ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រួមគ្នាជំរុញការបង្កើតវប្បធម៌ ខិតខំប្រឹងប្រែងតស៊ូនិង លើកទឹកចិត្តឱ្យយើងម្នាក់ៗ ហ៊ានរៀនដើរនៅលើផ្លូវដែលលំបាក ដើម្បីទទួលបាននូវភាពជោគជ័យ

38

 

សៀមរាប៖ ឯកឧត្តម​ឃឹម​ ហ្វីណង់​ អភិបាលរងខេត្ត​សៀមរាប​ បានមានប្រសាសន៍ថា «ជីវិត និងការបង្កើតនូវជម្រើស»៖ ប៉ុន្មានថ្ងៃនេះ សង្កេតឃើញមានការជជែកវែកញែកពីប្រធានបទ«អ្នកមាននិងអ្នកក្រ»ពេញបណ្តាញហ្វេសបុក ខ្លះក៏ប្រឆាំង ខ្លះក៏សម្បារ ខ្លះទៀតក៏បានព្យាយាមបង្ហាញការគាំទ្រមតិ និងផ្តល់ការពន្យល់បកស្រាយទៅតាមការយល់ឃើញរៀងៗខ្លួន ធ្វើឱ្យខ្ញុំនឹកឃើញពីប្រធានបទប្រហាក់ប្រហែលគ្នាមួយ ដែលខ្ញុំបានលើកឡើងនៅក្នុងការអញ្ជើញជាអធិបតីនៅក្នុងវេទិកាមួយដែលបានរៀបចំឡើងដោយ Rotha Leadership ដែលជាប្រភេទកម្មវិធីតែមួយដែលបងស្រី តាំង ហ្គិចលៀង បានចូលរួម។

ឯកឧត្តមបានបន្តថា មិនបានព្យាយាមថាខាងណាខុសខាងណាត្រូវនោះទេ ព្រោះដឹងថាម្នាក់ៗសុទ្ធតែមានទឡ្ហីករណ៍និងចំណុចចង់កែលម្អរៀងៗខ្លួន តែសូមលើកយកគោលគំនិតខ្លះៗដែលយើងទាំងអស់គ្នាគួរតែយកមករិះគិតពិចារណាឱ្យបានសុីជម្រៅជាងនេះបន្តិច ដើម្បីបានជាប្រយោជន៍រួមទៅដល់សង្គមជាតិរបស់យើងទាំងអស់គ្នា៖

ក្នុងចំណោមអំពើទាំង៣នៃ«កាយ-វាចា-ចិត្ត» ចិត្តសំខាន់ជាងគេ តែចិត្តក៏ពិបាកមើលយល់ជាងគេដែរ។ ការវាយប្រតប់គ្នា និងពាក្យសំដីត្រគោះបោះបោក ទោះបីជាមើលទៅសាហាវព្រៃផ្សៃ ក៏នៅតែមិនធ្ងន់ធ្ងរដល់ចិត្តគុំគួនគ្នាដែរ។ សំដីផ្អែមល្អែម ទង្វើផ្គាប់ចិត្ត តែប្រសិនបើមានបំណងអាក្រក់ គឺអាក្រក់ហើយ។ រាល់ការសន្និដ្ឋាននិងការវិនិច្ឆ័យ គួរផ្តោតទៅលើចេតនាពីខាងក្នុងឱ្យបានច្រើនជាងកាយវិការ ឬពាក្យសំដីដែលសម្តែងចេញមកខាងក្រៅ។ ពិតមែនហើយថា អ្នកប្រើប្រាស់ពាក្យពេចន៍គួរតែត្រូវបានប្រុងប្រយ័ត្នទៅតាមកាលៈនិងទេសៈនីមួយៗ តែអ្នកវិនិច្ឆ័យពីអត្ថន័យខ្លឹមសារណាមួយនោះ ក៏គួរតែសម្លឹងមើលព្រៃទាំងមូលឱ្យបានច្រើនជាងការពឹងផ្អែកការសន្និដ្ឋានរបស់ខ្លួនតែទៅលើដើមឈើមួយដើម។

ឯកឧត្តម​ឃឹម​ ហ្វីណង់​ បានថ្លែងបន្តទៀតថា «ការនិយាយជាសាធារណៈ(Public Speaking)»ពិតជាលំបាកនិងប្រឈមខ្ពស់ ហើយការជ្រើសរើសពាក្យពេចន៍ខ្លះយកមកប្រើប្រាស់ អាចងាយនឹងត្រូវបានយកទៅបកស្រាយឱ្យខុស ធ្វើឱ្យប្រាស់ចាកឆ្ងាយពីខ្លឹមសារនិងគោលបំណងដើម ងាយនឹងបង្កឱ្យមានការយល់ច្រលំ ជាពិសេសប្រសិនបើត្រូវបានគេកាត់យកត្រឹមតែផ្នែកណាមួយនៃទិដ្ឋភាពរួមយកទៅផ្សព្វផ្សាយ។ ពាក្យថា«អ្នកមាននិងអ្នកក្រ»គឺជាពាក្យដែលនៅរសើបនៅឡើយនៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះ ដោយហេតុថាកត្តាជីវភាពនិងចំណេះដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ហើយក៏ងាយនឹងត្រូវបានគេយកទៅបង្វែរអត្ថន័យ អុចអាលឱ្យផ្ទុះជាកំហឹង និងបង្កើតជាការរើសអើងប្រកាន់វណ្ណៈផងដែរ។ អាចនិយាយបានថា ជម្រើសនៃការប្រើប្រាស់ពាក្យពេចន៍គួរតែត្រូវបានធ្វើឡើងដោយមានការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសសម្រាប់វាគ្មិនដែលហ៊ាននិយាយជាចំហជាសាធារណៈ តែខ្ញុំនៅតែជឿជាក់ថា បងស្រី ហ្គិចលៀង មិនមានចេតនាអាក្រក់នោះទេ។ ធ្លាប់មានវាគ្មិនមុនៗ ដែលមានចេតនាល្អ ចង់ឱ្យមនុស្សខំប្រឹងដើម្បីភាពជោគជ័យ ហើយក៏ត្រូវបានទទួលការសើចចំអក និងរងការរិះគន់ខ្លាំងៗដោយសារតែខ្វះការប្រុងប្រយត្ន័នៃការប្រើប្រាស់ពាក្យពេចន៍ដែលរសើបមួយចំនួនដែរ តែយើងគួរបែងចែកឱ្យច្បាស់រវាង គោលបំណងដ៏ត្រឹមត្រូវមួយ ជាមួយនឹងអចេតនាកម្មនៃការប្រើប្រាស់ពាក្យសំដី។

ការលើកទឹកចិត្តឱ្យមនុស្សខំប្រឹងប្រែង ជៀសវាងពីភាពខ្ជិលច្រអូស ផ្តោតលើការបង្កើតទម្លាប់ល្អៗ ត្រាប់តាមអ្នកជោគជ័យ ខំរៀនពីគេ ខំប្រឹងដូចគេ គឺជារឿងល្អនៅក្នុងសង្គម ហើយគួរតែត្រូវបានលើកទឹកចិត្តឱ្យបានច្រើនឡើងៗ ជាជាងទទួលបានការបន្តុះបង្អាប់។ ពេលខ្លះ វាគួរឱ្យមានការព្រួយបារម្ភដែរ ដែលថា ប្រសិនបើរឿងល្អៗមិនត្រូវបានគេលើកទឹកចិត្ត តើនៅសល់រឿងអ្វីទៀតដែលនឹងត្រូវបានគេយកមកលើកតម្កើងជំនួសវិញ? ការជំរុញឱ្យមានការរើសអើង និងការប្រកាន់វណ្ណៈ ពិតជាមិនអាចផ្តល់នូវសុខដុមនីយកម្មនៅក្នុងសង្គមជាតិរបស់យើងបានឡើយ។

តាមពិតទៅ «ភាពចង់មានបាន»មិនគួរមានអ្វីត្រូវអៀនខ្មាសនោះទេ ហើយវាគឺជារឿងត្រឹមត្រូវណាស់ ដែលអ្នកស្ថិតនៅផ្នែកខាងក្រោមនៃជីវភាពត្រូវតែខិតខំប្រឹងប្រែងប្រែក្លាយខ្លួនឱ្យបានប្រសើរឡើងដូចអ្នកខាងលើ។ អ្នកដែលជួយឱ្យអ្នកដទៃមានបានពិតប្រាកដ និងអ្នកដែលបានសាបព្រោះអំពើ ទោះបីត្រូវបានគេហៅថាជាគ្រូជោគជ័យក៏ដោយ ក៏គួរតែជាអ្នកដែលត្រូវបានសាធារណៈជនឱ្យតម្លៃទៅវិញទេ។ ភាពមានបាននៃទ្រព្យសម្បត្តិ មិនមែនសំដៅតែទៅលើការមានលុយកាក់ច្រើននោះទេ តែវាពាក់ព័ន្ធនឹងការ«មានជម្រើសច្រើន»។ ចំណេះដឹង ភាពឆ្លាតវៃ ភាពជោគជ័យ ក៏សុទ្ធតែពាក់ព័ន្ធទៅនឹងភាពសម្បូរណ៍បែបនៃជម្រើសដែរ។

ហេតុអ្វីបានជាក្នុងជីវិតនេះយើងត្រូវខិតខំប្រឹងប្រែងដើម្បីទទួលបានភាពជោគជ័យ ភាពឆ្លាតវៃ និងចំណេះដឹងបទពិសោធខ្ពង់ខ្ពស់? ចម្លើយនៅត្រង់ថា អ្នកឆ្លាតចង់ធ្វើជាអ្នកពូកែក៏បាន ចង់ធ្វើជាអ្នកល្ងង់ក៏បាន តែអ្នកមិនមានចំណេះដឹងមិនអាចធ្វើពើជាអ្នកឆ្លាតវៃបានទេ។ អ្នកជោគជ័យ អ្នកមានទ្រព្យធនច្រើន បើចង់ធ្វើជាអ្នកហុឺហារក៏ធ្វើបាន តែបើចង់ដាក់ខ្លួនរស់នៅតាមបែបសាមញ្ញក៏មិនមែនជាបញ្ហាចោទនោះដែរ ផ្ទុយទៅវិញ អ្នកដែលមានការខ្វះខាតធនធានពិតជាមិនអាចមានជម្រើសបែបនេះនោះឡើយ។ គេមានលុយច្រើន ទោះគេចង់គេងផ្ទះមិនទៅធ្វើការ ក៏គង់គេមានអីហូបដែរ តែបើយើងអត់លុយវិញ ទោះបីជាការងារនោះជាការងារដែលយើងមិនចូលចិត្ត ហើយមិនចង់ធ្វើ ក៏ត្រូវតែធ្វើវាដើម្បីរស់ដែរ ព្រោះយើងគ្មានសិទ្ធិក្នុងការជ្រើសរើសនោះទេ ដរាបណាយើងមិនទាន់ទទួលបានភាពជោគជ័យនៅឡើយ។

ដូច្នេះហើយទើបជីវិតនេះយើងទាំងអស់គ្នាត្រូវតែខំប្រឹង ប្រឹងដើម្បីភាពជោគជ័យ ប្រឹងដើម្បីក្លាយជាមនុស្សពូកែ ប្រឹងដើម្បី«មានជម្រើសច្រើននៅក្នុងជីវិត»។ យើងទាំងអស់គ្នាគួរចិញ្ចឹមបីបាច់កូនឱ្យក្លាយជាមនុស្សដែលមានជម្រើសច្រើន អាចស៊ូទ្រាំ ស៊ាំធន់ទៅនឹងការលំបាក ថ្នឹកទៅនឹងការដោះស្រាយបញ្ហា និងអាចបត់បែនបានគ្រប់កាលៈទេសៈ។ រៀនលំបាកទុកឱ្យហើយ ត្រៀមជម្រើសច្រើនសម្រាប់ជីវិត បើចៃដន្យល្អ ជីវិតជួបតែរឿងសមប្រកប អ្វីៗប្រព្រឹត្តទៅដោយរលូន ចាត់ទុកថាវាជានិស្ស័យផលបុណ្យល្អទៅចុះ តែបើជីវិតបែរជាជួបឧបសគ្គច្រើនទៅវិញ នោះយើងនឹងមានទុនច្រើនដើម្បីដោះស្រាយវា ព្រោះយើងបានត្រៀមខ្លួនរួចជាស្រេច។

ឯកឧត្តមអភិបាលរងខេត្តសៀមរាបបានបញ្ជាក់យ៉ាងដូច្នេះថា រួមគ្នាជំរុញការបង្កើតវប្បធម៌ខិតខំប្រឹងប្រែងតស៊ូឱ្យបានច្រើននៅក្នុងសង្គមជាតិរបស់យើង លើកទឹកចិត្តឱ្យយើងម្នាក់ៗហ៊ានរៀនដើរនៅលើផ្លូវដែលលំបាក ដើម្បីទទួលបាននូវភាពជោគជ័យរៀងៗខ្លួន ព្រោះភាពជោគជ័យបង្កើតជាជម្រើស ជម្រើសបង្កើតជាសេរីភាព ហើយសេរីភាពខាងផ្នែកផ្លូវកាយនិងផ្លូវអារម្មណ៍គឺជាមូលហេតុចម្បងដែលនឹងនាំមកនូវសុភមង្គលក្នុងជីវិតរបស់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង