មុខសញ្ញាជនសង្ស័យឆក់ខ្សែកពីខេត្ដតាកែវត្រូវបានបង្រ្កាបដោយកំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ
កំពង់ស្ពឺ ៖ នៅថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានទទួលព័ត៌មានពីខេត្ដតាកែវ ករណីមុខសញ្ញាជនសង្ស័យឆក់ខ្សែកចេញពីទីតាំងទូរលក់មាស កម្លាំងខេត្តតាកែវបានដេញតាមរហូតដល់ភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ ។
ដោយកិច្ចដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ កំលាំងនគរបាលបានពួនស្ទាក់និងចេញបង្រ្កាបមុខសញ្ញាចោរឆក់ខាងលើ(ឆក់ខ្សែកមាសពីទូរលក់មាស នៅចំណុចផ្សារត្រពាំងអណ្ដើក ខេត្តតាកែវ) បង្រ្កាបជាក់ស្ដែងបានជនសង្ស័យចំនួន០៣នាក់ ៖ ១-គីម លីហួ ប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកឡាន រស់នៅមេគង្គ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ២-សួន ពុទ្ធរិទ្ធ ហៅវីត ប្រុស អាយុ១៧ឆ្នាំ (រស់នៅភូមិចាម សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ។ ៣-លី ខៀង ប្រុស អាយុ១៦ឆ្នាំ រស់នៅសង្កាត់ជ្រោយចង្វ ខណ្ឌឬស្សីកែវ។
ក្នុងកិច្ចប្រតិបត្តិការក្នុងការពួនស្ទាក់ និងបង្រ្កាបសមត្ថកិច្ចនគរបាលបង្រ្កាបឃាត់ខ្លួនជាក់ស្ដែង បានមុខសញ្ញា០៣នាក់ មធ្យោបាយរថយន្ត០១គ្រឿងម៉ាកព្រុស ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ2BP-3306 ។
ក្រុមជនសង្ស័យព្យាយាមបើករថយន្តគេចខ្លួន ពីទឹកដីស្រុកបសេដ្ឋ ឡើងទៅស្រុកភ្នំស្រួចសមត្ថកិច្ចដេញតាមរហូតដល់ចំណុចជើងភ្នំល្អាង ស្ថិតក្នុងភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនសង្ស័យដឹងថាមិនមានលទ្ធភាពរត់បាន ក៏ឈប់រថយន្ត រួចរត់គេចខ្លួនឡើងភ្នំល្អាង តែត្រូវបានសមត្ថកិច្ចយើងតាមឃាត់ខ្លួនបាន ។
ក្នុងពេលកិច្ចប្រតិបត្តិការ តាមដេញនោះធ្វើឲ្យរថយន្តសមត្ថកិច្ចចំនួន០៣គ្រឿង រងការខូចធ្ងន់ និងរងរបួសមន្រ្តីនគរបាលម្នាក់ ៖ រថយន្ត ម៉ាកFord រងការខូចខាតកម្រិតធ្ងន់ ។ រថយន្ត ម៉ាកឡិចសីចRX330 រងការខូចខាតកម្រិតមធ្យម។ រថយន្ត ម៉ាកព្រុស រងការខូចខាតស្រាល ។
ចំណែកមន្រ្តីម្នាក់ អនុសេនីយ៍ត្រី យួន សុផា រងរបួសធ្ងន់(សន្លប់) បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។
វត្ថុតាងដកហូតពីជនសង្ស័យរួមមាន ៖ រថយន្តម៉ាកព្រុស ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ០១គ្រឿង ធ្វើសកម្មភាព(ភ្នំពេញ2BP-3306) លោហៈទង់ដែងមួយខ្សែ ។ ចំពោះជនសង្ស័យ កម្លាំងព្រហ្មទណ្ឌស្រុកបសេដ្ឋ បានប្រគល់ជូននគរបាលស្រុកត្រាំកក់ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕