តថា ចំពោះការងារនេះ គឺខាងមន្ទីរសាធារណៈការណ៍បានធ្វើរួចរាល់ខ្លះហើយ ដូចជាការដាក់លូជាដើម។
  លោក នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស នៃក្រសួងការពារជាតិ និងជាប្រជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ថា “នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហៅកាត់ថា ទិវានយោបាយឈ្នះឈ្នះ។ តាមរយៈសន្តិភាពរកបានដោយលំបាកនៃនយោបាយឈ្នះឈ្នះនោះហើយ ដែលបង្កើតឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា”។     លោកបន្ថែមថា វិមានឈ្នះឈ្នះនេះ គឺបានរៀបចំចម្លាក់ ស្តីពីចម្លាក់ទិវាចងចាំឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងចម្លាក់ដំណើរជាតិកម្ពុជានាទសវត្សឆ្នាំ៨០ និងដើមឆ្នាំ៩០ ដាក់តាំងបង្ហាញនៅជាន់ផ្ទាល់ដីផ្នែកខាងក្រៅវិមាន។
  គួរបញ្ជាក់ដែរថា វិមានឈ្នះឈ្នះចាប់ផ្តើមសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលសង់នៅផ្ទៃដីចំនួន១៥ហិកតា ដែលមានកំពស់វិមានចំនួន៥៤ម៉ែត្រ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង