សម្តេចតេជោ ចារប៊ិកក្រហម លើលិខិតអភិបាលខេត្តកណ្តាល៖ អស់លោក លោភលន់ពេក
ភ្នំពេញ៖ រឿងស្នើតែងតាំងអភិបាលខេត្តថ្មីៈ សម្តេចតេជោនាយករដ្ឋមន្ត្រី ចារប៊ិចក្រហមស្តីបន្ទោសលោក អភិបាលខេត្តកណ្តាល “ប្រញ៉ាប់ងាប់ទៅណា បើខេត្តមិនទាន់បំបែកផង”។
បែកធ្លាយលិខិតលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ស្នើសុំតែងតាំងអភិបាលខេត្តថ្មី បំបែកចេញពីខេត្តកណ្តាល តែត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចារសរសេរប៊ិចក្រហម។
លោក ម៉ៅ ភិរុណ បានធ្វើលិខិតស្នើទៅសម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។ ហើយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានសរសេរប៊ិចក្រហមចារលើលិខិតស្នើថា ” ប្រញ៉ាប់ ងាប់ទៅណា បើខេត្តមិនទាន់បំបែកផង បើនេះ បំបែក ក៏មិនឲ្យដែរ ពីព្រោះអស់លោកលោភលន់ពេក”។
នៅក្នុងលិខិតដាក់ជូនសម្តេចតឹជោ ហ៊ុន សែន គឺលោក ម៉ៅ ភិរុណ បានស្នើដាក់លោក នៃ ចារី អភិបាលរងខេត្តកណ្តាល ជាបេក្ខភាពអភិបាលខេត្តថ្មី ដែលបំបែកចេញពីខេត្តកណ្តាល។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ លើចំណារនោះ សម្តេចតេជោ ហ៊ុន សែន បានសរសេរផ្ទាល់ដៃ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ថា “ប្រញ៉ាប់ ងាប់ទៅណា -បើខេត្តមិនទាន់បំបែកផង បើនេះ បំបែក ក៏មិនឲ្យដែរ ពីព្រោះអស់លោកលោភលន់ពេក”។
កាលពីពេលថ្មីៗនេះ សម្តេចតេជោ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅគ្មានការបំបែកខេត្តកណ្តាល និងខេត្តមណ្ឌលគិរីទេ។
ក្នុងលិខិតចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានគោរពជូនសម្តេចតេជោ ហ៊ុន សែន ដោយអនុញ្ញាតស្នើសុំ លោក នៃ ចារី បច្ចុប្បន្នជាអភិបាលរងខេត្តកណ្តាល ជាបេក្ខជនអភិបាលខេត្តថ្មី ដែលបំបែកចេញពីខេត្តកណ្តាល។
តាមលិខិត លោក នៃ ចារី សព្វថ្ងៃ ជាអភិបាលរងខេត្តកណ្តាល និងជាឧត្តមមន្ត្រីថ្នាក់លេខ១ ក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានបម្រើការងារអស់រយៈពេល ៣០ឆ្នាំ ជាមន្ត្រីនគរបាលជាតិ ស្នងការរងនគរបាលខេត្តកណ្តាល ជាអភិបាលរងខេត្តកណ្តាល ជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ និងជាអភិបាលរងខេត្តកណ្តាល។
កាលពីថ្ងៃទី៥តុលា ក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀន សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសឈប់ចោលទាំងស្រុងនូវគម្រោង បង្កើតខេត្តថ្មីចំនួន២ ដែលគ្រោងកាត់ចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា ការប្រកាសឲ្យបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីនេះ ដោយសារ តែ ដំណឹងសិក្សានេះត្រូវបានបែកធ្លាយ ខុសពីសិក្សាបង្កើតខេត្តត្បូងឃ្មុំកាល ពីអាណត្តិទី៥កន្លងទៅ។ ម្យ៉ាងទៀតការប្រកាសឈប់ចោល គម្រោងនៃការបង្កើតខេត្តថ្មីទាំង២នេះ ក៏ដោយសារតែមានមន្ត្រីមួយចំនួន បានរត់ការដើម្បីសុំតំណែងសម្រាប់ខេត្តថ្មី ដែល មិនទាន់បាន បង្កើតផង។
សម្ដេចតេជោហ៊ុន សែន បានថ្លែងថា ”ខ្ញុំស្មានថាគេយកទៅសិក្សាស្ងាត់ៗ ដូចបង្កើតខេត្តត្បូងឃ្មុំ យកទៅបញ្ចេញទៅតែម្ដង ប្រហែលជាដូចមិនដល់២៤ម៉ោងផង បានវាកើតរឿងឥឡូវចប់ហើយ។ វាបានក្លាយទៅជាសាច់ជ្រូកបីជាន់ សម្រាប់មន្រ្តីខិលខូចទៅទៀត ហើយបើខេត្តកណ្ដាល ទៅមួយគណបក្សតែម្ដង វាដោយឬទាំងអាគីមទៅទៀត។ សុំឲ្យលោកនេះទៅ កាន់ជាចៅហ្វាយខេត្ត អីចឹងទេខ្ញុំចារតែម្ដង ប្រញាប់ងាប់ទៅណា វាទៅជាឆ្កួតទាំងអស់អីចឹងទៅណា។ រពិសមែនតែម្ដងរហូត ដល់អ្នកខ្លះថាបង្កើតដល់៥ខេត្តឯណោះ”។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែតុលាដដែលនេះ ក៏បានចេញ ស.ជ.ណ សម្រេចបញ្ឈប់ការសិក្សាស្រាវជ្រាវបង្កើត ខេត្តថ្មី ដែលគ្រោងបំបែកចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី។ ស.ជ.ណ របស់រាជរដ្ឋាភិបាល ផ្ញើជូនសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា”ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជ្រាប ចំពោះករណីស្នើសុំបង្កើតថ្មីចំនួន២ ចេញពីខេត្តកណ្តាល ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី រាជរដ្ឋាភិបាលសម្រេច បញ្ឈប់ការសិក្សាស្រាវជ្រាវចាប់ពីពេលនេះតទៅ”៕