នគរបាលខណ្ឌឬស្សីកែវ ចាប់ខ្លួនចោរគាស់បន្ទប់លួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅសង្កាត់ទួលសង្កែទី១
ភ្នំពេញ ៖ ជនសង្ស័យដែលតែងតែដើរឆ្កឹះសោរ និងគាស់បន្ទប់លួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅតាមភូមិ ត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ចាប់ឃាត់ខ្លួនបានហើយ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៩:៣០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ជនរងគ្រោះចំនួន០២នាក់ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះដែលត្រូវជនសង្ស័យគាស់បន្ទប់លួចទ្រព្យសម្បត្តិនោះ រួមមាន ៖
១-ឈ្មោះ ស៊ីម លី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២-ជនរងគ្រោះឈ្មោះ ដារ៉ា ពិសី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យឈ្មោះ ឈាង វ៉ាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី១ ភូមិទួលពពែល សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
សម្ភារៈដកហូតរួមមាន:
១/ ប្រាក់ដុល្លារ ចំនួន ២៨០, ជញ្ជៀន១វង់ ពណ៍លឿងទំ (បានប្រគល់ជូនជនរងគ្រោះវិញ) ។
២/ដង្កាប់ចំនួន០១
៣/ខ្សែ ក ពណ៍លឿងទុំ ចំនួន១ខ្សែ
៤/ម៉ូតូ១គ្រឿងម៉ាកហុងដា ស្កូបពី ពណ៍ស ស្លាកលេខ ភ្នំពេញ 1IV-2643 ។
សម្ភារៈបាត់បង់:
-ប្រាក់ចំនួនចំនួន៣២០ដុល្លា
-ក្រវិលផ្លាកទីន១គូរ
ដំណើររឿងហេតុ ៖ មុនពេលកើតហេតុ នៅខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះបានចាក់សោរបន្ទប់ ហើយទៅធ្វើការ ពេលត្រឡប់មកវិញ ដល់បន្ទប់ឃើញឥវ៉ាន់ រាយប៉ាយ ហើយបាត់ប្រាក់ និងសម្ភារះមួយចំនួន បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ។ ក្រោយទទួលបណ្តឹង កំលាំងជំនាញខណ្ឌ បានបើកការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ ឈានធ្វើការឃាត់ខ្លួន បានជនសង្ស័យ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៩:៣០នាទី នៅចំណុចផ្លូវ៥៩៨ ភូមិទួលពពែល សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងដកហូតវត្ថុតាង យកមកប៉ុស្តិ៍ទួលសង្កែ១ ដើម្បីចាត់ការតាមនិតិវិធី។
ចំពោះមុខផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ ជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធី ៕