ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដង្ហែអដ្ឋិធាតុយុទ្ធជន៤៩រូប មកតម្កល់នៅក្នុងមហាចេតិយ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16

46

 

ត្បូងឃ្មុំ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កាត់ខ្សែបូរឆ្លង និងសម្ពោធមហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩
រូប ព្រមទាំងដង្ហែអដ្ឋិធាតុយុទ្ធជនទាំង៤៩រូប មកតម្កល់នៅតម្កល់នៅក្នុងមហាចេតិយ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិ កោះ ថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះដែរពិក៏បានមានការអញ្ជើញចូលរួមសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ មហាចេតិយនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់។

ក្នុងនោះក៏មានការត្រៀមរៀបចំពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជន ៤៩រូប ពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម (X16) ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមរំលឹកថា អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ដែលត្រូវបាននាំយកពីវៀតណាម ត្រូវបានរាជរដ្ឋាភិបាលរៀបចំពិធីបូជាតាមប្រពៃណីសាសនា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ដែលត្រូវបានបូជារួច ត្រូវបានតម្កល់នៅក្នុងអគារមិត្តភាពជាបណ្តោះអាសន្នរង់ចាំពិធីឆ្លងមហាចេតិយរួច នឹងធ្វើពិធីរំកិលកោដិយុទ្ធជនទាំង៤៩រូបនោះ ទៅតម្កល់ទុកក្នុងមហាចេតិយទៅតាមការគ្រោងទុក។

អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ត្រូវបានធ្វើពិធីប្រគល់ និងទទួល នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯកបម្រុង ដូ កាន់ អនុប្រធានស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម ដំណាងក្រសួងការបរទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងកម្លាំងប្រដាប់អាវុធហត្ថអាជ្ញាធរដែនដីលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួចកម្ពុជាបានធ្វើពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់ អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ទាំង៤៩រូប ពីទឹកដីវៀតណាមចូលមកតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦៕

អត្ថបទដែលជាប់ទាក់ទង