ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣នាក់បានស្លាប់ ពេលបើកម៉ូតូ២គ្រឿងលឿន បុកគ្នាលើកំណាត់ផ្លូវជាតិលេខ៤៤

40

 

កំពង់ស្ពឺ: មនុស្សចំនួន៣នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលម៉ូតូ២គ្រឿងបើកលឿន បណ្តាលឲ្យបុកគ្នាចំពីមុខពេញទំហឹង រដូករណែលលើផ្លូវ កាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៦-៧ ចំណុចភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ក្រុងច្បារមន បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ (HONDA DREAM 125CC) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខកំពង់ស្ពឺ1M-3559 អ្នកបើកបរឈ្មោះភន ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ
រស់នៅភូមិច្រកបានសុខ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកបរក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានទៅបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ (HONDA DREAM 125CC) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខកំពង់ស្ពឺ1M-1431 អ្នកបើកបរឈ្មោះ ជា ធឺន ភេទប្រុស អាយុ៣៨ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះហុង ប៊ុន្ថា ភេទប្រុស អាយុ៤២ឆ្នាំ ទាំង២នាក់ រស់នៅភូមិលាក់អន្លូង ឃុំរលាំចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់មនុស្ស ទាំង៣នាក់នៅកន្លែងកើតហេតុតែម្តង។

ប្រភពបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រីជំនាញ បានធ្វើការវាស់វែង ព្រមទាំងប្រគល់សពជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯម៉ូតូទាំង២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង